នៅប៉ុន្មានថ្ងៃដើមឆ្នាំ ២០២៦ ស្ថានទូតថៃប្រចាំទីក្រុងហាណូយ បានរៀបចំពិធីប្រគល់ពានរង្វាន់សម្រាប់ការប្រឡងផលិតវីដេអូខ្លី ក្រោមប្រធានបទ “លើសពីព្រំដែន៖ កំណត់ហេតុជារូបភាពអំពីចំណងមិត្តភាពថៃ-វៀតណាម”។ នេះគឺជាសកម្មភាពមួយនៃកម្មវិធី “ចំណងមិត្តភាពថៃ-វៀតណាម” ឆ្នាំ ២០២៥ ដែលរៀបចំឡើងជាប្រចាំ ដោយស្ថានទូតថៃប្រចាំនៅវៀតណាម អស់រយៈពេល ១៤ ឆ្នាំកន្លងទៅ។ ថ្លែងនៅក្នុងពិធីនេះ លោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម បានឲ្យដឹងថា៖ «ប្រការដ៏ថ្លៃថ្លាបំផុតនោះ គឺយុវជននៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រុំទំនាក់ទំនងដ៏ជិតស្និទ្ធ។ នេះជាប្រការដែលស្ថានទូតតែងតែខិតខំឆ្ពោះទៅរក។ ដូចនឹងចំណងមិត្តភាពយូរអង្វែងរវាងស្ថានទូត និងមិត្តភក្តិវៀតណាមជាច្រើនដែរ យើងកំពុងមើលឃើញយុវជនជំនាន់ក្រោយដែលមានផ្នត់គំនិតឯករាជ្យ មានសមត្ថភាពបង្ហាញ និងចែករំលែកទស្សនៈផ្ទាល់ខ្លួន។ នេះមិនត្រឹមតែរួមចំណែកលើកកម្ពស់ការយល់ដឹងលើសពីខ្សែព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក រវាងជំនាន់ជាច្រើនទៀតផង»។
នៅឆ្នាំ ២០២៥ និស្សិតវៀតណាមចំនួន ១៨ នាក់មកពីគ្រឹះស្ថានអប់រំជាច្រើននៅទីក្រុងហាណូយ និងខេត្តឌៀនបៀន បានចូលរួមក្នុងសកម្មភាពឆ្លងបទពិសោធន៍ជាបន្តបន្ទាប់នៅទីក្រុងបាងកក ខេត្តអាយុធ្យា (Ayutthaya) និងខេត្តនគរភ្នំ (Nakhon Phanom) ជាគោលដៅដែលពោរពេញទៅដោយសញ្ញាសម្គាល់នៃប្រវត្តិសាស្ត្រ វប្បធម៌ និងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងថៃ។ ក្រៅពីការទស្សនាកម្សាន្តនិងសិក្សាស្វែងយល់ពីវប្បធម៌ និស្សិតវៀតណាមក៏បានប្រាស្រ័យដោយផ្ទាល់ជាមួយនិស្សិតនិងប្រជាជនថៃ ដោយរួមគ្នារស់នៅ សន្ទនា ចម្អិនអាហារ និងចែករំលែករឿងរ៉ាវប្រចាំថ្ងៃ។
«អ្វីដែលខ្ញុំពេញចិត្តបំផុតនោះគឺ ខ្ញុំទទួលបានប្រការមួយដែលខ្ញុំមិនដែលគិតថាអាចសម្រេចបានយ៉ាងងាយស្រួលនោះ គឺចងមេត្រីភាពជាមួយមិត្តភក្តិថ្មីៗជាច្រើន មកពីប្រទេសថ្មី និងនៅតែរក្សាទំនាក់ទំនងជាមួយគ្នា អាចជជែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការសិក្សា ទោះបីជារស់នៅប្រទេសពីរផ្សេងគ្នា និងនិយាយភាសាពីរផ្សេងគ្នាក៏ដោយ។ ខ្ញុំគិតថា ចំណងមិត្តភាពបែបនេះមិនងាយស្រួលសម្រេចបានទេ»។
«នៅខេត្ត Nakhon Phanom យើងបានទៅទស្សនាភូមិទេសចរណ៍ Tai Kuan ។ យើងត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយលោកយាយ លោកមីងនៅទីនេះ។ មនុស្សគ្រប់គ្នាពិតជាគួរឱ្យស្រលាញ់ណាស់។ ពួកយើងថែមទាំងត្រូវបានលោកយាយ លោកមីង បង្រៀនរាល់ក្បាច់រាំ និងរបាំប្រពៃណីថៃទៀតផង។ ជាពិសេស តាមរយៈសកម្មភាពនេះ ខ្ញុំថែមទាំងមានអ្នកម្តាយម្នាក់ទៀតនៅថៃផងដែរ។ នេះប្រហែលជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានបំផុតមួយ ក្នុងដំណើរកម្សាន្តលើកនេះ»។
ចំណុចលេចធ្លោមួយនៃកម្មវិធី “ចំណងមិត្តភាពថៃ-វៀតណាម” ឆ្នាំ ២០២៥ គឺការប្រឡងផលិតវីដេអូខ្លី ក្រោមប្រធានបទ “លើសពីព្រំដែន៖ កំណត់ហេតុជារូបភាពអំពីមិត្តភាពថៃ-វៀតណាម”។ ដោយប្រើប្រាស់ទូរស័ព្ទដៃតែប៉ុណ្ណោះ ក្រុមនិស្សិតបានកត់ត្រាបទពិសោធន៍នៅពេលចូលរួមកម្មវិធីនេះ តាមទស្សនៈផ្ទាល់ខ្លួន ដែលពិតប្រាកដនិងសាមញ្ញផង និងពោរពេញទៅដោយចំណាប់អារម្មណ៍ផង។
«យើងរក្សាស្មារតីនៃប្រធានបទរួមគឺ ចំណងមិត្តភាពឆ្លងព្រំដែនរវាងវៀតណាម និងថៃ ហើយបានប្រើប្រាស់ទិដ្ឋភាពដែលថា តើយើងអាចស្វែងរកមិត្តភាពបាននៅទីណា។ នោះគឺយើងអាចស្វែងរកមិត្តភាពបាននៅគ្រប់ទីកន្លែង ចាប់ពីទិដ្ឋភាពតូចតាចបំផុតដូចជា ជីវភាពរស់នៅប្រចាំថ្ងៃ ម្ហូបអាហារ ភាសានិយាយ ប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម»។
«សារដ៏ធំបំផុតដែលពួកយើងចង់បង្ហាញ ក៏មាននៅក្នុងវីដេអូនេះដែរ។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត ដោយផ្អែកលើមូលដ្ឋាននៃការតភ្ជាប់រវាងប្រជាជននិងប្រជាជន ភាពស្រដៀងគ្នាអំពីវប្បធម៌ សម្រស់ស្អាតដែលប្រជាជននៃប្រទេសទាំងពីរបានថែរក្សា និងជះឥទ្ធិពលទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាភាពស្មោះត្រង់ដែលផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគី។ ហើយទំនាក់ទំនងនេះ នឹងបន្តរឹងមាំថែមទៀតនាពេលអនាគត»។
ចំណងមិត្តភាពមិនត្រឹមតែត្រូវបានពូនជ្រុំនៅថ្នាក់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានថែរក្សាដោយឥតឈប់ឈរតាមរយៈការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ជាពិសេសពីយុវជនជំនាន់ក្រោយ។ នៅពេលដែលយុវជនរៀនភាសាគ្នាទៅវិញទៅមក បានយល់ដឹងអំពីវប្បធម៌របស់គ្នាទៅវិញទៅមក និងត្រៀមខ្លួនជាស្រេចដើម្បីអំដំណើរជាមួយគ្នានាពេលអនាគត នៅពេលនោះ ខ្សែព្រំដែនលែងជាចម្ងាយទៀតហើយ ប៉ុន្តែក្លាយជាចំណុចចាប់ផ្ដើមនៃការតភ្ជាប់៕









