តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាលោក Anura Kumara Dissanayake អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ នៅព្រឹកថ្ងៃទី ៨ ខែឧសភា (ម៉ោងក្នុងស្រុក) នៅវិមានប្រធានាធិបតី ប្រធានាធិបតីលោក Anura Kumara Dissanayake បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងឱឡារិកតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ ជាមួយនឹងការបាញ់កាំភ្លើងធំចំនួន ២១ ដើម។ ក្នុងកិច្ចពិភាក្សា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អបំផុត ហើយបានផ្លាស់ប្តូរទស្សនៈលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របតាមសក្តានុពលដ៏ធំធេងដែលមានស្រាប់ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗ បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ខ្ញុំរួមជាមួយលោកប្រធានាធិបតី បានយល់ព្រមលើកកំពស់ទំនាក់ទំនងវៀតណាម-ស្រីលង្កាទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព បង្កើតទំនុកចិត្តនយោបាយនៅកម្រិតខ្ពស់ ពង្រីកវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈទូលំទូលាយ និងជាក់ស្តែងលើគ្រប់វិស័យ។ ត្រូវតែធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងលក្ខណៈជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងបានយល់ព្រមអនុវត្តវិធានការដ៏លេចធ្លោ ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្ម ១ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ ដោយមានគោលបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនាពេលអនាគត។ អាជីវកម្មវៀតណាមក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការវិនិយោគនៅក្នុងប្រទេសស្រីលង្កា ដោយផ្តោតលើគម្រោងយុទ្ធសាស្ត្រ និងនិមិត្តរូបរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសស្រីលង្កា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីលោក Dissanayake បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ព័ត៌មាន និងផ្សព្វផ្សាយ៕







