នៅទីក្រុងហូជីមិញ ប្រជាជនយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅតាមចំណុចទទួលជំនួយដែលរៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ដើម្បីបរិច្ចាគទឹកប្រាក់ អាហារ សម្លៀកបំពាក់ ដល់ប្រជាជននៅខេត្តយ៉ាឡាយ ដាកឡាក់ ឡឹមដុង និងខាញ់ហ័រ។ មនុស្សទាំងអស់គ្នាចែករំលែកបំណងប្រាថ្នាដូចគ្នាថា ប្រជាជននៅតំបន់ទឹកជំនន់នឹងជំនះពុះពារការលំបាក ហើយស្ដារស្ថេរភាពជីវភាពរស់នៅឡើងវិញក្នុងពេលឆាប់ៗនេះ។
ក្នុងពេលជាមួយគ្នានោះ អាជ្ញាធរនៅតាមមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសក៏កំពុងអនុវត្តន៍វិធានការជាបន្ទាន់ដើម្បីជួយឧបត្ថម្ភខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ។ នៅខេត្តក្វាងនិញ គណៈកម្មាធិការប្រជាជនខេត្ត បានប្រកាសផ្ដល់ជំនួយជាបន្ទាន់ចំនួន ៥០ ពាន់លានដុង (ជាង ១,៩ លានដុល្លារអាមេរិក) ដល់ខេត្តឡឹមដុង ហើយនឹងបញ្ជូនសម្ភារៈវេជ្ជសាស្ត្រ និងរបស់របរចាំបាច់ទៅកាន់ខេត្តក្នុងពេលឆាប់ៗនេះ។ កាលពី ថ្ងៃទី ២១ ខែវិច្ឆិកា ទីក្រុងហាណូយក៏បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០ ពាន់លានដុងដល់ខេត្តយ៉ាឡាយផងដែរ។
នាថ្ងៃទី ២២ ខែវិច្ឆិកា ថ្នាក់ដឹកនាំជាច្រើនរបស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ក៏បានធ្វើដំណើរដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តខាញហ័រ យ៉ាឡាយ ឡឹមដុង និងដាកឡាក់ ដើម្បីដឹកនាំការងារជំនះពុះពារលើផលវិបាកនៃទឹកជំនន់ ក៏ដូចជាសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅមូលដ្ឋានផងដែរ៕







