ព័ត៌មាន

រឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង” នាំល្ខោនវៀតណាមទៅកាន់ពិភពលោក

រឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង” គឺជាស្នាដៃសិល្បៈពិសេសមួយ ឆ្ពោះទៅការអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែ កញ្ញា។ រួមជាមួយនឹងការបង្កើតឡើងវិញនូវបរិយាកាសដ៏ក្លៀវក្លានៃសម័យកាលប្រវត្តិសាស្ត្រវីរភាព និងលើកតម្កើងរូបភាពលោកប្រធានហូជីមិញនោះ ស្នាដៃនេះក៏ជានិមិត្តរូបដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និង កូរ៉េខាងត្បូងផងដែរ។
ផ្ទាំងរូបភាពនៃរឿងល្ខោនតន្ត្ “កាហ្វេនំប៉័ង”។ (រូបភាព៖ គណៈកម្មាធិការរៀបចំ)

រឿងល្ខោនតន្ត្រី "កាហ្វេនំប៉័ង" បានបង្កើតឡើងវិញយ៉ាងជាក់ស្ដែងនូវរូបភាពប្រទេសវៀតណាម ក្នុងដំណាក់កាលមុនបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ហើយលើកសរសើរប្រជាជនស្នេហាជាតិ រួមទាំងការរួមចំណែករបស់វណ្ណៈអធន - អ្នកដែលមិនត្រឹមតែបរិច្ចាគទឹកប្រាក់ប៉ុណ្ណោះទេ ថែមទាំងពលីជីវិតដើម្បីការតស៊ូ និងបដិវត្តន៍ទៀតផង។

ខ្ញុំដើរតួជា Bao នៅក្នុងរឿងល្ខោនតន្ត្រី "កាហ្វេនំប៉័ង"។ Bao គឺជាជនជាតិវៀតណាមដែលស្នេហាជាតិ មានមោទនភាពជាតិ ហើយជានិច្ចកាលមានបំណងរួចផុតពីនឹមត្រួតត្រា។ រឿងល្ខោនតន្ត្រីនេះពិតជាសមស្របនិងមានអត្ថន័យក្នុងឱកាសគម្រប់ខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។ នេះជាកិត្តិយសនិងជាមោទនភាពសម្រាប់សិល្បករនិងតារាសម្តែងម្នាក់”។

នោះគឺជាការចែករំលែករបស់តារាសម្ដែង The Nguyen (រោងមហោស្រពល្ខោនវៀតណាម) ដែលដើរតួឯកប្រុសក្នុងរឿងល្ខោន "កាហ្វេនំប៉័ង" ដែលនឹងត្រូវបានសម្ដែងនាពេលខាងមុខ។

រឿងល្ខោនមានរយៈពេល ៧០ នាទី ដែលត្រូវបានសរសេរដោយលោក Seo Sang Wan ជនជាតិកូរ៉េខាងត្បូង។ លោកបានចែករំលែកថា ភាពស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដណ្ដើមឯករាជ្យជាតិរបស់វៀតណាម និងកូរ៉េខាងត្បូងគឺជាការបំផុសគំនិត និងជាកម្លាំងចលករជំរុញលោក និពន្ធរឿងល្ខោន “កាហ្វេនំប៉័ង”។ តាមរយៈរឿងល្ខោនតន្ត្រីនេះ អ្នកនិពន្ធបានពិរពណ៌នាពីស្មារតីស្នេហាជាតិ និងភាពអង់អាចក្លាហានរបស់ជនជាតិវៀតណាម។

នៅពេលនិយាយអំពី "ឯករាជ្យ" និងការតស៊ូដណ្ដើមឯករាជ្យ ប្រទេសដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ច្រើនបំផុតមកលើខ្ញុំគឺប្រទេសវៀតណាម។ ខ្ញុំគិតថា ប្រសិនបើខ្ញុំសរសេរស្នាដៃមួយអំពីប្រធានបទតស៊ូដណ្ដើមឯករាជ្យនៅវៀតណាមនោះ វាប្រាកដជាមានអត្ថន័យណាស់។ ពិសេសជាងនេះទៅទៀត ឆ្នាំនេះ ទាំងវៀតណាម និងកូរ៉េខាងត្បូង នឹងប្រារព្ធខួប ៨០ឆ្នាំនៃទិវាឯករាជ្យដែរ។ ខ្ញុំគិតថា ប្រការនោះធ្វើឱ្យរឿងល្ខោននេះកាន់តែមានអត្ថន័យថែមទៀត”។

បទចម្រៀងជាង ២០ បទ ត្រូវបានលាយបញ្ចូលក្នុងរឿងល្ខោន ដែលជាការគួបផ្សំនៃល្ខោននិយាយនិងតន្ត្រីដើម្បីបង្ហាញអារម្មណ៍ខ្លាំងក្លាបំផុតដល់ទស្សនិកជន។ នេះជាលើកទីមួយហើយដែលបដិវត្តន៍រំដោះជាតិ និងលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាម ត្រូវបានសម្តែងតាមរយៈទិដ្ឋភាពថ្មីមួយនោះគឺភាសានៃល្ខោនតន្ត្រី ជាមួយនឹងការគួបផ្សំប្រកបដោយភាពច្នៃប្រឌិតរវាងសិល្បករវៀតណាម និងកូរ៉េខាងត្បូង។ 

ដោយចូលរួមអនុវត្តន៍គម្រោងនេះ លោក Park Hyun Woo នាយកផ្នែកសិល្បៈ សង្ឃឹមថា ទស្សនិកជនអន្តរជាតិនឹងស្គាល់ដល់ប្រទេសវៀតណាមប្រកបដោយសាមគ្គីភាព មនុស្សសាស្ត្រ សេចក្ដីស្រឡាញ់សន្តិភាព និងការគោរពចំពោះលោកប្រធានហូជីមិញ។

នៅវៀតណាម លោកប្រធានហូជីមិញត្រូវបានប្រជាជនវៀតណាមហៅយ៉ាងស្និទ្ធស្នាលថា លោកអ៊ុំហូ។ មានស្នាដៃជាច្រើនដែលលើកតម្កើងសតិអារម្មណ៍របស់លោក ប៉ុន្តែស្នាដៃរបស់យើងផ្តោតលើប្រជាជនសាមញ្ញ ដែលបានក្រេបយកសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។ យើងបានបង្ហាញដំណើរការរបស់ប្រជាជនសាមញ្ញដែលស៊ាំនឹងការងារស្រែចំការជាប្រចាំថ្ងៃ ប៉ុន្តែបានដឹងនិងក្រេបយកសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ពីនោះគេមានក្ដីសុបិនអំពីឯករាជ្យ ហើយបន្ទាប់មក គេតស៊ូដើម្បីឯករាជ្យនោះ។ សារសំខាន់បំផុតនៃរឿងល្ខោននេះគឺថា ប្រជាជនសាមញ្ញទាំងនោះបានជួយបក្ស ជួយយុទ្ធជនបដិវត្តន៍នៅពេលនោះ ដណ្ដើមបានឯករាជ្យមកវិញ”។

រួមដំណើរជាមួយអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូងក្នុងការនិពន្ធរឿង "កាហ្វេនំប៉័ង" អ្នកនិពន្ធ Le Trinh ដែលកំពុងធ្វើការនៅរោងមហោស្រពល្ខោនវៀតណាមបានចែករំលែកថា៖

ពេលខ្ញុំដាក់ប៊ិចចាប់ផ្ដើមសរសេរ ខ្ញុំក៏ចង់ផ្ញើសារទៅកាន់ជំនាន់វ័យក្មេងដែរ។ យុវជនសព្វថ្ងៃនេះ បានកើតក្នុងសន្តិភាព ប៉ុន្តែដើម្បីមានសន្តិភាព យើងត្រូវតែប្ដូរយកដោយការលះបង់របស់ប្រជាជនច្រើនជំនាន់មុន។ រឿង “កាហ្វេនំប៉័ង” ចង់ផ្ញើសារទៅកាន់យុវជនជំនាន់ក្រោយថា សូមចេះស្រឡាញ់ជីវិតខ្លួនបច្ចុប្បន្ន ស្រឡាញ់ប្រទេសជាតិ និងប្រជាជនវៀតណាម និងមានមោទនភាពចំពោះប្រពៃណីប្រវត្តិសាស្ត្រជាតិ”។

កិច្ចសហការរវាងរោងមហោស្រពល្ខោនវៀតណាម និងក្រុមច្នៃប្រឌិតមកពីប្រទេសកូរ៉េខាងត្បូង ក្នុងការសម្ដែងរឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង” ក៏មានបំណងចង់រីកសាយភាយសារអំពីវប្បធម៌ មនុស្ស និងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរតាមរយៈរូបភាព និងភាសាឆាកល្ខោនដែរ។ រឿងល្ខោនតន្ត្រីមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាស្ពានវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូងទៀតផង។

កាហ្វេនំប៉័ង” ជាស្នាដៃសិល្បៈអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ បន្ទាប់ពីបានសម្តែងនៅប្រទេសវៀតណាម រឿងល្ខោនតន្ត្រីនេះក៏ត្រូវបានឧទ្ទេសនាមនៅប្រទេសបារាំង កូរ៉េខាងត្បូង និងជប៉ុន... រួមចំណែករីកសាយភាយសាមគ្គីភាព និងសេចក្ដីស្នេហាជាតិរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យកាលពី ៨០ ឆ្នាំមុន៕


top