នៅក្នុងប្រទេសថៃ ក្រសួងការបរទេសនៃប្រទេសនេះបានអនុវត្តន៍វិធានការបន្ទាន់ជាបន្តបន្ទាប់ ដោយបង្កើត "បន្ទប់ War Room" ភ្លាមៗដើម្បីតាមដាន និងវាយតម្លៃស្ថានភាព ២៤/៧។ រដ្ឋាភិបាលថៃកំពុងរក្សាទំនាក់ទំនងជាមួយស្ថានទូតនានានៅក្នុងតំបន់ ដើម្បីចេញការព្រមាន និងការណែនាំដល់ពលរដ្ឋជាបន្ទាន់។ ក្រៅពីការបង្កើតខ្សែទូរស័ព្ទបន្ទាន់សម្រាប់គ្រាអាសន្ន ប្រទេសថៃក៏បានរៀបចំផែនការជម្លៀស និងណែនាំពលរដ្ឋឱ្យពិចារណាដោយប្រុងប្រយ័ត្នអំពីការធ្វើដំណើរទៅកាន់តំបន់ទាំងនេះ ប្រសិនបើគ្មានការងារចាំបាច់។
រដ្ឋាភិបាលសិង្ហបុរីបានចេញសេចក្តីណែនាំសន្តិសុខយ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យពលរដ្ឋនៅទីក្រុងដូហា (កាតា) អាប៊ូដាប៊ី (UAE) និងឌូបៃ (UAE) ស្នាក់នៅផ្ទះ ឬនៅកន្លែងសុវត្ថិភាព បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទុះនៅក្នុងតំបន់។ ចាប់តាំងពីម្សិលមិញមក សិង្ហបុរីបានបង្កើនការត្រួតពិនិត្យសន្តិសុខលើអ្នកដំណើរ ទំនិញ និងយានយន្តនៅគ្រប់ច្រកព្រំដែនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយសារតែស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ា។
ក្នុងពេលជាមួយគ្នានោះ ម៉ាឡេស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហារតបតវិញ ដែលផ្តោតលើរដ្ឋឈូងសមុទ្រជាច្រើនទៀត។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានហៅវាថាជា «សោកនាដកម្ម» ថ្មីមួយ ខណៈដែលបញ្ហាហ្គាហ្សានៅតែមិនទាន់ដោះស្រាយបាន។ ក្រសួងការបរទេសម៉ាឡេស៊ីបានផ្តល់ខ្សែទូរស័ព្ទបន្ទាន់ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន៕








