អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានអញ្ជើញចូលរួមនៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។ ប្រតិភូជាង ១,២ លាននាក់បានចូលរួមនៅតាមសាលប្រជុំនានាទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញផ្តល់ជូនប្រធានបទទី១ អំពីខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តលេខ ៧១ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្ត។
លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “យើងត្រូវបណ្ដុះបណ្ដាលពលរដ្ឋសកល ដែលមិនត្រឹមតែចេះភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងត្រូវចេះភាសាទូទៅមួយចំនួន ដូចជាភាសាអង់គ្លេស និងភាសាមួយចំនួនទៀត។ លើសពីនេះ យើងត្រូវនាំយកបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំចំណេះទូទៅ។ យើងកំពុងស្រាវជ្រាវ និងដឹកនាំការណែនាំអំពីបញ្ញាសិប្បនិមិត្តចាប់ពីថ្នាក់ទី ១ ដោយមានស្មារតី "រៀនផង លេងផង"; ត្រូវតែទាញយកការកម្សាន្ត ប៉ុន្តែបង្កើនខ្លឹមសារអំពីអប់រំ។ នេះគឺជាការផ្លាស់ប្តូរថ្មីមានសារៈសំខាន់ណាស់”។
អញ្ជើញបង្ហាញខ្លឹមសារ និងកម្មវិធីសកម្មភាពសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧២ ស្តីពីដំណោះស្រាយឈានមុខគេមួយចំនួន ដើម្បីពង្រឹងការការពារ ការថែទាំ និងលើកកំពស់សុខភាពប្រជាជន ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានសង្កត់ធ្ងន់ថា កិច្ចការពារ និងការថែទាំសុខភាពប្រជាជន គឺជាគោលដៅនយោបាយកំពូល ជាកម្លាំងចលករ និងជាភារកិច្ចនយោបាយឈានទៅមុខ រក្សាតួនាទីអាទិភាពក្នុងគោលនយោបាយអភិវឌ្ឍន៍ និងជាទំនួលខុសត្រូវក្នុងប្រព័ន្ធនយោបាយទាំងមូល។
អាស្រ័យហេតុនេះ ចាប់ពីឆ្នាំ ២០២៦ ប្រជាពលរដ្ឋនឹងទៅពិនិត្យសុខភាពជាប្រចាំមួយឆ្នាំម្តងដោយមិនគិតថ្លៃ។ ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងសង្គមជាតិទាំងមូល រួមដៃគ្នា ដើម្បីប្រទេសវៀតណាមមួយមានសុខភាពមាំមួន។
នាព្រឹកមិញផងដែរ រដ្ឋមន្ត្រីការបរទេសស្តីទីលោក Le Hoai Trung សង្ឃឹម ថា ជាមួយនឹងដំណើរការសមាហរណកម្មអន្តរជាតិ ប្រទេសនឹងមានលក្ខខណ្ឌជាច្រើនទៀត ដើម្បីសម្រេចបានសមិទ្ធិផលថ្មីៗ នាំប្រទេសជាតិឆ្ពោះទៅមុខ។
រដ្ឋមន្ត្រីក្រសួងការបរទេសស្តីទីលោក Le Hoai Trung បានបង្ហាញប្រធាន បទពិសេសអំពីសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្ត។ លោក Le Hoai Trung ក៏បានលើកឡើងអំពីភារកិច្ច និងដំណោះស្រាយដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត ក្នុងនោះមានសមាហរណកម្មសេដ្ឋកិច្ចផងដែរ។
“លើកកម្ពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ច បម្រើដល់ការកសាងសេដ្ឋកិច្ចឯករាជ្យ ភាពជឿជាក់លើខ្លួនឯង និងសេដ្ឋកិច្ចដែលមានភាពធន់ខ្ពស់។ នេះជាខ្លឹមសារសំខាន់ណាស់។ ជាក់ស្តែង នាពេលកន្លងមក ភាពតក់ស្លុតពីខាងក្រៅ ដូចជាជំងឺរាតត្បាតកូវីដ ១៩...សេដ្ឋកិច្ចដែលមានលទ្ធភាពធន់ទ្រាំខ្ពស់ គឺប្រទេសនោះមិនត្រឹមតែមានភាពធន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចសង្គមរបស់ប្រទេសនោះក៏ស្ថិរភាពដែរ ក្លាយទៅជាចំណុចខ្លាំងក្នុងការទាក់ទាញវិនិយោគពីបរទេសនិងភាពទាក់ទាញរបស់សេដ្ឋកិច្ច”។
រាយការណ៍អំពីខ្លឹមសារសំខាន់ៗមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ៧០ របស់ការិយាល័យនយោបាយ ស្តីពីការធានាសន្តិសុខថាមពលជាតិដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ប្រធានគណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen Thanh Nghi បានសង្កត់ធ្ងន់លើទស្សនៈផ្លាស់ប្តូរពីផ្នត់គំនិត “ធានាការផ្គត់ផ្គង់” ទៅជា “ការធានាយ៉ាងរឹងមាំ និងម្ចាស់ការក្នុងការធានាសន្តិសុខថាមពលប្រកបដោយប្រសិទ្ធភាព”។ ដោយចាត់ទុកនេះជាសសរស្តម្ភសំខាន់ ផ្សាភ្ជាប់ជាមួយការស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ និងសមាហរណកម្មអន្តរជាតិ។ ប្រធានគណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen Thanh Nghi បានសង្កត់ធ្ងន់លើដំណោះស្រាយសំខាន់ៗចំនួន ១ ក្នុងចំណោមដំណោះស្រាយសំខាន់ៗចំនួន ៧៖
“សុក្រិតរបៀបរបប និងគោលនយោបាយ ដើម្បីក្លាយជាគុណសម្បត្តិប្រកួតប្រជែង ជាមូលដ្ឋានគ្រឹះរឹងមាំ ជាកម្លាំងជំរុញដ៏រឹងមាំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍថាមពល។ តាមនោះ សេចក្តីសម្រេចចិត្តត្រូវកំណត់នូវតម្រូវការក្នុងការបំពេញយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពអនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បីដោះស្រាយចំណុចកក់ស្ទះរបស់ស្ថាប័នសម្រាប់គម្រោងថាមពល។ បង្កើតយន្តការដ៏ប្រសើរ ដើម្បីទាក់ទាញ និងអនុវត្តគម្រោងថាមពលសំខាន់ៗ និងបន្ទាន់។ ទន្ទឹមនឹងនោះ សុក្រិតគោលនយោបាយហិរញ្ញវត្ថុ ដើម្បីបង្កើនការកៀរគរទុនវិនិយោគ ទុនវិនិយោគឯកជន និងការវិនិយោគបរទេសក្នុងវិស័យថាមពល”។ អញ្ជើញថ្លែងមតិនៅសន្និបាត អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា សន្ទុះនៃការអភិវឌ្ឍថ្មីរបស់ប្រទេសត្រូវបានបង្កើតឡើងពីទំនាក់ទំនងសរីរាង្គរវាងរាល់សេចក្តីសម្រេចចិត្ត។ សសរស្តម្ភទាំងនេះត្រូវបានពង្រឹងដោយស្ថាប័នតម្លាភាព វិន័យនៃការអនុវត្តដ៏តឹងរឹង ការណែនាំទិន្នន័យ និងការបែងចែកធនធានដ៏ឆ្លាតវៃ។ នៅពេលដែលឧបករណ៍នីមួយៗដំណើរការក្នុងចង្វាក់ត្រឹមត្រូវ ម៉ាស៊ីនអភិវឌ្ឍន៍ជាតិនឹងបង្កើនល្បឿនជាលំដាប់។
នាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើដល់ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គភាពនីមួយៗ កម្មាភិបាលនីមួយៗ និងសមាជិកបក្ស ចាប់ផ្តើមប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព ប្រែសកម្មភាពទៅជាលទ្ធផល ហើយប្រែលទ្ធផលទៅជាជំនឿជាក់ថ្មី៕