ពិធីបុណ្យវប្បធម៌ និងម្ហូបអាហារនិទាឃរដូវឆ្នាំ ២០២៦ បានចាប់ផ្តើមជាមួយនឹងការសម្តែងសិល្បៈវប្បធម៌ដោយសិស្សនៃសាលា Nguyen Du នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលបង្កើតជាបរិយាកាសដ៏រស់រវើក។ ការសម្តែងនេះ មិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងភាពជិតស្និតពិសេសរវាងប្រជាជនឡាវ និងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញទៅដោយបរិយាកាសដ៏រស់រវើកនៃនិទាឃរដូវទៀតផង។
បរិយាកាសកាន់តែមានភាពរស់រវើកជាមួយនឹងការសម្តែងមូដ អាវផាយប្រពៃណីវៀតណាមរបស់សិស្សសាលា។ ភាពគួរឱ្យស្រលាញ់របស់សិស្សថ្នាក់មត្តេយ្យសិក្សា; ទំនុកចិត្ត និងថាមពលរបស់សិស្សបឋមសិក្សា; ភាពស្វាហាប់និងបុគ្គលិកលក្ខណៈរបស់សិស្សវិទ្យាល័យ... បានបង្កើតទិវាបុណ្យមួយដែលពោរពេញដោយស្មារតីនៃបុណ្យតេតប្រពៃណី។ ប្អូន Tran Hieu Anh ជាសិស្សសាលាទ្វេភាសា Nguyen Du បានចែករំលែកថា៖ “នៅពេលចូលរួមក្នុងពិធីបុណ្យនេះ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលខ្លាំងណាស់។ មានទាំងដើមម៉ាក់ខៃ អក្សរជាភាសាវៀតណាម ឬក៏ពាក្យជូនពរក្នុងឱកាសបុណ្យតេតប្រពៃណី សុទ្ធតែធ្វើឱ្យខ្ញុំមានអារម្មណ៍ថាធ្លាប់ស្គាល់ និងមានភាពជិតស្និទ្ធខ្លាំងណាស់ ពីព្រោះសម្រាប់រូបខ្ញុំ អ្វីៗទាំងនេះសុទ្ធតែមានលក្ខណៈប្រជាប្រិយវៀតណាម ជាពិសេស ក្នុងឱកាសបុណ្យតេតមកដល់ ម្តងៗ”។
ព្រឹត្តិការណ៍នេះមានតូបលក់អាហារជាង២០កន្លែង រួមមានមុខម្ហូបប្រពៃណីវៀតណាមដូចជា បាញ់គួន ប៊ុនបូ Hue ដំណាប់ ណែមចៀន និងហ្វើ។ល។ នៅក្នុងព្រឹត្តិការណ៍នេះ សិស្សានុសិស្ស ក៏ដូចជាសមាជិកនៃសហគមន៍ជនវៀតណាមដែលរស់នៅប្រទេសឡាវ និងឪពុកម្តាយសិស្សជនជាតិឡាវ មានឱកាសសាកល្បងរសជាតិម្ហូបអាហារ ឆ្លងបទពិសោធន៍ធ្វើនំអន្សមជ្រុង និងរៀបចំមុខម្ហូបប្រពៃណីរបស់វៀតណាម។ តាមនោះ ពួកគេបានទទួលអារម្មណ៍រស់រវើក និងកក់ក្តៅនៃបុណ្យតេតប្រពៃណីវៀតណាម ហើយកាន់តែស្រឡាញប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាម។
លោកស្រី Nguyen Thi Thanh Huong នាយិកាសាលា បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូតែងតែខិតខំប្រឹងប្រែងដើម្បីបំពេញបេសកកម្មជាជាអ្នកនាំសារនៃវប្បធម៌ ជួយឲ្យសិស្សានុសិស្សឲ្យយល់កាន់តែច្បាស់អំពីប្រទេស វប្បធម៌ និងប្រជាជនវៀតណាម។ តាមរយៈសកម្មភាពឆ្លងបទពិសោធន៍ដូចជាការរៀបចំផ្កាម៉ាក់ខៃ និងផ្កាអង្គាសីល ការធ្វើកាតជូនពរឆ្នាំថ្មី ការវេចនំអន្សម ធ្វើដំណាប់ រៀបចំម្ហូបអាហារប្រពៃណី ការសម្តែងសិល្បៈ និងការចូលរួមក្នុងល្បែងប្រជាប្រិយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ សិស្សានុសិស្សបានលង់ខ្លនក្នុងបរិយាកាសដ៏រស់រវើក និងកក់ក្តៅនៃបុណ្យតេតប្រពៃណី។
“យើងមានស្តង់ទំនិញជាច្រើនចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងអំឡុងពេលពិធីបុណ្យ យើងក៏រៀបចំល្បែងប្រជាប្រិយ និងការប្រកួតប្រជែងផ្សេងៗសម្រាប់ឪពុកម្តាយ សិស្សានុសិស្ស និងសូម្បីតែភ្ញៀវក៏អាចចូលរួមផងដែរ”។
អាចមើលឃើញថា ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសសម្រាប់អំណរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដើម្បីឧទ្ទេសនាមអំពីប្រទេសជាតិ និងប្រជាជនវៀតណាមតាមរយៈការថតរូបសិល្បៈ និងមុខម្ហូបប្រពៃណី ដែលជួយសិស្សានុសិស្ស ដែលជាកូនចៅរបស់អាណិកជនវៀតណាម ឱ្យយល់កាន់តែច្បាស់អំពីតម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ក្នុងឱកាសបុណ្យតេតប្រពៃណីផងដែរ។
"នេះជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យម្ហូបអាហារនៅសាលា។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួម វាជួយឱ្យខ្ញុំកាន់តែជិតស្និតជាមួយវប្បធម៌ម្ហូបអាហារវៀតណាម ហើយជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីប្រទេសវៀតណាមយើង"។
"នេះជាលើកដំបូងដែលខ្ញុំបានរាំរបាំដំបងឫស្សី។ ខ្ញុំមានអារម្មណ៍ថាសាលាបានរៀបចំល្បែងប្រជាប្រិយនេះ ដើម្បីសិស្សានុសិស្សអាចរៀនអំពីល្បែងប្រជាប្រិយដែលឪពុកម្តាយ និងជីដូនជីតារបស់យើងធ្លាប់លេងក្នុងអតីតកាលនៅវៀតណាម"។
សាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du គឺជាសាលាមួយដែលបង្រៀនភាសាវៀតណាម និងភាសាឡាវចាប់ ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់វិទ្យាល័យ។ បច្ចុប្បន្ន សាលាមានសិស្សជាង ១.០០០ នាក់ ដែលក្នុងនោះ ៣០% ជាកូនចៅអាណិកជនវៀតណាម។ ពិធីបុណ្យវប្បធម៌ និងម្ហូបអាហារដើម្បីអប់អរសាទរបក្ស អប់អរសាទរនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ គឺជាសកម្មភាពក្រៅកម្មវិធីសិក្សាដ៏មានអត្ថន័យជាក់ស្តែង ដែលមិនត្រឹមតែជួយសិស្សវៀតណាមជំនាន់ទីបី និងទីបួនឱ្យរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមដល់សិស្សជនជាតិឡាវទៀតផង៕






