ព័ត៌មាន
មហាសន្និបាតសុខាភិបាលពិភពលោក៖ វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យសុខាភិបាល

គណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាតសុខាភិបាលពិភពលោក (រូបថត៖ TTXVN)
ក្នុងឱកាសចូលរួមមហាសន្និបាតសុខាភិបាលពិភពលោកលើកទី៧១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី២៦ ខែឧសភា ឆ្នាំ២០១៨នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ អនុរដ្ឋមន្រ្តីក្រសួងសុខា ភិបាលវៀតណាម លោក Le Quang Cuong ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល បានជួបសន្ទនា និងជួបធ្វើការជាមួយដៃគូអន្តរជាតិជាច្រើន។
ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូក្រសួងសុខាភិបាល និងសុខុមាលភាពសង្គមកូរ៉េខាងត្បូង ភាគីទាំងពីរបានពិភាក្សា អំពីការសុក្រិតកំណត់ហេតុសហប្រតិបតិ្តការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ដែលគ្រោងនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាពេលខាងមុខរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពសង្គមកូរ៉េខាងត្បូង។
គណៈប្រតិភូក្រសួងសុខាភិបាលវៀតណាមក៏បានជួបធ្វើការជាមួយនាយិកាកម្មវិធីជំងឺរបេងពិភពលោករបស់ WHO លោកស្រី Tereza Kasaeva ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបតិ្តការនាពេលខាងមុខ។ លោកស្រី Tereza Kasaeva បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការងារបង្ការប្រឆាំងជំងឺរបេង ហើយមានគោលបំណងថា វៀតណាមនឹងចែករំលែក បទពិសោធន៍ជាមួយប្រទេសនានាដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរបេង។
អនុរដ្ឋមន្រ្តីលោក Le Quang Cuong ក៏បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អំពីការលុបកំចាត់ជំងឺគ្រុនចាញ់នៅមហាអនុតំបន់ទន្លេមេគង្គ (GMS) ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម