កម្មវិធីនេះត្រូវបានរៀបចំឡើងលើឆាកសម្តែងផ្ទាល់នៅលើផ្ទៃដី ២.៧០០ ម៉ែត្រការ៉េ ដែលចែកចេញជាពីរប្លុក តំណាងឱ្យតំបន់ភាគខាងជើង និងខាងត្បូង នៅកណ្តាលមានរូបភាពស្ពាន Hien Luong ឆ្លងកាត់ទន្លេ Ben Hai ។
កម្មវិធីនេះប្រើប្រាស់ប្រព័ន្ធសំឡេង soundscape ទំនើប រួមផ្សំជាមួយនឹងពន្លឺឡាស៊ែរ ដើម្បីបញ្ចាំងឈុតឆាកដ៏គួរអោយរំភើបចិត្ត ដូចជា៖ កម្លាំងកងទ័ពធ្វើដំណើរឆ្លងកាត់ព្រៃ Truong Son រថក្រោះសម្រុកចូលវិមានឯករាជ្យ ទូកមួយគ្រឿងឆ្លងកាត់ទន្លេ Ben Hai...។ ការសម្តែងសិល្បៈបានរំលឹកពីសម័យកាលនៃការតស៊ូដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ រីកសាយភាយសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។ ចំណុចលេចធ្លោនៃកម្មវិធីគឺការធ្វើដំណើរ “ការសន្យាខាងជើង-ខាងត្បូង” របស់អតីតយុទ្ធជនចំនួន ១២០នាក់ វិលត្រឡប់ទៅកាន់សមរភូមិចាស់ ពីទីក្រុងហាណូយ ទៅកាន់តំបន់ខ្ពង់រាបភាគកណ្តាល ទៅកាន់ខេត្ត Binh Phuoc ខេត្ត Tay Ninh និងទីក្រុងហូជីមិញ ជាកន្លែងដែលបានបន្សល់ទុកនូវស្នាមដានជើងរបស់ពួកគេ។
លោកវរសេនីយ៍ឯក Pham Van Tu នាយកមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍កងទ័ព អង្គភាពអនុវត្តកម្មវិធីបានឲ្យដឹងថា៖ “ចំណុចលេចធ្លោគឺការសម្តែងផ្ទាល់ ដោយមានការចូលរួមពីរថពាសដែក ដែលបានចូលរួមសមរភូមិលើផ្លូវ Truong Son ហើយមានការរួមផ្សំគ្នាយ៉ាងប្រណិតរវាងរឿងរ៉ាវប្រវត្តិសាស្ត្រ និងការសំដែងផ្ទាល់ ជួយឱ្យទស្សនិកជនវ័យក្មេងទទួលអារម្មណ៍នៃការប្តេជ្ញាចិត្តរបស់ប្រទេសជាតិទាំងមូល និងជាពិសេសភាពកាចសាហាវនៃសង្រ្គាម ដើម្បីគោរពសន្តិភាពនិងព្យាយាមលើកតម្កើងស្មារតីនោះ សំដៅកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។
នៅចុងបញ្ចប់នៃកម្មវិធី ទស្សនិកជនបានរីករាយជាមួយការបាញ់កាំជ្រួចផ្ការយៈពេល ១៥ នាទី នៅលើសាច់ភ្លេងនៃបទចម្រៀង "ដូចមានលោកអ៊ំ ហូ នៅថ្ងៃនៃមហាជ័យជំនះ" ៕