ព័ត៌មាន
វៀតណាមនិងរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលថ្មី
សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាជម្រើសយុទ្ធសាស្ត្រដ៏យូរអង្វែង និងជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនីមួយៗ។
ភាគីទាំងពីរ បានឯកភាពគ្នាលើការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ក្នុងដំណាក់កាលថ្មី ជាមួយនឹងទំនុកចិត្តនយោបាយនិងយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគប្រកបដោយតុល្យភាព និងចីរភាព; យកកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ជាសសរស្តម្ភយុទ្ធសាស្ត្រ ដោយចាត់ទុកថាមពល ប្រេងឧស្ម័ន ជារបកគំហើញយុទ្ធសាស្ត្រ យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធនធានមនុស្ស ជាកម្លាំងចលករចម្បង យកវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាស្ពានតភ្ជាប់ប្រទេសទាំងពីរ ដែលមានសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលនៃស្ថានភាពអន្តរជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ។
ភាគីទាំងពីរ បានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា ព្រមទាំងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខមិនមានគោលបំណងប្រឆាំងនឹងប្រទេសទីបីទេ ហើយមានលក្ខណៈស្របទាំងស្រុងជាមួយនឹងច្បាប់អន្តរជាតិ។
ទាក់ទងនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វៀតណាមលើកទឹកចិត្តរុស្ស៊ីឱ្យវិនិយោគលើគម្រោងដែលមានតម្លៃបន្ថែមខ្ពស់ ដោយផ្សារភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។ រុស្ស៊ីកំពុងស្រាវជ្រាវឱកាសពង្រីកការវិនិយោគនៅវៀតណាមក្នុងវិស័យដូចជា៖ ថាមពល (រួមទាំងថាមពលកកើតឡើងវិញ) ឧស្សាហកម្មកែច្នៃផលិតកម្ម សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ភស្តុភារកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឱសថ សុខាភិបាល ទេសចរណ៍ និងវប្បធម៌។
ភាគីទាំងពីរចាត់ទុកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងឥន្ធនៈ-ថាមពល ជារបកគំហើញយុទ្ធសាស្ត្រក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃគម្រោងដែលកំពុងដំណើរការ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ននៅវៀតណាម និងរុស្ស៊ី។ ភាគីទាំងពីរ បន្តស្រាវជ្រាវពីលទ្ធភាពសម្រាប់អង្គការរុស្ស៊ីចូលរួមក្នុងការធ្វើទំនើបកម្មរោងចក្រអគ្គីសនីដែលកំពុងដំណើរការនៅវៀតណាម និងកសាងប្រភពបញ្ជូនអគ្គីសនីថ្មីៗ។
ភាគីទាំងពីរ បន្តអនុវត្តន៍គម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម ដែលជាគម្រោងសហប្រតិបត្តិការដ៏សំខាន់មួយក្នុងវិស័យប្រើប្រាស់ថាមពលបរមាណូដើម្បីគោលដៅសន្តិភាព។
វៀតណាមនិងរុស្ស៊ីបានបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យគមនាគមន៍-ដឹកជញ្ជូន រួមទាំងការសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីនៅវៀតណាម ការធ្វើទំនើបកម្មផ្លូវដែក និងជំរុញការដឹកជញ្ជូនពហុមធ្យោបាយរវាងវៀតណាម ចិន និងរុស្ស៊ីតាមរយៈផ្លូវដែក និងផ្លូវសមុទ្រ។
សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវប្បធម៌ ពលករ និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរគាំទ្រដល់ការបង្កើតសណ្តាប់ធ្នាប់ពិភពលោក ពហុប៉ូលដែលមានសមភាពនិងចីរភាពជាងមុន៕





