ព័ត៌មាន
សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ៖ រឿងរ៉ាវអំពីតំបន់បេតិកភណ្ឌ Van Mieu - Quoc Tu Giam
ខ្សែភាពយន្ដដែលផលិតដោយបច្ចេកវិទ្យាទំនើបត្រូវបានគេរំពឹងថា
នឹងទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្វែងយល់អំពីតម្លៃវប្បធម៌
និងប្រវត្តិសាស្ត្រនៃកេរ្តិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam នៅរដ្ឋធានីហាណូយ។
ដំណើរកម្សាន្តពេលរាត្រីនៅ
Van
Mieu - Quoc Tu Giam មានភាពទាក់ទាញផ្ទាល់ខ្លួន ព្រោះអ្នកទស្សនាមិនត្រឹមតែអាចស្វែងយល់ពីភាពស្រស់ស្អាតនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិ
តាមរបៀបថ្មីក្នុងទិដ្ឋភាពរាត្រីដ៏អាថ៌កំបាំងប៉ុណ្ណោះទេ
ថែមទាំងបានគយគន់ការសម្ដែងពន្លឺចម្រុះពណ៌ ដែលបង្ហាញដោយបច្ចេកវិទ្យាទំនើបទៀតផង។
បន្ទាប់ពីទស្សនាខ្សែភាពយន្តទម្រង់ 3D mapping "សិលាចារឹកប្រវត្តិសាស្រ្តតម្កល់កេរ្តិ៍ឈ្មោះ” យុវជន Nguyen
Van Vu នៅទីក្រុងហាណូយ
មានការចាប់អារម្មណ៍ខ្លាំងដែលមិនអាចបំភ្លេចបាន៖
“ខ្ញុំគិតថា ដំណើរកម្សាន្តពេលរាត្រីថ្មីនៅ Van Mieu
Quoc Tu Giam គឺមានអត្ថន័យណាស់
ព្រោះថាបន្ទាប់ពីជោគជ័យនៃដំណើរកម្សាន្ត "អគ្គសារនៃការអប់រំ"
នេះគឺជាជំហានបន្ទាប់។ "សិលាចារឹកប្រវត្តិសាស្រ្តតម្កល់កេរ្តិ៍ឈ្មោះ"
គឺជារឿងរ៉ាវអំពីដំណើររបស់លោកបណ្ឌិតក្នុងសម័យមុនៗដែលកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវបានតម្កល់ទុកនៅលើសិលាចារឹក
ដូច្នេះវានឹងជួយឱ្យអ្នកទស្សនាស្វែងយល់អំពីអត្ថន័យនៃសិលាចារឹកនៅក្នុង Van
Mieu Quoc Tu Giam”។
បច្ចេកវិទ្យា
3D
Mapping ជាមួយនឹងការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនា
និងភាពច្នៃប្រឌិតរវាងសិល្បៈសម្ដែងសម្លេងនិងពន្លឺ
គឺជាកត្តាដ៏សំខាន់ដែលធ្វើឲ្យខ្សែភាពយន្ត
"សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ" កាន់តែមានភាពទាក់ទាញ។
អាស្រ័យហេតុនេះ ទស្សនិកជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមានឱកាសស្វែងយល់អំពីអត្ថន័យប្រវត្តិសាស្ត្រ
និងវប្បធម៌នៃសិលាចារឹកបណ្ឌិតនៅក្នុង Van Mieu - Quoc Tu Giam។
ខ្សែភាពយន្តនេះដំណាល់រឿងអំពីសត្វអណ្តើកមួយក្បាលដែលចង់ស្វែងរកតម្លៃលាក់កំបាំងនៅពីក្រោយផ្ទៃថ្មនៃសិលាចារឹកបណ្ឌិតទាំង
៨២ ផ្ទាំង។ សត្វអណ្ដើកនេះ បានរកឃើញថា សិលាចារឹកនីមួយៗ
គឺជារឿងប្រវត្តិសាស្ត្រមួយស្ដីពីការប្រឡងនិងអ្នកដែលប្រឡងជាប់។ យោងតាមលោក Truong
Quoc Toan អ្នកនិពន្ធរឿង
"សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ" បានឲ្យដឹងថា
ក្នុងខ្សែភាពយន្តនេះ សិលាចារឹកនីមួយៗ ប្រៀបប្រដូចជាសៀវភៅប្រវត្តិសាស្ត្រមួយក្បាលសម្រាប់ភ្ញៀវទេសចរស្វែងយល់៖
“សារដែលយើងខ្ញុំចង់បង្ហាញតាមរយៈខ្សែភាពយន្តនេះ
គឺការឧទ្ទេសនាមដល់ទស្សនិកជនអំពីរូបភាពថ្មី និងទស្សនៈដ៏ប្លែកលើសិលាចារឹកបណ្ឌិត Thang Long
ទាំង ៨២ ផ្ទាំងនេះ។ ព្រោះតាំងពីយូរណាស់មកហើយ
នៅពេលភ្ញៀវទេសចរមកទស្សនា Van Mieu – Quoc Tu Giam ម្ដងៗ
ពួកគេតែងតែធ្វើដំណើរឆ្លងកាត់តំបន់សិលាចារឹកបណ្ឌិតនេះ
ប៉ុន្តែពួកគេស្ទើរតែដើររហ័សឆ្លងកាត់វា។ ចំណែកឯយើងខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាយល់ថា
សិលាចារឹកបណ្ឌិតនីមួយៗ គឺជារឿងប្រវត្តិសាស្ត្រអំពីការប្រឡង អ្នកប្រឡង់ជាប់
និងអំពីការអប់រំរបស់ប្រទេសវៀតណាម។ ដោយសារវាជារឿងប្រវត្តិសាស្រ្ត ជាសៀវភៅមួយក្បាល
យើងគួរតែឈប់យូរបន្តិចទៀត ហើយបើកសៀវភៅនោះ ដើម្បីដឹងថាតម្លៃនៅក្នុងសៀវភៅនោះជាអ្វី”។
ខ្សែភាពយន្តនេះបានដក់ជាប់ក្នុងបេះដូងទស្សនិកជនជាច្រើន
ហើយសម្រាប់អ្នកដែលធ្វើការក្នុងវិស័យទេសចរណ៍ដូចអ្នកស្រី Doan Ha បុគ្គលិកក្រុមហ៊ុនទេសចរណ៍មិត្តភាពវៀតណាម
នាងនឹងឧទ្ទេសនាមខ្សែភាពយន្តនេះទៅកាន់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ
ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។
“ពេលទស្សនារឿង "សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ"
នាងខ្ញុំអាចយល់អំពីដំណើរសិក្សារៀនសូត្រដ៏ពោរពេញទៅដោយការលំបាករបស់លោកបណ្ឌិតម្នាក់ៗ
តាំងពីជំហានដំបូងៗ រហូតដល់ពេលគេប្រឡងជាប់ ទទួលបានជោគជ័យ។
ពេលទស្សនារូបភាពរួមផ្សំនឹងសំឡេងនៃខ្សែភាពយន្តនេះ ខ្ញុំអាចទទួលក្នុងអារម្មណ៍នូវបរិយាកាសវីរភាព
គួរឲ្យរំភើបចិត្ត មិនត្រឹមតែរូបភាពប៉ុណ្ណោះទេ ថែមទាំងសំឡេង និងអារម្មណ៍ទៀតផង។
ប្រាកដថា ខ្ញុំនឹងផ្សព្វផ្សាយខ្សែភាពយន្តនេះដល់អតិថិជនរបស់យើងខ្ញុំ
ហើយខ្ញុំនឹងផ្សព្វផ្សាយដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu ដល់ភ្ញៀវទេសចរបរទេស”។
ខ្សែភាពយន្ត "សិលាចារឹកប្រវត្តិសាស្រ្តតម្កល់កេរ្តិ៍ឈ្មោះ"
ត្រូវបានរៀបចំយ៉ាងចុះសម្រុងគ្នាដោយកត្តាជាច្រើន ទាំងលក្ខណៈអប់រំផង
ទាំងលក្ខណៈវប្បធម៌ និងកម្សាន្តផង។ រឿងនិទៀនអំពីបេតិកភណ្ឌ
ប៉ុន្តែមិនដើរតាមគន្លងចាស់ទេ ប៉ុន្តែមានភាពទាក់ទាញជាងមុន
ដោយទម្រង់និទានរឿងបែបសហសម័យ ជាមួយនឹងទស្សនៈប្រកបដោយភាពច្នៃប្រឌិត
ដូច្នេះហើយទើបមានភាពទាក់ទាញដល់អ្នកទស្សនាគ្រប់វ័យ ជាពិសេសយុវវ័យ។ លោកបណ្ឌិត Le Xuan
Kieu នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van
Mieu-Quoc Tu Giam បានឲ្យដឹងថា៖
"សិលាចារឹកប្រវត្តិសាស្រ្តតម្កល់កេរ្តិ៍ឈ្មោះ"
គឺជាខ្លឹមសារបន្ទាប់នៃដំណើរកម្សាន្ត "អគ្គសារនៃការអប់រំ"។
យើងខ្ញុំសង្ឃឹមថា ខ្សែភាពយន្តនេះ ក៏ដូចជាខ្សែភាពយន្តបន្ទាប់
នឹងជួយឱ្យអ្នកទស្សនាយល់កាន់តែច្បាស់អំពីគុណតម្លៃចម្រុះនៃតំបន់ Van Mieu -
Quoc Tu Giam តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យានិងសិល្បៈដើម្បីខិតជិតមកភ្ញៀវទេសចរបានងាយស្រួលជាង។
យើងខ្ញុំសង្ឃឹមថា យុវជន
និងក្រុមគ្រួសារនឹងនាំកូនៗមកទីនេះដើម្បីចូលរួមដំណើរកម្សាន្តពេលរាត្រីនៅ Van
Mieu - Quoc Tu Giam បង្កើតការតភ្ជាប់
និងការអប់រំអំពីប្រពៃណីសិក្សារៀនសូត្រ
ដើម្បីបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់យុវជនលើដំណើរឆ្ពោះទៅរកចំណេះដឹង”។
ខ្សែភាពយន្ត
3D
mapping "សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ"
ត្រូវបានចាក់បញ្ចាំងក្នុងដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu – Quoc Tu Giam ចាប់ពីថ្ងៃទី
១ ខែធ្នូ ឆ្នាំ ២០២៤។ ពេលវេលាដើម្បីទស្សនាខ្សែភាពយន្ត 3D mapping នេះ គឺម៉ោង ៨ ៩ និងម៉ោង ១០ យប់ នៅថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃ
អាទិត្យ៕






