កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើទិដ្ឋភាពទាំងបី៖ គឺពង្រឹងសាមគ្គីភាពក្នុងប្លុក ធ្វើឲ្យស៊ីជម្រៅជាងទៀត នូវកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងស្ថាបត្យកម្មតំបន់និងពិភពលោក ។ ចែករំលែកនូវលទ្ធផលនៃកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក ត្រឹន ឌឹក ប៊ិញ ប្រធាននាយកដ្ឋានអាស៊ាន ក្រសួងការបរទេស វៀតណាមបានឲ្យដឹងថា៖ សញ្ញាសម្គាល់សំខាន់ដំបូងគឺការអះអាងយ៉ាងមុតមាំនូវតម្លៃជានិរន្តរ៍នៃសាមគ្គីភាពក្នុងអាស៊ាន។ សាមគ្គីភាពមិនត្រឹមតែជាការបន្តប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងពិតប្រាកដនិងជាត្រីវិស័យ ដើម្បីដឹកនាំអាស៊ានជំនះពុះពារគ្រប់ឧបសគ្គ ឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជារឹងមាំក្នុងការប្រឈមមុខនឹងការលំបាក។ ប្រទេសអាស៊ានទាំងអស់សុទ្ធតែចាត់ទុក សាមគ្គីភាពជាលក្ខខ័ណ្ឌចម្បង សម្រាប់អាស៊ានក្នុងការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រ និងសម្របខ្លួនយ៉ាងសកម្មទៅនឹងពិភពលោកដែលពោរពេញដោយការប្រែប្រួល។
អំពីការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមនៅបណ្តាកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត ត្រឹន ឌឹក ប៊ិញ បានអះអាងថា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានចូលរួម និងរួមចំណែកសំខាន់ៗ ចំពោះជោគជ័យនៃកិច្ចប្រជុំ។
វៀតណាមក៏បានបង្ហាញពីតួនាទីដឹកនាំរបស់ខ្លួនដោយធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួនពីរជាមួយចក្រភពអង់គ្លេស និងនូវែលសេឡង់; ធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន និងមេគង្គ-កូរ៉េខាងត្បូង ដែលត្រូវបានប្រទេសដៃគូគាំទ្រនិងវាយតម្លៃខ្ពស់៕