ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសម្ព័ន្ធអារ៉ាប់ ឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលជាអាទិភាពរបស់វៀតណាមនិងបណ្តាប្រទេសអារ៉ាប់។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសបានស្នើឲ្យភាគីទាំងពីរបង្កើតផែនការជាក់លាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាមនិងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់។ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាមនិងសមាជិកសម្ព័ន្ធអារ៉ាប់នៅវេទិកាពហុភាគី។
រីឯខ្លួនវិញ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានវាយតម្លៃថា វៀតណាមជាដៃគូដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្តក្នុងឆាកអន្តរជាតិ និងជាមិត្តដ៏ជិតស្និទ្ធរបស់ប្រជាជននៃបណ្តាប្រទេសអារ៉ាប់។ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានស្នើឲ្យ ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងជាប្រចាំនៅវេទិកាពហុភាគី ហើយមានបំណងចង់ស្វាគមន៍ថ្នាក់ដឹកនាំវៀតណាមមកបំពេញទស្សនកិច្ចនិងធ្វើការជាមួយសម្ព័ន្ធអារ៉ាប់នាពេលឆាប់ៗខាងមុខ៕







