ព័ត៌មាន
វៀតណាមប្តេជ្ញាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ការផលិត ការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង និងផលិតផលជីវវេជ្ជសាស្ត្រ
នារសៀលថ្ងៃទី ២៥ តុលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថាតាមទម្រង់ជាខ្សែវីដេអូ ក្នុងកិច្ចប្រជុំកំពូលជីវវិទ្យាពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ “អនាគតនៃវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ” ដែលបានប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា។ នៅក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការកើត និងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរនិងទូលំទូលាយដល់ប្រទេសទាំងអស់។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលកន្លងមកនេះ វៀតណាមបានចាត់វិធានការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតជាមួយនឹងវិធីសាស្រ្តសកល បង្កើនសាមគ្គីភាពអន្តរជាតិ និងលើកកំពស់ពហុភាគីនិយម ដែលយកប្រជាជនជាមជ្ឈភាព និងជាម្ចាស់កម្មវត្ថុ។ ជាពិសេស វៀតណាមបានអនុវត្តន៍ដោយជោគជ័យការទូតវ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដ៏ធំបំផុតមិនធ្លាប់មានតាំង ពីមុនមក។ រហូតមកដល់ពេលនេះ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងើបឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ពីជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិវេជ្ជសាស្រ្ដនាពេលថ្មីៗនេះ បង្ហាញពីសារៈសំខាន់នៃការលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រ ដើម្បីចូលរួមចំណែកក្នុងការថែទាំសុខភាព និងការពារអាយុជីវិតរបស់មនុស្ស; ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបទៅនឹងជំងឺដែលអាចលេចឡើងដោយមិនបានរំពឹងទុក និងវិវឌ្ឍន៍ក្នុងលក្ខណៈស្មុគស្មាញ។ ជាមួយនឹងការមើលឃើញទុកជាមុន និងសម្រាប់ពិភពលោកដែលមានការអភិវឌ្ឈប្រកបដោយបរិយាប័ន្នកាន់តែប្រសើរ យើងត្រូវរួមដៃគ្នាដើម្បីពង្រឹង អភិវឌ្ឍន៍ និងចែករំលែកធនធានក្នុងការស្រាវជ្រាវ ផលិតវ៉ាក់សាំង កសាងឧស្សាហកម្មវេជ្ជសាស្ត្រ ជីវវិទ្យាទំនើប អភិវឌ្ឍឱសថទំនើប ដើម្បីទប់ទល់នឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ធានាឱ្យមានវិធីសាស្រ្តត្រឹមត្រូវ និងយុត្តិធម៌ចំពោះវ៉ាក់សាំង និងផលិតផលដើម្បីថែទាំ និងការពារសុខភាពមនុស្សទូទាំងពិភពលោក”។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានយកចិត្តទុកដាក់លើការវិនិយោគលើការស្រាវជ្រាវ និងផលិតវ៉ាក់សាំង ផលិតផលសម្រាប់ការពារ គ្រប់គ្រងជំងឺ និងអភិវឌ្ឍន៍ផ្នែកជីវសាស្ត្រ។ ទន្ទឹមនឹងនេះ សង្ឃឹមថា នឹងទទួលបានជំនួយពីដៃគូនានា ក្នុងនោះមានប្រទេសកូរ៉េខាងត្បូងផងដែរ។ វៀតណាមបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ការផលិត និងការផ្ទេរបច្ចេកវិទ្យា រួមចំណែកដល់ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃវ៉ាក់សាំង និងផលិតផលជីវវេជ្ជសាស្ត្រ៕