ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអយ្យការប្រជាជនកំពូលវៀតណាម និងស្ថាប័នអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ក្នុងការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ការពារយុត្តិធម៌ និងសិទ្ធិពលរដ្ឋ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ធានាសន្តិសុខ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។ ព្រមទាំង ភាគីទាំងពីរបានបញ្ជាក់ពីការបន្ដគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកា និងយន្តការសហប្រតិបត្តិការពហុភាគី។
លោកប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ដើម្បីពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ។ លោកបានស្នើឱ្យស្ថាប័នអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ីគាំទ្រការអនុវត្តកម្មវិធីសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០២៦-២០៣០) ពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មហាឡាល់ និងកម្មវិធីសហប្រតិបត្តិការផ្នែកច្បាប់ (២០២៧-២០២៨)។ ទន្ទឹមនឹងនោះ ភាគីទាំងពីររក្សាវេទិកា និងកិច្ចប្រជុំ ដើម្បីចែករំលែកបទពិសោធន៍វិជ្ជាជីវៈរវាងស្ថាប័នច្បាប់ និងយុត្ដិធម៌នៃប្រទេសទាំងពីរ សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន និងគាំទ្រការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
លោក Tan Sri Mohd Dusuki Mokhtar បានលើកច្បាស់ថា ម៉ាឡេស៊ីឱ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងរឹងមាំរវាងម៉ាឡេស៊ី និងវៀតណាម។ លោកអគ្គព្រះរាជអជ្ញាម៉ាឡេស៊ី ឲ្យដឹងថា នៅប្រទេសម៉ាឡេស៊ី ស្ថាប័នអគ្គព្រះរាជអាជ្ញារក្សាទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភា ជាពិសេសលើបញ្ហាទាក់ទងនឹងការកសាងច្បាប់។ ស្ថាប័នអគ្គព្រះរាជអជ្ញាដើរតួនាទីក្នុងការពិគ្រោះយោបល់ផ្នែកច្បាប់ ដោយធានាថា ច្បាប់ម៉ាឡេស៊ីត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ និងស្របតាមរដ្ឋធម្មនុញ្ញ។
អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី បានបញ្ជាក់ថា ម៉ាឡេស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្ដិធម៌រវាងភាគីទាំងពីរ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការលើកកម្ពស់សកម្មភាព ដែលរួមចំណែកដោយផ្ទាល់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕






