ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វ៉ូ បានសង្កត់ធ្ងន់ថា កម្មវិធី “ទិវាហ្វឺ” មានគោលបំណងលើកតម្កើងវប្បធម៌ម្ហូបអាហារវៀតណាម។ ទន្ទឹមនឹងនេះ លោកបានជឿជាក់ថា ព្រឹត្តិការណ៍នេះ រួមជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកម្ពុជាក្នុងឆ្នាំ២០២៦ នឹងបន្តរួមចំណែកបង្កើនការយល់ដឹង ការផ្លាស់ប្តូរវប្បធម៌ និងរឹតចំណងសាមគ្គីភាព ភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ចំណែកឯរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងជិតស្និទ្ធ និងមានការផ្លាស់ប្តូរវប្បធម៌ជាមួយគ្នា។ ព្រមជាមួយគ្នានេះ លោកជំទាវបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែណែនាំអំពីវប្បធម៌របស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីក្តីស្រឡាញ់ ការផ្សារភ្ជាប់គ្នា ក៏ដូចជាការចែករំលែកទំនៀមទម្លាប់ និងប្រពៃណីផងដែរ។
មុនពេលពិសាហ្វឺ កាហ្វេ និងភេសជ្ជៈផ្សេងៗរបស់វៀតណាម គណៈប្រតិភូទាំងអស់បានស្តាប់បទបង្ហាញស្តីពីដំណើរវិវត្តនៃមុខម្ហូបហ្វឺ ដែលតាមរយៈនោះ អ្នកទាំងអស់នឹងទទួលបានព័ត៌មានបន្ថែមអំពីប្រភពដើមនៃការកកើតហ្វឺ ដំណើរផ្សព្វផ្សាយហ្វឺទៅកាន់ពិភពលោក និងក្លាយជាមុខម្ហូបប្រពៃណីដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ម្ហូបអាហារដ៏ជ្រាលជ្រៅរបស់វៀតណាម៕





