អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងថា ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានពិភាក្សាអំពីបច្ចេកទេសត្រួតពិនិត្យសម្រាប់តំបន់សាកល្បងការបោះសម្អាតគ្រាប់បែកមីន ក្នុងតំបន់អាទិភាពនៅតាមព្រំដែនរួម។ កិច្ចប្រជុំនេះបានអនុវត្តតាមគោលការណ៍ និងនីតិវិធីប្រតិបត្តិដែលបានព្រមព្រៀងគ្នាដោយក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ ស្តីពីការបោះសម្អាតគ្រាប់បែកមីនមនុស្សធម៌។ លោកស្រីក៏បានបញ្ជាក់ថា ការងារបោះសម្អាតគ្រាប់បែកមីនមនុស្សធម៌ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការគោរពគ្នាទៅវិញទៅមក៕






