នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បានអះអាងថា វៀតណាមកំពុងជំរុញការផ្លាស់ប្តូរស្ថាប័ន កែលម្អបរិយាកាសវិនិយោគ ទាក់ទាញវិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុធំៗ ជាពិសេសលើវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត (AI) ឧបករណ៍អេឡិចត្រូនិកនិងថាមពលកកើតឡើងវិញ; ដោយសង្ឃឹមថា លោក Tony Blair នឹងជួយវៀតណាមតភ្ជាប់ទំនាក់ទំនងអន្តរជាតិ និងផ្តល់អនុសាសន៍យុទ្ធសាស្ត្រ។
រីឯខ្លួនវិញ លោក Tony Blair បានវាយតម្លៃថា ការសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់វៀតណាម គឺជាការសម្រេចចិត្តត្រឹមត្រូវ និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសរបស់វៀតណាមសម្រាប់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ។ លោកបានបញ្ជាក់ថា នេះជាជំហានចាំបាច់មួយ ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ហើយជឿជាក់ថា ការកសាងបរិយាកាសផ្លូវច្បាប់ប្រកបដោយតម្លាភាពនិងបង្កើតឱកាសវិនិយោគថ្មីៗ គឺជាកត្តាសំខាន់ ហើយបានព្រមព្រៀងចែករំលែកបទពិសោធន៍អន្តរជាតិជាក់ស្តែង។
ក្នុងវិស័យថាមពល លោកបានចាត់ទុកថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនិងថាមពលនុយក្លេអ៊ែរ។ សង្កត់ធ្ងន់លើសក្ដានុពលនៃការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅវៀតណាម ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទឹក និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
នាថ្ងៃដដែល នៅទីក្រុងឡុងដ៍ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវិនិយោគផ្ទាល់ពីបរទេស (FDI) ផងដែរ៕