“វិចិត្រករ Hoang Anh មានតុក្កតាជាច្រើន។ ហើយតុក្កតារបស់លោកមានភាពរស់រវើកខ្លាំងណាស់។ ខ្ញុំបានប្រើវាជាកាដូសម្រាប់អតិថិជនរបស់ខ្ញុំ ហើយគេទាំងអស់គ្នាពិតជាចូលចិត្តណាស់”។
“តុក្កតាមានលក្ខណៈពិសេសប្លែកពីគេ។ នោះគឺការស្លៀកពាក់សំលៀកបំពាក់របស់ជនជាតិវៀតណាមទាំង ៥៤ ដែលធ្វើឲ្យតុក្កតាមានអារម្មណ៍និងស្រស់ស្អាតខ្លាំងណាស់”។
ទោះបីជាមិនមែនជាអ្នកផលិតតុក្កតាដំបូងគេនៅវៀតណាមក៏ដោយ ប៉ុន្តែវិចិត្រករ Hoang Anh (ហាណូយ) ត្រូវបានមនុស្សជាច្រើនស្គាល់ដល់ នៅពេលដែលតុក្កតាតូចស្អាតដែលស្លៀកពាក់សំលៀកបំពាក់របស់បណ្ដាជនជាតិវៀតណាម មានវត្តមាននៅអាកាសយានដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើននៅតំបន់វិថីបុរាណ ទីក្រុងហាណូយ។
លោក Hoang Anh បានចំណាយពេលពីរឆ្នាំធ្វើដំណើរទៅកាន់ភូមិឃុំនានានៅតំបន់ភ្នំភាគខាងជើង ដើម្បីស្វែងយល់អំពីប្រពៃណីវប្បធម៌ លក្ខណៈរបស់ជនជាតិនីមួយៗ និងសំលៀកបំពាក់របស់ពួកគេ។ វិចិត្រកររូបនេះ បានរស់នៅ និងធ្វើការជាមួយបងប្អូនជនជាតិភាគតិច ស្តាប់ការចែករំលែករបស់ពួកគេ ស្វែងយល់ពីរបៀបដែលពួកគេកាត់ដេរនិងស្លៀកពាក់ ដើម្បីស្វែងរកគំនិតសម្រាប់ការងាររបស់ខ្លួន។ ចាប់តាំងពីឆ្នាំ ២០១១ លោក Hoang Anh បានចាប់ផ្តើមអនុវត្តន៍ការងារ "បង្រួមខ្នាត" សំលៀកបំពាក់របស់បណ្ដាជនជាតិ។ វិចិត្រករ Hoang Anh បានចែករំលែកថា៖
“ពេលទៅផ្សារ ឬចូលរួមថ្ងៃបុណ្យរបស់បងប្អូនជនជាតិភាគតិច ខ្ញុំឃើញថា ជនជាតិនីមួយៗស្លៀកពាក់សម្លៀកបំពាក់ខុសៗគ្នា បង្កើតឡើងភាពសុខដុមរមនាយ៉ាងសម្បូរបែបណាស់។ នៅពេលដែលខ្ញុំជ្រាបបានស្មារតីនោះ ខ្ញុំបានដាក់បញ្ចូលវាទៅក្នុងតុក្កតា ឲ្យត្រូវតែឆ្លុះបញ្ចាំងពីស្មារតីពិតៗរបស់បងប្អូនជនជាតិភាគតិច។ ការដែលខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន ហើយមានឱកាសមើលឃើញដោយផ្ទាលភ្នែកនូវសំលៀកបំពាក់របស់ជនជាតិភាគតិច បានជួយខ្ញុំអាចបង្ហាញស្មារតីនោះបានយ៉ាងត្រឹមត្រូវបំផុត”។
ការផលិតបាននូវផលិតផលមួយ ទាមទារឲ្យមានដំណាក់កាលជាច្រើន។ ដំបូងឡើយ គឺការស្រាវជ្រាវពីរូបរាង ប្រភេទក្រណាត់ រួចធ្វើពុម្ភដោយវត្ថុធាតុ composite។ បន្ទាប់មកគឺបង្កើតរូបរាង និងគូរមុខតុក្កតា។ ចុងក្រោយគឺដេរសំលៀកបំពាក់ និងភ្ជាប់គ្រឿងតុបតែងដូចជា កាផា គងឃ្មោះ ស្គរ កន្សែង និងមួកទៅនឹងផលិតផលនីមួយៗ។ វិចិត្រករ Hoang Anh បាននិយាយថា៖
“ក្នុងដំណើរការធ្វើតុក្កតា មានពេលខ្លះដែលខ្ញុំមិនពេញចិត្ត និងត្រូវបោះចង់ចោល។ ការបង្រួញខ្នាតសម្លៀកបំពាក់គឺជាដំណើរការដ៏លំបាកមួយ។ ជនជាតិនីមួយៗមានក្បូរក្បាច់រចនាខុសៗគ្នា។ ជនជាតិ Mong មានក្បូរក្បាច់រចនាខុសពីជនជាតិ Dao។ លើផលិតផលតូចបែបនេះ ខ្ញុំត្រូវតែជ្រើសរើសរបៀបគូរក្បូរក្បាច់រចនា ដើម្បីបង្ហាញពីស្មារតីរបស់ជនជាតិនោះយ៉ាងត្រឹមត្រូវបំផុត។ ខ្ញុំក៏ជាអ្នកនិយមភាពល្អឥតខ្ចោះដែរ ដូច្នេះខ្ញុំចង់ឱ្យអ្នកស្រឡាញ់តុក្កតាមានអារម្មណ៍ពិតប្រាកដជាង”។
បច្ចុប្បន្ននេះ វិចិត្រករ Hoang Anh មានតុក្កតាប្រហែល ៥០០០ ក្នុងពីរទំហំ២ គឺ ២៥ សង់ទីម៉ែត្រ និង ៣៥ សង់ទីម៉ែត្រ ដែលណែនាំពីសំលៀកបំពាក់របស់ជនជាតិនីមួយៗ និងចរិតលក្ខណៈរបស់ពួកគេ។ អាស្រ័យលើការភាពស្មុគស្មាញ វាអាចចំណាយពេលពី ៤ ដល់ ៦ ម៉ោងសម្រាប់តុបតែងគំរូតុក្កតានីមួយៗ។ លោក Hoang Anh បានធ្វើសំលៀកបំពាក់ដ៏ល្អប្រណិតរាប់ពាន់ឈុត ដែលមានលក្ខណៈដូចគ្នាបេះបិទនឹងគំរូដើមរបស់ជនជាតិ Dao, Mong, Thai, Tay, Ha Nhi, Lo Lo... លើកលែងតែលម្អិតដែលមិនអាចចម្លងបាន អ្វីៗគ្រប់បែបយ៉ាងគឺដូចគ្នាទាំងស្រុងនិងមានលក្ខណៈរស់រវើកដូចគំរូពិតៗ ហើយវត្ថុធាតុដែលលោកប្រើក៏ជាវត្ថុធាតុប្រពៃណីពីសំលៀកបំពាក់របស់ប្រជាពលរដ្ឋផងដែរ។ វិចិត្រករ Hoang Anh បានចែករំលែកបន្ថែមទៀតថា៖
"ដោយសារតែវាជាផលិតផលសិប្បកម្ម វាត្រូវបានធ្វើដោយដៃស្ទើរតែទាំងស្រុង។ ឧទាហរណ៍ ខ្សែកដែលតុក្កតាពាក់ តាមពិតទៅ វិចិត្រករត្រូវរកវត្ថុធាតុឱ្យត្រូវនឹងសម្លៀកបំពាក់ដែលគាត់ចង់បាន ហើយក្បូរក្បាច់រចនានៅលើសំពត់គឺត្រូវបានបងប្អូនជនជាតិភាគតិចប៉ាក់ដោយខ្លួនឯង។ គេប៉ាក់លើផ្ទាំងក្រណាត់ធំៗ ហើយវិចិត្រករត្រូវតែជ្រើសរើសដើម្បីអាចបង្កើតសម្លៀកបំពាក់ខ្នាតមីនីមួយឈុតសម្រាប់តុក្កតា"។
នាពេលខាងមុខ វិចិត្រករ Hoang Anh នឹងមានព័ត៌មានបន្ថែមអំពីបណ្ដាជនជាតិ ដូចជាចំនួនប្រជាជន តំបន់លំនៅដ្ឋាន ទំនៀមទម្លាប់ ជាដើម ដែលត្រូវបានបង្ហាញទាំងភាសាវៀតណាម និងភាសាអង់គ្លេស។ លោកចង់រួមចំណែកដើម្បីបន្តថែរក្សាលំហូរវប្បធម៌វៀតណាម ដើម្បីឱ្យអត្តសញ្ញាណវប្បធម៍ប្រពៃណីវៀតណាមមានជានិច្ចនៅក្នុងជីវភាពសម័យទំនើប... លោកបណ្ឌិត Nguyen Van Huy អតីតនាយកសារមន្ទីរជនជាតិវិជ្ជាវៀតណាម បានឲ្យដឹងថា៖
“សិល្បករធ្វើតុក្កតាត្រូវតែឈរលើមូលដ្ឋានវប្បធម៌នៃជនជាតិនីមួយៗ ប៉ុន្តែពួកគេមានសិទ្ធិ ហើយចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតដើម្បីឱ្យផលិតផលរបស់ពួកគេមានភាពជិតស្និទ្ធនឹងវប្បធម៌នៃជនជាតិនីមួយៗ ប៉ុន្តែនៅតែមានភាពច្នៃប្រឌិត ធ្វើឱ្យតុក្កតាកាន់តែស្រស់ស្អាត និងទាក់ទាញ”។
វិចិត្រករ Hoang Anh ក៏មានគោលបំណងចង់បង្កើតតុក្កតាបុរសបន្ថែមទៀត។ លោកតែងតែជឿថា តុក្កតាមិនមែនគ្រាន់តែជាកាដូប៉ុណ្ណោះទេ ថែមទាំងក៏ជាស្ពានវប្បធម៌ ដើម្បីនាំសំលៀកបំពាក់របស់បងប្អូនជនជាតិភាគតិច ខិតជិតមកមិត្តភក្តិអន្តរជាតិទៀតផង៕