អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំក្រសួងការបរទេសរៀបចំឲ្យបានល្អនូវកម្មវិធីកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់; សហការឲ្យកាន់តែសកម្មជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសេនាធិការ លើកសំណើ និងកសាងផែនការ; ផ្លាស់ប្ដូរថ្មីយ៉ាងទូលំទូលាយ និងខ្លាំងក្លាទាំងខ្លឹមសារ និងវិធីសាស្ត្ររៀបចំ តាមទិសដៅសន្សំសំចៃ ជាក់ស្ដែង និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យមានការកែលម្អគុណភាពនៃការស្រាវជ្រាវ ការធ្វើសេនាធិការ ការវាយតម្លៃ និងការព្យាករណ៍ស្ថានភាពសកល និងតំបន់ ការកែសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ដៃគូសំខាន់ៗ ដើម្បីផ្តល់ប្រឹក្សានិងអនុសាសន៍លើគោលជំហរ គោលនយោបាយ វិធានការ និងសេណារីយ៉ូឆ្លើយតបឲ្យបានទាន់ពេលវេលា ជៀសវាងភាពអសកម្ម ឬការភ្ញាក់ផ្អើល ដើម្បីទប់ស្កាត់ហានិភ័យដែលអាចប៉ះពាល់ដល់សន្តិសុខ ការពារជាតិ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាពិសេស ការស្រាវជ្រាវនិងការធ្វើសេនាធិការ ត្រូវតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពទៅនឹងគោលដៅកំណើន "ពីរខ្ទង់" ក៏ដូចជាការផ្លាស់ប្តូរ និងការបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលផងដែរ។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យជំរុញការកសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ។ ស្ថាប័នតំណាងវៀតណាមនៅបរទេស ត្រូវមានភាពសកម្មជាងមុន តាមដានយ៉ាងដិតដល់នូវស្ថានភាពលើពិភពលោកនិងក្នុងប្រទេសសាម៉ី ដើម្បីរាយការណ៍និងធ្វើសេនាធិការឲ្យទាន់ពេលវេលាអំពីគោលនយោបាយ និងវិធានការនានា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដទៃទៀតក្នុងវិស័យដែលវៀតណាមមានការយកចិត្តទុកដាក់; ពង្រីកទីផ្សារនាំចូល និងនាំចេញសម្រាប់ទំនិញ ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពលករ ជាដើម៕







