នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមបេសកកម្ម តំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ (អ.ស.ប) អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតបានរៀបចំពិធីជប់លៀងយ៉ាងមហោឡារឹកក្នុងឱកាសខួបលើកទី៧៣ទិវាបុណ្យជាតិវៀតណាមទី២កញ្ញា។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានក្រុមបេសក កម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវបានអះអាងថា វៀតណាមមានគោលបំណងនិងខិតខំប្រឹងប្រែងកសាងទំនាក់ទំនងការទូតយ៉ាងរឹងមាំនិងសម្បូរបែបជាមួយប្រទេសទាំងឡាយលើទូទាំងពិភពលោក រក្សាតួនាទីសកម្មនៅវេទិកាពហុភាគីជាច្រើន ព្រមទាំងជាសមាជិកសកម្មនៃអង្គការអន្តរជាតិប្រមាណជាង ៦០ អង្គភាព ផងដែរ។ ឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា ក្នុងអំឡុង៤ទសវត្សជាសមាជិក អ.ស.ប កន្លងមក វៀតណាមជានិច្ចកាលរក្សាគោលដៅដ៏ខ្ពង់ខ្ពស់នៃអង្គការធំបំផុតផែនដីនេះគឺកសាងពិភពលោកមួយប្រកបដោយសុខសន្តិភាព សន្តិសុខនិងវឌ្ឍនភាព។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Duong Chi Dung បានឲ្យដឹងថា ដោយមានស្មារតី “ដៃគូដើម្បីសន្តិភាពចីរភាព” នោះ វៀតណាម នឹងចុះឈ្មោះកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ ២០២០-២០២១។
វៀតណាមអំពាវនាវនិងជឿជាក់ទៅលើការគាំទ្ររបស់ប្រទេសផ្សេងៗ ក្នុងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៩ខាងមុខនេះ។
ក្នុងពេលនោះ ស្ថានទូតវៀតណាមប្រចាំឈីលីក៏បានរៀបចំពិធីរំលឹកខួបលើកទី៧៣ទិវាបុណ្យជាតិយ៉ាងមហោឡារឹក នៅរដ្ឋធានី Santiago de Chile ដោយមានការចូលរួមរបស់អតីតប្រធានាធិបតីឈីលីលោក Eduardo Frei Ruiz-Tagle ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម