នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយសំណួរពីសារព័ត៌មានអំពីលទ្ធផលនៃការរៀបចំ ភូមិ និងតំបន់លំនៅដ្ឋាននៅតាមខេត្តក្រុងទូទាំងប្រទេស លោកស្រី Nguyen Thi Thu Ha អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ខេត្តក្រុងទាំង ៣៤ ចំណុះមជ្ឈិម បានសម្រេចការរៀបចំភូមិនិងតំបន់លំនៅដ្ឋានស្របតាមតម្រូវការរបស់ការិយាល័យនយោបាយ និងរដ្ឋាភិបាល។ ដំណើរការរៀបចំត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ ស៊ីសង្វាក់គ្នា ដែលបង្កើតការស្រុះចិត្តគំនិតខ្ពស់។ បន្ទាប់ពីការរៀបចំ ចំនួនភូមិ និងតំបន់លំនៅដ្ឋានទូទាំងប្រទេសបានថយចុះជាង ៤១៥០០ អង្គភាព ស្មើនឹងការថយចុះ ៤៦,៣៣%។
ទាក់ទងនឹងដំណោះស្រាយដើម្បីជំនះពុះពារលើការលំបាកក្នុងការនាំចេញកសិ-រុក្ខ-ជលផល អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Vo Van Hung បានសង្កត់ធ្ងន់ថា កត្តាសំខាន់នាពេលខាងមុខនេះ គឺការក្ដាប់ជាប់ទីផ្សារ ផ្តោតលើការផលិត លើកកំពស់តម្លៃ និងធ្វើពិពិធកម្មទីផ្សារ។
“យើងត្រូវតែកាត់បន្ថយនីតិវិធីរដ្ឋបាលយ៉ាងខ្លាំងក្លា ជាក់ស្ដែង និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយ និងបញ្ហាផ្សេងៗទៀតសម្រាប់សហគ្រាស និងប្រជាពលរដ្ឋ។ ត្រូវតែរួមបញ្ចូលបច្ចេកវិទ្យា វិទ្យាសាស្ត្រ ការផ្លាស់ប្តូរឌីជីថលក្នុងការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ ហើយសំខាន់ជាងនេះទៅទៀត គឺយើងត្រូវតែរួមដំណើរជាមួយប្រជាជន និងសហគ្រាស”។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា គេកំពុងបន្តសម្របសម្រួលជាមួយក្រសួង និងស្ថាប័នផ្សេងទៀត ដើម្បីស្រាវជ្រាវវិធានការគ្រប់គ្រងពន្ធសម្រាប់ប្រេងសាំង ឲ្យបានសមស្របនឹងការប្រែប្រួលតម្លៃថាមពលសកល សំដៅម្ចាស់ការឆ្លើយតបនឹងការប្រែប្រួល និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណាផងដែរ៕





