ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូនេស៊ី
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៣ និងសន្និសីទពាក់ព័ន្ធនានានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) ជាមួយនឹងសហគ្រាសគំរូមួយចំនួនរបស់ឥណ្ឌូនេស៊ី។
ថ្លែងមតិនៅជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសហគ្រាសនៃប្រទេសទាំងពីរ ជាពិសេស KADIN និងសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ពង្រឹងការតភ្ជាប់និងសម្របសម្រួលផ្លាស់ប្តូរព័ត៌មាន កសាងកម្មវិធី គម្រោង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់ស្តែង យូរអង្វែង ធានាផលប្រយោជន៍សមស្របរវាងភាគីនានា។ បណ្ដាសហគ្រាសនិងវិនិយោគិនឥណ្ឌូនេស៊ី បន្តជំរុញខ្លាំងការវិនិយោគលើវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាពិសេសគឺចរាចរណ៍ បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មឧបត្ថម្ភ អេឡិចត្រូនិក ការផ្លាស់ប្តូរថាមពល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលរួមដំណើរ ចែករំលែក ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសនិយាយរួម និងវិនិយោគិនឥណ្ឌូនេស៊ីអនុវត្តសកម្មភាពវិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យ ចីរភាព និងយូរអង្វែងនៅវៀតណាម។
រីឯខ្លួនវិញ សហគ្រាសឥណ្ឌូនេស៊ីមានបំណងបន្តវិនិយោគនៅវៀតណាមលើវិស័យហិរញ្ញវត្ថុ - ធនាគារ ផ្លាស់ប្តូរបៃតង ក្នុងនោះមានការផ្លាស់ប្តូរថាមពលដូចជាថាមពលកកើតឡើងវិញ រថយន្តអគ្គិសនី វិនិយោគឧស្សាហកម្មរ៉ែ វិនិយោគអចលនទ្រព្យ ក្នុងនោះមានការអភិវឌ្ឍន៍លំនៅដ្ឋានសង្គម តភ្ជាប់ក្នុងផលិតកម្មកសិកម្ម៕