• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា

តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម  និងព្រះរាជាណាចក្រកម្ពុជា ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ​រវាងនាយករដ្ឋមន្ត្រីទាំងពីរ។ (រូបថត៖ VNA)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

១. តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបសម្តែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងទទួលជំនួបសម្តែងការគួរសមពីលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងសម្ដែងការគោរពនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ» នៅវិមានឯករាជ្យ និងនៅស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងបានទៅគ្រឹះស្ថានធុរកិច្ចវៀតណាមមួយចំនួននៅកម្ពុជាផងដែរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាកម្ពុជា-វៀតណាម ស្តីពីការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ឆ្នាំ២០២២។

២. លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក៏មានជំនួបទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងបរិយាកាសដ៏រីករាយនៃ ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ២០២២-។ នៅក្រោមបរិយាកាសនៃមិត្តភាព ការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំប្រទេសទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្ននៅរបស់ប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ដែលជាប្រយោជន៍ និងកង្វល់រួម។

៣. សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀតបានសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងអំឡុងពេលនៃការកសាង កំណែទម្រង់ និងការអភិវឌ្ឍជាតិ ព្រមទាំងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមាន លោក Nguyen Phu Trong ជាអគ្គលេខាបក្ស ឱ្យទទួលបានជោគជ័យក្នុងការអនុវត្តសេចក្ដីសម្រេចរបស់មហាសន្និបាតបក្សលើកទី ១៣ និងទទួលបានវឌ្ឍនភាពសំខាន់ ៗ ឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសឧស្សាហកម្មដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗ ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជដឹកនាំប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងវាងវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអំឡុងពេលនៃការអភិវឌ្ឍជាតិ និងជាពិសេសក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេល ព្រមទាំងជំរុញការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរដល់ថ្នាក់ដឹកនាំកម្ពុជាចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ និងជូនពរកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខ ក៏ដូចជាសម្រេចបានគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

៤. ដោយមានបំណងប្រាថ្នារួមក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យបានកាន់តែរីកចម្រើនស្របតាមពាក្យស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តឱ្យបានពេញលេញនូវគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាមក្នុងឆ្នាំ ១៩៩៩, ២០០៥, ២០០៩, ២០១១,២០១៤, ២០១៦, ២០១៧, ២០១៩ និង ២០២១ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។

 

៥. ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកោតសរសើរចំពោះការរៀបចំសកម្មភាពនានាដ៏មានអត្ថន័យប្រកបដោយជោគជ័យក្នុងអំឡុង ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា២០២២» ជាពិសេសការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៥ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពនៃនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នៅខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា និងខេត្តប៊ិញ ភឿក ប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ និងការប្រារព្ធជាឧឡារិកនូវខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ។

 

៦. ភាគីកម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់កងទ័ព និងប្រជាជនវៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យក្នុងទស្សវត្សរ៍១៩៧០ និង១៩៨០ និងការគាំទ្ររបស់វៀតណាមចំពោះការកសាង និងអភិវឌ្ឍជាតិ។ ភាគីវៀតណាមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់ប្រជាជនកម្ពុជាក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាមនៅក្នុងទសវត្សរ៍១៩៦០ និង១៩៧០ និងការគាំទ្ររបស់កម្ពុជា ចំពោះការកសាង និងអភិវឌ្ឍជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញ និងពង្រឹងស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អសាមគ្គីភាព ការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

 

៧. ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍប្រកបដោយផ្លែផ្កានៃទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងការជម្នះនូវបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានបន្តពង្រឹងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់តាមគ្រប់រូបភាព និងការពិភាក្សាជាប្រក្រតីតាមមធ្យោបាយទំនាក់ទំនងនានា ដោយធានាឱ្យបាននូវការបន្តប្រតិបត្តិការនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្ដេជ្ញាក្នុងការបន្តពង្រឹង និងអភិវឌ្ឍបន្ថែមទៀតនូវចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានស៊ីជម្រៅ និងទូលំទូលាយប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព ដោយចាត់ទុកការណ៍នេះថាជាតម្រូវការដែលមានលក្ខណៈសត្យានុម័ត និងមិនអាចខ្វះបានរបស់ប្រទេសទាំងពីរ។ ក្រៅពីការរក្សាឲ្យមានដំណើរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិតឱ្យបានញឹកញាប់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅត្រីមាសទី ១ ឆ្នាំ ២០២៣ និងសន្និសីទលើកទី ១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមនៅពេលវេលាសមស្របនៅឆ្នាំ២០២៣ នៅប្រទេសវៀតណាម។

 

៨. ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដែលនឹងរួមចំណែកដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចមួយដែលឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងខណៈដែលធានាឱ្យបាននូវសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាស្ថាប័ន និងគោលនយោបាយ ដែលរួមបញ្ចូលទាំងការពន្លឿនការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ ២០៣០។

 

ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដោយមានសមតុល្យ និងមានភាពបំពេញឱ្យគ្នាទៅវិញទៅមកកាន់តែច្រើន ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញបន្ថែមទៀតនិងសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនដែលត្រូវបានចុះហត្ថលេខាថ្មីៗនេះ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន។ ដោយឈរលើមូលដ្ឋាននេះ ភាគីទាំងពីរប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅរវាងខេត្តជាប់ព្រំដែន។ ភាគីទាំងពីរក៏បានប្តេជ្ញាលើកកម្ពស់ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ ជាមួយនឹងការចុះហត្ថលេខា និងអនុវត្តកិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលទាំងពីរស្ដីពីការកំណត់ដើមកំណើតនៃសម្ភារៈកង់ និងគ្រឿងបន្លាស់ដែលអាចទទួលបាននូវប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយផល និងអនុគ្រោះបន្ថែមទៀតសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក និងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ភាគីទាំងពីរបានឯកភាពគ្នាផ្ដល់កិច្ចសម្របសម្រួលដ៏មានប្រសិទ្ធភាពដល់វិនិយោគិន និងសហគ្រាសពីប្រទេសមួយទៅធ្វើប្រតិបត្តិការនៅប្រទេសម្ខាងទៀត ក៏ដូចជាធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ ព្រមទាំងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

 

៩. ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខដោយផ្អែកលើគោលការណ៍ ដែលមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ ភាគីទាំងពីរបានអះអាងសាជាថ្មីថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគា្ន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនានាដែលបានចូលជាធរមាន និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវយន្តការដែលមានស្រាប់លើកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ដើម្បីពង្រឹងការសម្របសម្រួលក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការការពារផ្នែកកុងស៊ុលដល់ប្រជាជន ស្របតាមអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងកុងស៊ុល ឆ្នាំ១៩៦៣ ក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែននានាដូចជា ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ភាគីទាំងពីរក៏បានឯកភាពបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរក ការទៅយកនិងប្រគល់ជូនវិញនូវអដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជាពន្លឿនការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេសវៀតណាមមកប្រទេសកម្ពុជា ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

 

១០.ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តជាមួយនឹងការសម្រេចបានប្រមាណ៨៤%នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងកោតសរសើរចំពោះកិច្ចបន្តខិតខំប្រឹងប្រែងរបស់គណកម្មាធិការចម្រុះព្រំដែនកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះកិច្ចការដែលនៅសេសសល់១៦% ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលសម្រេចបានរវាងប្រទេសទាំងពីរ ដើម្បីកសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពលើតម្រូវការក្នុងការចុះកិច្ចព្រមព្រៀងស្ដីពីច្រកព្រំដែនគោករវាងប្រទេសទាំងពីរ ដែលនឹងជំនួសបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែននាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពក្នុងការលើកកម្ពស់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖ តាមរយៈការបើក និងដំឡើងកម្រិតច្រកព្រំដែនដែលបានព្រមព្រៀងគ្នាដោយប្រទេសទាំងពីរ និងបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមទៅជា ច្រកព្រំដែនដែលបានកំណត់សម្រាប់ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនទំនិញរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលវៀតណាមដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។

 

១១. ភាគីទាំងពីរក៏បានឯកភាពជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា កិច្ចការច្បាប់ និងយុត្តិធម៌ ការងារ និងសង្គមកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព័ត៌មាន និងគមនាគមន៍ ការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ ការអប់រំ និងបណ្តុះបណ្តាល សុខភាពសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ កីឡា ការដឹកជញ្ជូន ធនាគារ និងហិរញ្ញវត្ថុ កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងការអនុវត្តច្បាប់ដែនសមុទ្រ ជាដើម។

 

១២. លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ បានសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ដល់ព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្តគាំទ្រ និងការមិនរើសអើងចំពោះប្រជាជនដើមកំណើតវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

 

១៣. ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងក្របខណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងសកលលោក និងក្នុងតំបន់ ព្រមទាំងក្នុងវេទិកាអនុតំបន់ដែលរួមមាន យន្តការនានានៃសហប្រតិបត្តិការមេគង្គ ដើម្បីធានាបាននូវការអភិវឌ្ឍ ការគ្រប់គ្រង ការប្រើប្រាស់និងការអភិរក្សធនធានទឹកទន្លេមេគង្គ និងធនធានផ្សេងៗ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព។​ដោយបញ្ជាក់សាជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹង យ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ អាស៊ានរួមគ្នាធ្វើ: ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ បានអបអរសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់កម្ពុជា និងលទ្ធផលសំខាន់ៗដែលសម្រេចបានសម្រាប់អាស៊ាន ក្នុងឆ្នាំ២០២២ នេះ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ បានបញ្ជាក់សាជាថ្មីនូវការជឿជាក់យ៉ាងខ្លាំងចំពោះការទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់មជ្ឈភាពឯកភាព សាមគ្គីភាព និងភាពធន់របស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការគំរាមកំហែងនានាដែលមានស្រាប់ និងកំពុងកើតឡើង ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ ក៏បានអះអាងសាជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាមក្នុងការគាំទ្រកម្ពុជា និងឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងជំរុញការអនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ ២០៣០ ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាមដែលត្រូវបានធ្វើសមាហរណកម្មប្រកបដោយចីរភាព និងវិបុលភាព ដែលនឹងរួមចំណែកដល់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។

១៤. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីគោលជំហររួមរបស់អាស៊ានស្តីពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុង និងលើអាកាសនៅសមុទ្រចិនខាងត្បូង ជំរុញការសន្ទនា ពង្រឹងទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមកប្រកាន់ភាពអត់ធ្មត់ បន្តការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដែលរួមមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២(UNCLOS) ដោយមិនប្រើការគម្រាមកំហែងឬកម្លាំង ធានាឱ្យបាននូវការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រ​ខាងកើត​ (DOC) ទាំងស្រុង និងធ្វើការឈានទៅបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ និងមានប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។

១៥. ក្នុងដំណើរទស្សនកិច្ចនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា៖


១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសារសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក ២) អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម ៣) កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ៤) កិច្ចអនុវត្តរួមគ្នាស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាពអឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន ៥). កិច្ចអនុវត្តរួមគ្នាស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក ១៨(៣)(ខ) បទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន ៦). អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ សម្រាប់ឆ្នាំ ២០២២-២០២៥ ៧). អនុស្សរណៈនៃការយោគយល់គ្នស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល ៨) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៩) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ១០) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និង ១១) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Viettel (Cambodia) PTE. LTD. ។ ក្នុងឱកាសនេះ វិស័យឯកជននៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសន្យាធុរកិច្ច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនផងដែរ។

១៦. លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តចំពោះគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម​ ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងទទួលយកការអញ្ជើញដោយក្ដីរីករាយ។ ពេលវេលាជាក់លាក់នៃដំណើរទស្សនកិច្ចនេះនឹងត្រូវរៀបចំតាមរយៈផ្លូវការទូតនៅពេលក្រោយ។

 

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២២

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top