ព័ត៌មាន
សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសវៀតណាមទទួលនូវតួនាទីសំខាន់ៗ សម្រាប់ឆ្នាំថ្មី ២០២០

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ TTXVN)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារឆ្នាំថ្មី ២០២០ ជាឆ្នាំគូសបញ្ជាក់នូវព្រឹត្តិការណ៍ ដែលជាលើកដំបូង ហើយក្នុងពេលតែមួយ វៀតណាមមានកិត្តិយសទទួលតួនាទីសំខាន់ៗចំនួនពីរ គឺប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២០២០ និងសមាជិកមិនអិចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។
នៅក្នុងសារនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចទាំងពីរនេះ ដែលបង្ហាញពីការអនុវត្តឥតកែប្រែនូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ជាពិសេស ពិពិធកម្មនិងពហុភាគីនីយកម្មក្នុងទំនាក់ទំនងការបរទេស។ ម្យ៉ាងវិញទៀត បង្ហាញពីបំណងប្រាថ្នារបស់វៀតណាម ក្នុងការរួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។
លើសពីនេះទៅទៀត វៀតណាមបានកំណត់ប្រធានបទ “ការផ្សាភ្ជាប់និងការបន្សាំ ដោយម្ចាស់ការ” សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និង “វៀតណាម៖ ដៃគូដែលអាចទុកចិត្តបានសម្រាប់សន្តិភាពប្រកបដោយចីរភាព” ខណៈពេលដែល ទទួលយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ ជាមួយប្រធានបទនោះ វៀតណាមនឹងចូលរួមជាមួយបណ្តាប្រទេសសមាជិក មិត្តភក្តិនិងដៃគូនានា ដោយផ្តោតលើទិសដៅធំៗដូចជា៖ ទី ១ លើកកម្ពស់ផលប្រយោជន៍រួមរបស់តំបន់និងសហគមន៍អន្តរជាតិ គឺសន្តិភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍ។ ទី ២ ជំរុញតួនាទីនៃពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ដើម្បីពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌និងល្អប្រសើរជាងមុន។ ជាពិសេស ក្នុងឱកាសនេះ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងអង្គការសហប្រជាជាតិ។ ទីបី ម្ចាស់ការនិងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោកនិងក្នុងតំបន់ ជាពិសេសបញ្ហាដែលជះឥទ្ធិពលដោយផ្ទាល់ ដល់ផលប្រយោជន៍របស់បណ្តាប្រទេសនិងតំបន់តែម្តង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថា ការទទួលយកនូវភារកិច្ចសំខាន់ៗទាំងពីរនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ផង ប៉ុន្តែក៏ជាបញ្ហាប្រឈមផង ដែលទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជា ការចូលរួមចំណែករបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលផងដែរ។ ទន្ទឹមជាមួយគ្នានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមក៏បានជឿជាក់ថា វៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ជាក់ជាពុំខាន ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិ ភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភព លោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម