លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិក ការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស វៀតណាមចូលរួមវេទិកា និងថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំពេញអង្គទី១ ក្រោម ប្រធានបទ “កសាងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលប្រកបដោយយុត្តិធម៌និង សមហេតុផល”។
នៅក្នុងសុន្ទរកថា លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang បាន អះអាងថា ការកសាងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលប្រកបដោយយុត្តិធម៌ និង សមហេតុផល គឺមិនអាចខ្វះតួនាទីនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការការពារ ជាតិជាក់ស្ដែងបានឡើយ។
លោករដ្ឋមន្ត្រី Phan Van Giang ក៏បានអះអាងជាថ្មីនូវទស្សនៈរបស់វៀតណាម ក្នុងការគាំទ្រពហុភាគីនិយម ដោយឈរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ អន្តរជាតិ បរិយាប័ន្ន សមភាព ដាក់ប្រជាជនជាស្នូល ដើម្បីផលប្រយោជន៍រួមរបស់ សហគមន៍អន្តរជាតិ។ ឈរលើមូលដ្ឋាននោះ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើទិសដៅមួយចំនួន រួមមាន៖ ប្រកាន់ខ្ជាប់នូវពហុភាគីនិយមដើម្បីធានានូវរចនាសម្ព័ន្ធ សន្តិសុខសកលដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើបញ្ហាសកល ជាពិសេសក្នុងវិស័យ សន្តិសុខក្រៅប្រពៃណី; ធ្វើទំនើបកម្មនូវស្ថាប័នពហុភាគី ជំរុញកំណែទម្រង់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ដើម្បីធានានូវសមត្ថភាពឆ្លើយ តបដោយទាន់ពេលវេលាចំពោះវិបត្តិទាំងអស់លើទូទាំងពិភពលោក; បង្កើនកិច្ចសន្ទនា ការយល់ដឹងគ្នាទៅវិញទៅមក និងការចែករំលែកទំនួលខុសត្រូវរវាងមហាអំណាច ក៏ដូចជារវាងប្រទេសធំៗ និងប្រទេសកំពុងអភិវឌ្ឍន៍ រវាងអរិយធម៌ និងមនោគមវិជ្ជា នានា ដើម្បីរួមគ្នាបង្កើតអនាគតរួម; បណ្ដាប្រទេស និងអង្គការអន្តរជាតិចាំបាច់ ត្រូវធ្វើការសន្យាយ៉ាងមុតមាំ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីសហការគ្នា កសាងយន្តការបើកចំហ ជាពិសេសយន្តការសន្ទនា និងពិគ្រោះយោបល់លើវិស័យ ការពារជាតិ-សន្តិសុខ-ការទូតក្នុងទម្រង់បត់បែន៕