គិតត្រឹមយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ តំបន់ជាច្រើននៅខេត្ត Khanh Hoa មានភ្លៀងធ្លាក់តិច ក្រោយរយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ នៅបណ្តាឃុំ Tay Khanh Vinh, Dien Dien, Suoi Dau, Suoi Hiep, Tay Nha Trang, Bac Cam Ranh, Ba Ngoi ទឹកជំនន់បានស្រកចុះជាបណ្ដើរៗ ហើយប្រជាជនបានចាប់ផ្តើមសម្អាតលំនៅដ្ឋាន បន្ទាប់ពីត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់អស់រយៈពេលដ៏យូរ។
កម្លាំងសមត្ថកិច្ច រត់ប្រណាំងជាមួយពេលវេលាដើម្បីជួយសង្គ្រោះប្រជាជននៅក្នុងតំបន់លិចទឹកជ្រៅ។ រូបថត៖ VOV
ស្រដៀងគ្នានេះដែរ នៅខេត្ត Gia Lai ភ្លៀងក៏បានថយចុះ ហើយទឹកជំនន់ក៏បានស្រកចុះ។ ទោះជាយ៉ាងណាក៏ដោយ នៅកន្លែងជាច្រើន កម្រិតទឹកនៅតែខ្ពស់ មានហានិភ័យនៃការជន់លិចប្រសិនបើមានភ្លៀងធ្លាក់ម្តងទៀត ដូច្នេះហើយ នៅក្នុងសង្កាត់មួយចំនួន អាជ្ញាធរមូលដ្ឋានបានណែនាំប្រជាជនកុំឱ្យត្រឡប់ទៅផ្ទះវិញ។
ក្នុងពេលនោះ ខេត្ត Dak Lak នៅតែបន្តរងផលប៉ះពាល់យ៉ាងខ្លាំង។ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តក្នុងតំបន់ Tay Hoa, Dong Hoa, Tuy An Bac, Dong Xuan, Xuan Loc និង Binh Kien។ កងកម្លាំងសមត្ថកិច្ចខេត្ត Dak Lak បន្តខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះប្រជាជន។ លោក Ta Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា៖ “មានទីតាំងមួយចំនួនដែលយើងជិតទៅដល់ហើយ ប៉ុន្តែជាទីបំផុតមិនអាចចូលទៅបានទេ។ កងកម្លាំងប្រដាប់អាវុធបានប្រើប្រាស់មធ្យោបាយជាច្រើន រួមទាំងទូកកាណូតដែលមានកម្លាំងខ្លាំង ប៉ុន្តែនៅតែមិនអាចទៅដល់ទីតាំងនោះបាន។ ក្នុងយប់នេះ និងថ្ងៃស្អែក យើងនឹងព្យាយាមទៅដល់ទីតាំងទាំងនោះ។ សូមស្នើឱ្យក្រសួងការពារជាតិបន្តគាំទ្រដល់កងកម្លាំង ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចការងារបន្ទាប់ពីទឹកស្រក ដើម្បីទប់ស្កាត់ការផ្ទុះឡើងជំងឺរាតត្បាត”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម