សិក្ខាសាលានេះមានគោលបំណងវាយតម្លៃសមិទ្ធិផលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៩ របស់ការិយាល័យនយោបាយស្តីពីការកសាងនិងអភិវឌ្ឍន៍ខេត្ត Khanh Hoa ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ទន្ទឹមនឹងនោះ ស្នើរដំណោះស្រាយឈានឆ្ពោះទៅសម្រេចគោលដៅកសាងខេត្ត Khanh Hoa ក្លាយទៅជាទីក្រុងចំណុះមជ្ឈិម នៅឆ្នាំ ២០៣០។
ថ្លែងមតិក្នុងសិក្ខាសាលា លោក Tran Quoc Nam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានអះអាងថា គោលដៅនាំខេត្ត Khanh Hoa ក្លាយជាទីក្រុងទី ៧ ចំណុះមជ្ឈិមទូទាំងប្រទេស កំពុងក្លាយជាការពិតបន្តិចម្តងៗ។ បន្ទាប់ពីបង្ហើយការរៀបចំអង្គភាពរដ្ឋបាល លំហរអភិវឌ្ឍន៍របស់ខេត្តត្រូវបានបើកទូលាយ បង្កើតជាតំបន់ថាមវន្តសេដ្ឋកិច្ចថ្មីមួយ ដែលមានរចនាសម្ព័ន្ធអភិវឌ្ឍន៍ពហុវិស័យ។ នាបច្ចុប្បន្ន ខេត្ត Khanh Hoa មានធនធានយុទ្ធសាស្ត្រដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ សួនឧស្សាហកម្ម និងជាពិសេសតំបន់ផែនការរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan ដែលជាសសរស្តម្ភដ៏មានសក្តានុពលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិនាពេលខាងមុខ។
“ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ខេត្ត Khanh Hoa បានកំណត់យ៉ាងច្បាស់នូវឧបសគ្គធំៗ ចំនួនបី ដែលចាំបាច់ត្រូវផ្តោតទៅលើការពន្លឿនការអភិវឌ្ឍ៖ ការធ្វើសមកាលកម្មការបំពេញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការលើកកំពស់គុណភាពធនធានមនុស្ស និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយទាំងស្រុងនូវគម្រោង និងការងារដែលនៅបន្តអូសបន្លាយ។ ខេត្ត Khanh Hoa កំពុងខិតខំប្រឹងប្រែងអនុវត្តសមកាលកម្មភារកិច្ច យោងតាមសេចក្តីសម្រេចចិត្តលេខ ០៩ របស់ការិយាល័យនយោបាយ សេចក្តីសម្រេចចិត្តលេខ ០១ របស់គណៈកម្មាធិការបក្សខេត្ត ស្តីពីកំណើនសេដ្ឋកិច្ចពីរខ្ទង់ និងសម្រេចបានគោលដៅក្លាយជាទីក្រុងចំណុះមជ្ឈិម នៅឆ្នាំ ២០៣០”។
នៅក្នុងសិក្ខាសាលា អ្នកជំនាញ អ្នកគ្រប់គ្រង និងធុរកិច្ចបានវិភាគយ៉ាងស៊ីជម្រៅអំពីគុណសម្បត្តិរបស់ខេត្ត Khanh Hoa ដូចជា៖ ទីតាំងយុទ្ធសាស្ត្រនៅតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសមកាលកម្ម សក្តានុពលសម្រាប់ការអភិវឌ្ឍភស្តុភារ សេដ្ឋកិច្ចសមុទ្រ និងឧស្សាហកម្មទេសចរណ៍។ ទន្ទឹមនឹងនោះ មតិជាច្រើនបានសង្កត់ធ្ងន់ថា ការកសាងរដ្ឋាភិបាលឌីជីថល ការអនុវត្តបញ្ញាសិប្បនិមិត្ត ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទិន្នន័យនិងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាគន្លឹះសម្រាប់ខេត្តស្ទុះឈានឡើងក្នុងដំណាក់កាលថ្មី៕