ភូមិអេកូទេសចរណ៍សហគមន៍ Tra Nhieu ស្រុក Duy Xuyen មានចម្ងាយតែ ៥
គីឡូម៉ែត្រពីទីក្រុង Hoi An (Quang Nam) និង ៣០
គីឡូម៉ែត្រពីទីក្រុង Da Nang ប៉ុណ្ណោះ។ ទីនេះមានព្រៃដូង ១០
ហិកតា ជាមួយនឹងភូមិរបរប្លែកៗជាច្រើន។ លោក Pham Minh Tam ម្ចាស់សេវាកម្មទូកកញ្ជើ
Co Mot នៅឃុំ Duy Vinh បានធ្វើទេសចរណ៍អស់រយៈពេល
៧ ឆ្នាំមកហើយ ដោយភាគច្រើននាំភ្ញៀវទេសចរទៅទស្សនាព្រៃដូង និងបោះសំណាញ់។
នៅថ្ងៃជាប់មមាញឹក គ្រឹះស្ថានរបស់លោកទទួលបានអតិថិជនប្រហែល ៥០ ទៅ ១០០ នាក់
ភាគច្រើនជាជនបរទេស។ លោក Pham Minh Tam បាននិយាយថា
គ្រឹះស្ថានរបស់លោកមានទូកកញ្ជើចំនួន ១៥ គ្រឿង
ដែលបានបង្កើតការងារដល់កម្មករប្រចាំស្រុកជាច្រើននាក់៖
“ភ្ញៀវទេសចរមកទស្សនាព្រៃដូង រួចជិះទូក។
ខ្ញុំក៏មានសេវាកម្មបម្រើអាហារពេលថ្ងៃត្រង់សម្រាប់ភ្ញៀវទេសចរផងដែរ។
ការជិះទូកកញ្ជើមួយវគ្គមានពី ៦ ដល់ ៧ គ្រឿង បម្រើភ្ញៀវពី ១៤ ទៅ ១៦ នាក់ ភ្ញៀវ ២
នាក់ជិះទូកមួយ មានតម្លៃ ១០ ម៉ឺនដុង
ចំណែកឯអាហារថ្ងៃត្រង់គឺអាស្រ័យលើមុខម្ហូបដែលភ្ញៀវកុម្ម៉ុង់។ ខ្ញុំសង្ឃឹមថា
ភ្ញៀវទេសចរនឹងមកកាន់តែច្រើនឡើងៗ រូបខ្ញុំផ្ទាល់និងប្រជាជនសប្បាយរីករាយណាស់
ដោយសារមានប្រាក់ចំណូលប្រចាំថ្ងៃ”។
នៅឃុំ Duy Xinh លោកស្រី Le Thi Thanh Nga បានជួលដីដែលបោះបង់ចោលចំនួន
២ ហិកតា ដើម្បីផលិតស្រូវពណ៌ស្វាយ តាមវិធីសាស្ត្រសរីរាង្គ។
ក្រោយពីប្រមូលផលបានខ្ពស់ៗជាច្រើនរដូវហើយ លោកស្រី Nga បានបន្តពង្រីកផ្ទៃដីដាំស្រូវឡើងដល់
៥ ហិកតា។ ជារៀងរាល់ឆ្នាំ គ្រឹះស្ថាននេះផ្គត់ផ្គង់ស្រូវអង្ករដល់ទីផ្សារបានជាង ៣០
តោន រួមមានអង្ករពណ៌ស្វាយពាណិជ្ជកម្ម និងផលិត
ផលមួយចំនួនពីអង្ករពិសេសនេះដូចជា៖ ទឹកដោះអង្ករខ្មៅ ស្រាអង្ករខ្មៅ
តែអង្ករខ្មៅ។ នៅទីនេះ ជារៀងរាល់ថ្ងៃ ទាក់ទាញភ្ញៀវទេសចរជិត ២០០ នាក់ឱ្យមកទស្សនា។
ភ្ញៀវទេសចរមកទិញផលិតផលអង្ករពណ៌ស្វាយ ហើយសាកពិសោធន៍ដាំស្រូវ រើសបន្លែ
និងចម្អិនអាហារដោយខ្លួនឯង ដើម្បីទទួលទាននៅនឹងកន្លែង។ លោកស្រី Le Thi Thanh
Nga បានឲ្យដឹងថា៖
“ខ្ញុំចាប់អាជីពធ្វើទេសចរណ៍កសិកម្មចាប់តាំងពីឆ្នាំ ២០១៩ មក
ដោយមានបំណងចង់បង្កើនតម្លៃកសិផលដែលផលិតដោយកសិករផ្ទាល់ខ្លួន។
ការធ្វើកសិកម្មដោយផ្សាភ្ជាប់នឹងទេសចរណ៍នោះ
គឺជាគន្លឹះដើម្បីនាំចេញកសិផលនៅនឹងកន្លែង។ ផលិតផលនេះត្រូវបាននាំចេញទៅប្រទេសផ្សេងៗ។
នេះជាគំរូដ៏មានប្រសិទ្ធភាពមួយដែលគួរតែចម្លងឱ្យប្រជាកសិករជាច្រើនធ្វើរួមគ្នា។
បច្ចុប្បន្នមានយុវជនជាច្រើនមកសិក្សានិងទស្សនាគំរូនេះ”។
បច្ចុប្បន្នស្រុក Duy Xuyen មានប្រជាជនចំនួន ២៥ គ្រួសារដែលវិនិយោគលើវិស័យទេសចរណ៍កសិកម្ម
និងអេកូទេសចរណ៍ រួមចំណែកបង្កើតការងារជូនកម្មករជាច្រើន
ហើយនាំមកនូវប្រភពចំណូលគួរឲ្យកត់សម្គាល់ដល់ប្រជាជន។ លោក Phan Xuan Canh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Duy Xuyen ខេត្ត Quang
Nam បានឲ្យដឹងថា
មូលដ្ឋានមានគោលនយោបាយជាច្រើនដើម្បីគាំទ្រប្រជាជនក្នុងការធ្វើទេសចរណ៍
បណ្តុះបណ្តាលជំនាញបម្រើភ្ញៀវ ហើយនាំប្រជាជនទៅទស្សនា
និងសិក្សានៅតាមមូលដ្ឋានផ្សេងទៀត៖
“មូលដ្ឋានដទៃទៀតក៏ជំរុញខ្លាំងនូវការផលិតកម្មកសិកម្មដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍសេវាកម្មទេសចរណ៍
ដើម្បីបង្កើនតម្លៃ
និងប្រាក់ចំណេញសម្រាប់ប្រជាកសិករតាមរយៈតំបន់អេកូទេសចរណ៍នៅក្នុងសហគមន៍។ ឧទាហរណ៍
ភូមិស្លា Tra Dong ដែលជាគំរូដាំដើមឈើហូបផ្លែ
បង្កើតគោលដៅទេសចរណ៍ដោយផ្សាភ្ជាប់ជាមួយនឹងការធ្វើផលិតកម្មកសិកម្ម។ គំរូទាំងនេះ
ដំបូងឡើយបានបង្កើតផលិតផលថ្មី រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន”។
វាយតំលៃពីការអភិវឌ្ឍអេកូទេសចរណ៍នៅស្រុក
Duy
Xuyen លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Quang Nam បានឲ្យដឹងថា៖
គំរូទាំងនេះបានរួមចំណែកធ្វើពិពិធកម្មនូវផលិតផលទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ច
ផ្សារភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយវប្បធម៌។
“ទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍គ្រួសារ
ទាំងនេះគឺជាគំរូមួយចំនួនដែលយើងខ្ញុំឃើញថា នៅពេលដែលទេសចរណ៍ត្រូវបានស្ដារឡើងវិញ
ចំនួនភ្ញៀវគឺច្រើនណាស់។
យើងខ្ញុំមានគោលនយោបាយមួយចំនួនដើម្បីទាក់ទាញការវិនិយោគពីអង្គភាពអាជីវកម្ម
ទីមួយគឺកាត់បន្ថយបែបបទរដ្ឋបាល
ជួយឱ្យអង្គភាពអាជីវកម្មកាន់តែងាយស្រួលក្នុងការចូលដំណើរការ។ ទី២
គឺការប្រគល់ផ្ទៃដីដល់វិនិយោគិន បង្កើតលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធអំណោយផល
និងការតភ្ជាប់រវាងតំបន់ទំនាប និងតំបន់ភ្នំ”។
ប្រជាកសិករនៅស្រុក
Duy
Xuyen ឥឡូវនេះជាផលិតករផង
និងជាមគ្គុទ្ទេសក៍ទេសចរណ៍បម្រើភ្ញៀវទេសចរមកពីគ្រប់ទិសទីផង។
ដើម្បីឱ្យទេសចរណ៍ជនបទមានការអភិវឌ្ឍបន្ថែមទៀត ក្រៅពីការជួយឧបត្ថម្ភ
គាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ... ប្រជាកសិករ កំពុងកែលម្អផលិតផល
មធ្យោបាយទាក់ទាញភ្ញៀវទេសចរ និងលើកកំពស់គុណភាពសេវាកម្មពីមួយថ្ងៃទៅមួយថ្ងៃ
ដើម្បីធ្វើអោយ Duy Xuyen ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម៕







