នៅក្នុងសន្និសីទសារព័ត៌មាន លោកប្រធានរដ្ឋ លឿង គឿង បានបញ្ជា់ថា ការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងរបស់ទាំងវៀតណាម និងសហភាពអឺរ៉ុបក្នុងដំណាក់កាលថ្មី។ លោកប្រធានរដ្ឋក៏បានឲ្យដឹងថែមទៀតថា ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងជាក់លាក់លើទិសដៅ និងវិធានការដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបនាពេលខាងមុខផងដែរ។
“យើងបានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ហើយសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សានិងពង្រឹងពាណិជ្ជកម្មសេរី សម្រួលដល់ការជ្រៀតចូលនិងការពង្រីកទីផ្សារអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព និងជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់។ វៀតណាមបានស្នើឱ្យសហភាពអឺរ៉ុបលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចសមុទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព និងដក “កាតលឿង” IUU លើជលផលវៀតណាមឱ្យបានឆាប់ផងដែរ។ យើងស្វាគមន៍សាជីវកម្ម និងសហគ្រាសសហភាពអឺរ៉ុប ពង្រីកការវិនិយោគនៅក្នុងវិស័យថ្មីៗ និងសំខាន់ៗដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP)”។
ដោយចែករំលែកការវាយតម្លៃ និងសំណើរបស់ប្រធានរដ្ឋវៀតណាម ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានអះអាងថា ការដែល EU បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាលើកដំបូងជាមួយប្រទេសអាស៊ីអាគ្នេយ៍ បានបង្ហាញយ៉ាងច្បាស់អំពីតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងគោលនយោបាយរបស់ EU ក៏ដូចជាសក្តានុពលដ៏ធំធេងដែលនៅសេសសល់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU ផងដែរ។ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសង្កត់ធ្ងន់ថា៖
"ថ្ងៃនេះ យើងបានឈានដល់សញ្ញាសម្គាល់ដ៏សំខាន់បំផុត។ យើងបានលើកកំពស់ទំនាក់ទំនង ឡើងដល់កម្រិតខ្ពស់បំផុត ដែលជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការលើកកំពស់នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីភាពស៊ីជម្រៅនិងទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាការរំពឹងទុករបស់យើងសម្រាប់ការអភិវឌ្ឍនាពេលអនាគត នៅក្នុងវិស័យពាណិជ្ជកម្ម ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ"៕








