មហោស្រពវិចិត្រសិល្បៈយុវវ័យ
គឺជាសកម្មភាពវប្បធម៌ សិល្បៈដែលត្រូវបានរៀបចំឡើងជារៀងរាល់ ២ ឆ្នាំម្តង
ដើម្បីប្រកាសនិងឧទ្ទេសនាមអំពីស្នាដៃសិល្បៈថ្មីៗ និងសិល្បករវ័យក្មេងចាប់ពីអាយុ ១៨
ដល់ ៣៥ ឆ្នាំ។
នៅឆ្នាំនេះ
ពីស្នាដៃចូលរួមជាង ១០០០ គណៈកម្មការរៀបចំមហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី ៧
បានជ្រើសរើសស្នាដៃចំនួន ១៤៨ ដោយអ្នកនិពន្ធចំនួន ១២១នាក់ សម្រាប់ដាក់តាំងបង្ហាញ
ដែលក្នុងនោះ ស្នាដៃឆ្នើមចំនួន ២៩ ត្រូវបានប្រគល់ពានរង្វាន់។ រង្វាន់ទី ១ ចំនួន ៣
ត្រូវបានប្រគល់ជូនអ្នកនិពន្ធ៖ Vang Hai Hung ជាមួយស្នាដៃ
"ម្តាយខ្ញុំ" ប្រភេទគំនូរ; Pham Thuy Duong ជាមួយនឹងស្នាដៃ
"Suot", ប្រភេទដំឡើងវត្ថុ; Bui Thi Yen Vy
ជាមួយស្នាដៃ “បន្ទាប់ពីភ្លៀងធ្លាក់" ប្រភេទក្រាហ្វិក។
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃ “ម្តាយខ្ញុំ” របស់អ្នកនិពន្ធ Hai
Hung។ ផ្ទាំងគំនូរនេះបានពណ៌នារូបភាពអ្នកម្តាយ រូបភាពកង់
នៅលើផ្ទៃដីដ៏សោះកក្រោះ”។
លើសពីនេះ
រង្វាន់ទី ២ ចំនួន៤រង្វាន់ រង្វាន់ទី៣ ចំនួន៩រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន១១
រង្វាន់ និងរង្វាន់ជាគម្រោងបញ្ចប់ការសិក្សាចំនួន២ រង្វាន់ ត្រូវបានប្រគល់ជូន សិល្បករវ័យក្មេងផងដែរ។
ជាម្ចាស់ស្នាដៃចំនួន ២ ដែលបានឈ្នះរង្វាន់ទី ២
និងរង្វាន់លើកទឹកចិត្តក្នុងមហោស្រពឆ្នាំនេះ វិចិត្រករ Nguyen
Tuan Dung បានឲ្យដឹងថា៖
"ស្នាដៃរបស់ខ្ញុំដោយមានចំណងជើងថា
"ការឆ្លុះបញ្ចាំងពីរាប់ពាន់ឆ្នាំ" គឺជាស្នាដៃវប្បធម៌
ដែលខ្ញុំចង់ដាក់បញ្ចូលរូបភាពអំពីបេតិកភណ្ឌ និងកេរ្តិ៍ដំណែល ចូលក្នុងស្នាដៃនេះ។
ខ្ញុំប្រើប្រាស់សម្ភារៈសេរ៉ាមិចដើម្បីបង្កើតស្នាដៃ ជាមួយនឹងបំណែកសេរ៉ាមិចចំនួន
៩ដែលបង្ហាញពីរូបភាពបេតិកភណ្ឌរបស់ទីក្រុងហាណូយ។ លើសពីនេះទៅទៀត ខ្ញុំបានប្រើសម្ភារៈ composite
រួមជាមួយភ្លើង LED បន្ថែមទៀត
ដើម្បីធ្វើឱ្យស្នាដៃមានលក្ខណៈអន្តរកម្ម»។
បណ្ដាស្នាដៃដែលចូលរួមក្នុងមហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី៧
ឆ្នាំ ២០២៤ បានលើកឡើងបញ្ហាជាច្រើនក្នុងជីវភាពសហសម័យជាមួយនឹងទស្សនៈ
និងការត្រិះរិះប្រកបដោយភាពច្នៃប្រឌិតរបស់យុវជន
តាមនោះឆ្លុះបញ្ចាំងពីការអភិវឌ្ឍទម្រង់សិល្បៈក៏ដូចជាជីវភាពវិចិត្រសិល្បៈវៀតណាមក្នុងសម័យសមាហរណកម្ម។
“នៅពេលមកដល់មហោស្រពឆ្នាំនេះ
ខ្ញុំរៀនបានចំណេះដឹងច្រើនអំពីពណ៌ និងការរៀបចំ
ដើម្បីក្រោយមកខ្ញុំអាចអនុវត្តន៍បាននៅក្នុងមុខជំនាញសិក្សារបស់ខ្ញុំ។
គំនូររបស់វិចិត្រករវ័យក្មេងមានលក្ខណៈប្លែកពីគេ មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន
និងនាំមកនូវភាពថ្មីថ្មោង»។
“ឆ្នាំនេះ ខ្ញុំចូលរួមមហោស្រពជាមួយស្នាដៃគំនូរប្រេង។
ខ្ញុំបានពណ៌នារឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាការសង្កេតមើលចំពោះជីវភាពនៅជុំវិញខ្ញុំ។
ខ្ញុំបង្ហាញពីការខិតខំរបស់ខ្ញុំដើម្បីជម្នះការលំបាក
ជាអ្វីដែលអ្នករាល់គ្នាជួបប្រទះក្នុងជីវិត”។
ស្នាដៃក្នុងមហោស្រពសិល្បៈយុវវ័យលើកទី៧
ឆ្នាំ២០២៤ មិនត្រឹមតែឆ្លុះបញ្ចាំងពីទេពកោសល្យច្នៃប្រឌិតប៉ុណ្ណោះទេ
ថែមទាំងបង្ហាញសារយ៉ាងជ្រាលជ្រៅអំពីសិល្បៈ និងទំនួលខុសត្រូវរបស់យុវជនចំពោះសហគមន៍
និងសង្គមទៀតផង។ លោក Ma The Anh ប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប
និងការតាំងពិព័រណ៍ បានឲ្យដឹងថា៖
“មហោស្រពបានឧទ្ទេសនាមពីស្នាដៃសហសម័យដែលមិត្តវ័យក្មេងបានច្នៃប្រឌិតក្នុងរយៈពេល
២ ឆ្នាំកន្លងមក។ តាមរយៈការតាំងពិពណ៌ យើងខ្ញុំបានមើលឃើញទេពកោសល្យរបស់មិត្ត
ដោយស្នាដៃជាច្រើនមានគុណភាពល្អ ខ្លឹមសារល្អ និងបង្ហាញពីជីវភាពសព្វថ្ងៃនេះ”។
ក្រោយពីការរៀបចំជាច្រើនលើក
មហោស្រពវិចិត្រសិល្បៈយុវវ័យបានក្លាយជាទីធ្លាលេងសិល្បៈប្រកបដោយវិជ្ជាជីវៈ
និងកិត្យានុភាព
ដោយទាក់ទាញការចូលរួមពីសិល្បករវ័យក្មេងដែលមានទេពកោសល្យជាច្រើននៅទូទាំងប្រទេស។
តាមរយៈមហោស្រពនេះ សិល្បករវ័យក្មេងមានឱកាសដើម្បីជួបប្រាស្រ័យគ្នា ព្រមទាំងអះអាងខ្លួនឯងក្នុងអាជីពច្នៃប្រឌិតសិល្បៈរបស់ពួកគេ។
វិចិត្រករ Ngo Duy Hien បានចាត់ទុកថា៖
“ខ្ញុំឃើញថាស្នាដៃមានគុណភាពខ្ពស់ណាស់
ហើយស្មារតីការងាររបស់អ្នកនិពន្ធពិតជាខ្លៀវក្លាខ្លាំងណាស់។
ថ្វីត្បិតតែអ្នកនិពន្ធនៅក្មេង ប៉ុន្តែពួកគេមានទស្សនៈជ្រាលជ្រៅម៉ែនទែន។ ប្រធានបទក៏កាន់តែបើកចំហ
សម្ភារៈកាន់តែសម្បូរបែប។ ទាក់ទងនឹងពណ៌ អ្នកនិពន្ធកាន់តែច្នៃប្រឌិត
បង្កើតឡើងចំណាប់អារម្មណ៍យ៉ាងខ្លាំង
ហើយភាពផ្ទុយគ្នារវាងពណ៌ស្រាលនិងពណ៌ងងឺតក៏កាន់តែច្បាស់ដែរ។ តាមនោះ
អ្នកនិពន្ធអាចបញ្ចេញសំឡេងផ្ទាល់ខ្លួនរបស់ពួកគេ”។
មហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី៧
ឆ្នាំ២០២៤ មិនត្រឹមតែជាកន្លែងលើកតម្កើងអ្នកមានទេពកោសល្យវ័យក្មេងប៉ុណ្ណោះទេ
ថែមទាំងជាស្ពាននាំសិល្បៈកាន់តែខិតជិតដល់សាធារណជនទៀតផង។ មហោស្រពក៏បានរកឃើញ បណ្តុះ
និងអភិវឌ្ឍន៍ទេពកោសល្យថ្មីៗ រួមចំណែកលើកស្ទួយវិស័យសិល្បៈរបស់ប្រទេសជាតិផងដែរ៕