រឿងល្ខោនតន្ត្រី
"កាហ្វេនំប៉័ង" បានបង្កើតឡើងវិញយ៉ាងជាក់ស្ដែងនូវរូបភាពប្រទេសវៀតណាម
ក្នុងដំណាក់កាលមុនបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ហើយលើកសរសើរប្រជាជនស្នេហាជាតិ
រួមទាំងការរួមចំណែករបស់វណ្ណៈអធន - អ្នកដែលមិនត្រឹមតែបរិច្ចាគទឹកប្រាក់ប៉ុណ្ណោះទេ
ថែមទាំងពលីជីវិតដើម្បីការតស៊ូ និងបដិវត្តន៍ទៀតផង។
“ខ្ញុំដើរតួជា Bao
នៅក្នុងរឿងល្ខោនតន្ត្រី "កាហ្វេនំប៉័ង"។ Bao គឺជាជនជាតិវៀតណាមដែលស្នេហាជាតិ មានមោទនភាពជាតិ
ហើយជានិច្ចកាលមានបំណងរួចផុតពីនឹមត្រួតត្រា។
រឿងល្ខោនតន្ត្រីនេះពិតជាសមស្របនិងមានអត្ថន័យក្នុងឱកាសគម្រប់ខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា
និងទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។
នេះជាកិត្តិយសនិងជាមោទនភាពសម្រាប់សិល្បករនិងតារាសម្តែងម្នាក់”។
នោះគឺជាការចែករំលែករបស់តារាសម្ដែង
The Nguyen (រោងមហោស្រពល្ខោនវៀតណាម)
ដែលដើរតួឯកប្រុសក្នុងរឿងល្ខោន "កាហ្វេនំប៉័ង" ដែលនឹងត្រូវបានសម្ដែងនាពេលខាងមុខ។
រឿងល្ខោនមានរយៈពេល ៧០ នាទី
ដែលត្រូវបានសរសេរដោយលោក Seo Sang Wan ជនជាតិកូរ៉េខាងត្បូង។
លោកបានចែករំលែកថា
ភាពស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដណ្ដើមឯករាជ្យជាតិរបស់វៀតណាម
និងកូរ៉េខាងត្បូងគឺជាការបំផុសគំនិត និងជាកម្លាំងចលករជំរុញលោក និពន្ធរឿងល្ខោន
“កាហ្វេនំប៉័ង”។ តាមរយៈរឿងល្ខោនតន្ត្រីនេះ
អ្នកនិពន្ធបានពិរពណ៌នាពីស្មារតីស្នេហាជាតិ និងភាពអង់អាចក្លាហានរបស់ជនជាតិវៀតណាម។
“នៅពេលនិយាយអំពី
"ឯករាជ្យ" និងការតស៊ូដណ្ដើមឯករាជ្យ
ប្រទេសដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ច្រើនបំផុតមកលើខ្ញុំគឺប្រទេសវៀតណាម។ ខ្ញុំគិតថា
ប្រសិនបើខ្ញុំសរសេរស្នាដៃមួយអំពីប្រធានបទតស៊ូដណ្ដើមឯករាជ្យនៅវៀតណាមនោះ
វាប្រាកដជាមានអត្ថន័យណាស់។ ពិសេសជាងនេះទៅទៀត ឆ្នាំនេះ ទាំងវៀតណាម និងកូរ៉េខាងត្បូង
នឹងប្រារព្ធខួប ៨០ឆ្នាំនៃទិវាឯករាជ្យដែរ។ ខ្ញុំគិតថា
ប្រការនោះធ្វើឱ្យរឿងល្ខោននេះកាន់តែមានអត្ថន័យថែមទៀត”។
បទចម្រៀងជាង ២០ បទ
ត្រូវបានលាយបញ្ចូលក្នុងរឿងល្ខោន
ដែលជាការគួបផ្សំនៃល្ខោននិយាយនិងតន្ត្រីដើម្បីបង្ហាញអារម្មណ៍ខ្លាំងក្លាបំផុតដល់ទស្សនិកជន។
នេះជាលើកទីមួយហើយដែលបដិវត្តន៍រំដោះជាតិ
និងលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាម
ត្រូវបានសម្តែងតាមរយៈទិដ្ឋភាពថ្មីមួយនោះគឺភាសានៃល្ខោនតន្ត្រី
ជាមួយនឹងការគួបផ្សំប្រកបដោយភាពច្នៃប្រឌិតរវាងសិល្បករវៀតណាម និងកូរ៉េខាងត្បូង។
ដោយចូលរួមអនុវត្តន៍គម្រោងនេះ
លោក Park Hyun Woo នាយកផ្នែកសិល្បៈ សង្ឃឹមថា
ទស្សនិកជនអន្តរជាតិនឹងស្គាល់ដល់ប្រទេសវៀតណាមប្រកបដោយសាមគ្គីភាព មនុស្សសាស្ត្រ
សេចក្ដីស្រឡាញ់សន្តិភាព និងការគោរពចំពោះលោកប្រធានហូជីមិញ។
“នៅវៀតណាម
លោកប្រធានហូជីមិញត្រូវបានប្រជាជនវៀតណាមហៅយ៉ាងស្និទ្ធស្នាលថា លោកអ៊ុំហូ។
មានស្នាដៃជាច្រើនដែលលើកតម្កើងសតិអារម្មណ៍របស់លោក
ប៉ុន្តែស្នាដៃរបស់យើងផ្តោតលើប្រជាជនសាមញ្ញ ដែលបានក្រេបយកសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។
យើងបានបង្ហាញដំណើរការរបស់ប្រជាជនសាមញ្ញដែលស៊ាំនឹងការងារស្រែចំការជាប្រចាំថ្ងៃ
ប៉ុន្តែបានដឹងនិងក្រេបយកសតិអារម្មណ៍របស់លោកប្រធានហូជីមិញ
ពីនោះគេមានក្ដីសុបិនអំពីឯករាជ្យ ហើយបន្ទាប់មក គេតស៊ូដើម្បីឯករាជ្យនោះ។
សារសំខាន់បំផុតនៃរឿងល្ខោននេះគឺថា ប្រជាជនសាមញ្ញទាំងនោះបានជួយបក្ស
ជួយយុទ្ធជនបដិវត្តន៍នៅពេលនោះ ដណ្ដើមបានឯករាជ្យមកវិញ”។
រួមដំណើរជាមួយអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូងក្នុងការនិពន្ធរឿង
"កាហ្វេនំប៉័ង" អ្នកនិពន្ធ Le Trinh ដែលកំពុងធ្វើការនៅរោងមហោស្រពល្ខោនវៀតណាមបានចែករំលែកថា៖
“ពេលខ្ញុំដាក់ប៊ិចចាប់ផ្ដើមសរសេរ
ខ្ញុំក៏ចង់ផ្ញើសារទៅកាន់ជំនាន់វ័យក្មេងដែរ។ យុវជនសព្វថ្ងៃនេះ បានកើតក្នុងសន្តិភាព
ប៉ុន្តែដើម្បីមានសន្តិភាព យើងត្រូវតែប្ដូរយកដោយការលះបង់របស់ប្រជាជនច្រើនជំនាន់មុន។
រឿង “កាហ្វេនំប៉័ង” ចង់ផ្ញើសារទៅកាន់យុវជនជំនាន់ក្រោយថា
សូមចេះស្រឡាញ់ជីវិតខ្លួនបច្ចុប្បន្ន ស្រឡាញ់ប្រទេសជាតិ និងប្រជាជនវៀតណាម
និងមានមោទនភាពចំពោះប្រពៃណីប្រវត្តិសាស្ត្រជាតិ”។
កិច្ចសហការរវាងរោងមហោស្រពល្ខោនវៀតណាម និងក្រុមច្នៃប្រឌិតមកពីប្រទេសកូរ៉េខាងត្បូង
ក្នុងការសម្ដែងរឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង”
ក៏មានបំណងចង់រីកសាយភាយសារអំពីវប្បធម៌ មនុស្ស និងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរតាមរយៈរូបភាព
និងភាសាឆាកល្ខោនដែរ។ រឿងល្ខោនតន្ត្រីមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ
ថែមទាំងជាស្ពានវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូងទៀតផង។
“កាហ្វេនំប៉័ង”
ជាស្នាដៃសិល្បៈអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២
ខែកញ្ញា។ បន្ទាប់ពីបានសម្តែងនៅប្រទេសវៀតណាម
រឿងល្ខោនតន្ត្រីនេះក៏ត្រូវបានឧទ្ទេសនាមនៅប្រទេសបារាំង កូរ៉េខាងត្បូង និងជប៉ុន...
រួមចំណែករីកសាយភាយសាមគ្គីភាព
និងសេចក្ដីស្នេហាជាតិរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យកាលពី ៨០
ឆ្នាំមុន៕