ព័ត៌មាន
បង្កើតជំហានអភិវឌ្ឍន៍ថ្មី ជាក់ស្តែងនិងមានប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី
នៅក្នុងជំនួបនេះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និលោកជំទាវងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលបានចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងកងទ័ពប្រជាជនវៀតណាម ដែលបានបញ្ជូនកងកម្លាំងចូលរួមព្យុហយាត្រានៅទីលានក្រហមនាថ្ងៃទី ៩ ឧសភា។
ចំណែកខ្លួនវិញ លោកអគ្គលេខាបក្ស តូ ឡឹម បានអបអរសាទរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍរបស់រុស្ស៊ីក្នុងរយៈពេលថ្មីៗនេះក្រោមការដឹកនាំរបស់លោកប្រធានាធិបតីពូទីន។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចក្នុងបរិបទនៃប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៃប្រទេសនីមួយៗ; ឯកភាពថា គួរតែមានគម្រោងជាក់ស្តែងមានលក្ខណៈនិមិត្តរូបសម្រាប់ទំនាក់ទំនងមិត្ត ភាពវៀតណាម-រុស្ស៊ីក្នុងយុគសម័យថ្មី។
ភាគីទាំងពីរបានឯកភាពគាំទ្រសហគ្រាសថាមពលនិងប្រេង និងឧស្ម័ននៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ បើកទូលាយការវិនិយោគ និងប្រតិបត្តិការលើទឹកដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការបង្កើតការអភិវឌ្ឍន៍ថ្មីៗ ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យាជីវសាស្រ្ត ឧស្សាហកម្ម semiconductor ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងព័ត៌មាន។ ក្នុងវិស័យការពារជាតិ សន្តិសុខ និងបច្ចេកវិទ្យាយោធា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី សន្តិសុខតាមអ៊ីនធឺណិត និងការទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។
ក្នុងឱកាសនេះ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការតម្រង់ ទិសសំខាន់ៗនៃទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ីក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ។
បន្ទាប់ពីជំនួបពិភាក្សា លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ពូ ទីនបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការជាច្រើនរវាងភាគីទាំងពីរ រួមមាន៖ អនុស្សរណៈយោគយល់ចំនួន ៥ លើវិស័យសុខាភិបាល ទេសចរណ៍ អប់រំ និងវប្បធម៌ ក្នុងនោះមានអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យុសម្លេង វៀតណាម និងទីភ្នាក់ងារថវិការដ្ឋនៃសហព័ន្ធរុស្ស៊ី ស្តីពីការរៀបចំ ផលិត និងផ្សព្វផ្សាយ កម្មវិធីតន្ត្រី វប្បធម៌ និងអប់រំនៃ “មជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍តន្ត្រីរុស្ស៊ី”; កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកម្មវិធីកិច្ចសហប្រតិបត្តិការចំនួន៤; ពិធីសារចំនួនពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ ស្តីពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យរុករក ភូគព្ភសាស្ត្រ និងការធ្វើអាជីបកម្មប្រេង និងឧស្ម័ននៅលើខ្ពង់រាបបាតសមុទ្រវៀតណាម រួមទាំងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនទៀត។
អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតីពូទីនបានមានប្រសាន៍ថា ជំហររបស់ភាគីទាំងពីរបានឈានដល់កម្រិតខ្ពស់នៃការឯកភាពគ្នានៅក្នុងកិច្ចចរចា។ ភាគីទាំងពីរប្តេជ្ញាគាំទ្រឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក; គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ ; ទន្ទឹមនឹងនោះ អះអាងថានឹងបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងរុស្ស៊ី និងវៀតណាមនាពេលខាងមុខ។
រីឯខ្លួនវិញ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាខ្ពស់លើបញ្ហាអាទិភាពមួយចំនួនក្នុងយុគសម័យសហប្រតិបត្តិការថ្មី ដូចជា៖ បង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ជំរុញទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការដូចជា៖ ថាមពលស្អាត ឧស្សាហកម្មឧបត្ថម្ភ សេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ-បណ្តុះបណ្តាល ពលកម្ម វប្បធម៌ និងទេសចរណ៍៕