ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតជាមួយគណៈកម្មាធិការដឹកនាំនៃខេត្តក្រុងនានា។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពិនិត្យឡើងវិញអំពីការអភិវឌ្ឍបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ ការសាងសង់ និងការតភ្ជាប់មូលដ្ឋានទិន្នន័យ; ដាក់ចេញដំណោះស្រាយដ៏លេចធ្លោ ដើម្បីឱ្យវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦ អាចរួមចំណែកដល់ការសម្រេចបានគោលដៅកំណើនពីរខ្ទង់របស់ប្រទេសជាតិ។
យោងតាមលោកនាយករដ្ឋមន្ត្រី សញ្ញាសម្គាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅដើមឆ្នាំនេះ រួមមាន ពិធីសម្ពោធមជ្ឈមណ្ឌលអវកាសវៀតណាម និងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័រដំបូងគេនៅវៀតណាម។ សហគ្រាសមួយចំនួនបានធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូលរហូតដល់ ៦៥ រួមទាំងវិស័យដូចជា កាមេរ៉ា AI បច្ចេកវិទ្យា 5G និងយន្តហោះគ្មានមនុស្សបើក (UAV)។ លើសពីនេះ សហគ្រាសនានាបានផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីដូចជា បន្ទះឈីបស៊ីមីកុងដុកទ័រ និងបញ្ញាសិប្បនិម្មិត (AI)។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអាទិភាពមួយចំនួនថា៖
“បង្កើតយន្តការដឹកនាំនិងគ្រប់គ្រងនៅកម្រិតរដ្ឋាភិបាល ដើម្បីរៀបចំ និងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ពិនិត្យឡើងវិញនិងបង្ហើយបញ្ជីបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រី ក្នុងខែមេសា ឆ្នាំ២០២៦។ ស្នើឲ្យបង្កើតក្រុមការងាររបស់រដ្ឋាភិបាល ស្តីពីការអភិវឌ្ឍបច្ចេកវិទ្យា យុទ្ធសាស្ត្រ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូប។ បច្ចេកវិទ្យាយុទ្ធសាស្ត្រ ត្រូវតែមានប្រភពចេញពីតម្រូវការជាក់ស្តែង និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ”៕







