• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អះអាងនិងអនុវត្តន៍គោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម

តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph Robinette Biden Jr.(Joe Biden) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៧ ខែឧសភា។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាននឹងចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួប ៤៥ ឆ្នាំ នៃភាពជាដៃគូអាស៊ាន-អាមេរិក ក្នុងអំឡុងថ្ងៃទី ១២ និង១៣ ខែឧសភា នៅទីក្រុង Washington DC នៃសហរដ្ឋអាមេរិក។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ VGP)  

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បន្តអះអាងពីគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងម្ចាស់ការ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមិត្តនិងជាដៃគូដែលអាចជឿទុកចិត្ត និងជាសមាជិកសកម្ម មានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

លើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ក្រោយរយៈពេល ២៧ ឆ្នាំនៃការធ្វើប្រក្រតីភាពមក ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកបានបោះជំហានទៅមុខគួរឲ្យចាប់អារម្មណ៍ ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍រួម គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរគឺជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័សនិងប្រកបដោយស្ថិរភាព ដោយសម្រេចបានជាង ១១១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ កើនឡើងជិត ២១ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងឆ្នាំ ២០២០។សហរដ្ឋអាមេរិកបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលវៀតណាមយកចិត្តទុកដាក់ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពល និងសេដ្ឋកិច្ចឌីជីថល។

នាពេលកន្លងមក ប្រទេសទាំងពីរបានសហប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការស្តារខឿនសេដ្ឋកិច្ចឡើងវិញ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ដោះស្រាយផលវិបាកនៃសង្គ្រាម គឺបន្តបានថែរក្សា និងលើកកំពស់ជានិច្ច។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអប់រំនិងបណ្តុះបណ្តាល ព្រមទាំងការផ្លាស់ប្តូរអំពីបញ្ហាដែលតំបន់និងអន្តរជាតិយកចិត្តទុកដាក់ដូចគ្នា។ ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអះអាងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជំរុញកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម រួមគ្នាឆ្ពោះទៅអនាគ៖ “ដំណើរទស្សនកិច្ចទាំងអស់នេះគឺជាឱកាសដ៏ល្អសម្រាប់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា នាពេលអនាគត នឹងស្វាគមន៍ប្រធានាធិបតីរបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។ ខ្ញុំគិតថា កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាពេលខាងមុខ គឺជាឱកាសដ៏ល្អសម្រាប់សហរដ្ឋអាមេរិកក្នុងការស្វាគមន៍មេដឹកនាំក្នុងតំបន់ រួមទាំងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផងដែរ។ ខ្ញុំមិនអាចនិយាយថា យើងនឹងធ្វើអ្វីបានទេ ប៉ុន្តែ វៀតណាមនិងសហរដ្ឋអាមេរិកនឹងធ្វើបានសម្រេចអ្វីៗទាំងអស់ជាមួយគ្នាដែរ”។

ដោយឈរលើមូលដ្ឋាននោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងដៃគូអាមេរិកនឹងមានការផ្លាស់ប្តូរជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ហើយជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

ជំរុញយ៉ាងសកម្មទំនាក់ទំនងអាស៊ាន-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-អាមេរិកនាថ្ងៃទី ១២ និង ១៣ ខែឧសភា នៅទីក្រុង Washington, D.C។

សកម្មភាពនេះគឺជាការបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងអាស៊ាន និងអាមេរិក ដោយបញ្ជាក់ពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់ការជួបប្រស្រ័យគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖  “កិច្ចប្រជុំលើកនេះនឹងក្លាយជាឱកាសមួយសម្រាប់បណ្តាមេដឹកនាំ ដើម្បីបង្ហាញនិងឧទ្ទេសនាម ក៏ដូចជាពិគ្រោះយោបល់គ្នាទៅវិញទៅមក អំពីទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ ហើយក៏ជាឱកាសសម្រាប់មេដឹកនាំអាស៊ាន បញ្ចេញមតិយោបល់ ក៏ដូចជាការលើកសំណើរតាមទស្សនៈរបស់អាស៊ាន អំពីរបៀបដែលអាមេរិកគួរខិតទៅជិតតំបន់នេះយ៉ាងដូចម្តេច ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់តំបន់ទាំងមូល ទាំងអាស៊ាននិងអាមេរិកផងដែរ។ លទ្ធផលនេះ ប្រាកដថា នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរនាពេលខាងមុខ ក៏ដូចជាគោលនយោបាយរបស់ភាគីនីមួយៗចំពោះតំបន់ និងចំពោះគ្នាទៅវិញទៅមកផងដែរ”។

នៅក្នុងកិច្ចប្រជុំលើកនេះ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងស្មារតីស្មោះត្រង់ ជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-អាមេរិក ឲ្យឡើងកម្ពស់ថ្មី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ នេះក៏ជាឱកាសសម្រាប់មេដឹកនាំវៀតណាមជួបសន្ទនាដោយផ្ទាល់ជាមួយមេដឹកនាំអាស៊ាន ដើម្បីជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យសំខាន់ណាស់ សំដៅអនុវត្តន៍គោលនយោបាយការបរទេសយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម បញ្ជាក់ពីឋានៈ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់មួយរបស់អាស៊ាន។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព ស៊ីជម្រៅ និងស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព និងស្ថិរភាពពិភពលោក រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សហគមន៍ជនវៀតណាមនៅអាមេរិកដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

សហគមន៍ជនវៀតណាមនៅអាមេរិកដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រី បានសម្តែងការយោគយល់ជាមួយជនរួមជាតិ ដែលរស់នៅឆ្ងាយពីមាតុភូមិ ពីស្រុកកំណើត; ថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់បងប្អូនអាណិកជនវៀតណាមសម្រាប់ប្រទេសជាតិ ក៏ដូចជាក្នុងការរួមចំណែកពូនជ្រុំទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ។

Top