ព័ត៌មាន

វៀតណាមចង់​បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយសម្ព័ន្ធអារ៉ាប់

នៅខាងក្រៅសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (WGS) ២០២៥ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃទី ១២ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul Gheit។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសម្ព័ន្ធអារ៉ាប់ ឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលជាអាទិភាពរបស់វៀតណាមនិងបណ្តាប្រទេសអារ៉ាប់។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសបានស្នើឲ្យភាគីទាំងពីរបង្កើតផែនការជាក់លាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាមនិងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់។ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាមនិងសមាជិកសម្ព័ន្ធអារ៉ាប់នៅវេទិកាពហុភាគី។

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ពិភាក្សាជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit នៅខាងក្រៅ WGS ២០២៥ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។ រូបថត៖ PV/VOV - អេហ្ស៊ីប

រីឯខ្លួនវិញ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានវាយតម្លៃថា វៀតណាមជាដៃគូដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្តក្នុងឆាកអន្តរជាតិ និងជាមិត្តដ៏ជិតស្និទ្ធរបស់ប្រជាជននៃបណ្តាប្រទេសអារ៉ាប់។ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានស្នើឲ្យ ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងជាប្រចាំនៅវេទិកាពហុភាគី ហើយមានបំណងចង់ស្វាគមន៍ថ្នាក់ដឹកនាំវៀតណាមមកបំពេញទស្សនកិច្ចនិងធ្វើការជាមួយសម្ព័ន្ធអារ៉ាប់នាពេលឆាប់ៗខាងមុខ៕


top