ព័ត៌មាន
ប្រជាជន និងមិត្តភ័ក្តិអន្តរជាតិយ៉ាងច្រើនកុះករ មកគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងថ្ងៃកាន់ទុក្ខជាតិ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចរៀបចំពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong តាមពិធីបុណ្យសពថ្នាក់ជាតិ។
ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៥ - ២៦ ខែកក្កដា ប្រធានរដ្ឋ លោក To Lam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Tran Thanh Man និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានដឹកនាំគណៈប្រតិភូបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។
ប្រទេសជាច្រើនរួមមាន ឡាវ ចិន កម្ពុជា គុយបា កូរ៉េខាងត្បូង អូស្ត្រាលី... បានបញ្ជូនតំណាងជាន់ខ្ពស់មកគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។
គណៈប្រតិភូជាច្រើនពីក្រសួង មន្ទីរ ផ្នែក អង្គភាព ប្រជាជនក្នុងស្រុក គណៈប្រតិភូការទូត និងមិត្តភក្តិអន្តរជាតិ បានទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស នៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong (ហាណូយ) សាល Thong Nhat នៅទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។
យោងតាមគណៈកម្មការរៀបចំបុណ្យសព គិតត្រឹមម៉ោង ១២៖៣០នាទី ថ្ងៃទី ២៦ ខែកក្កដា មានគណៈប្រតិភូជិត ៦០០០ តំណាងឱ្យស្ថាប័ន និងអង្គភាពមជ្ឈិម និងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អ្នកមុខអ្នកការ គណៈប្រតិភូអន្តរជាតិចំនួន១០០ក្រុម ជនរួមជាតិចំនួន ២៥០.០០០ នាក់បានមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ ប្រជាជន នាយទាហាន និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធចំនួនជិត ៥០០.០០០ នាក់ បានផ្ញើរសាររំលឺកទុក្ខ តាមរយៈសៀវភៅកាន់ទុក្ខតាមអេឡិចត្រូនិក។
មានមេដឹកនាំប្រទេស/តំបន់ដែនដីចំនួន ១០១ បានផ្ញើសំបុត្រ សារទូរលេខ និងសាររំលែកទុក្ខចំនួន ៣៧០ ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong៕