នាព្រឹកថ្ងៃទី២០ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរបស់ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងារថែទាំដល់ប្រជាជនក្នុងឱកាសបុណ្យតេត។
ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម (រូបថត៖ VOV.VN)
កិច្ចប្រជុំនេះគឺសំដៅត្រួតពិនិត្យឡើងវិញការងារត្រៀមរៀបចំសម្រាប់បុណ្យតេតខាងមុខនេះ ដើម្បីមិនទុកអោយនរណាម្នាក់ ជាពិសេសគឺគ្រួសារក្រីក្រ គ្មានបុណ្យតេត ហើយមិនទុកអោយកម្មករណាម្នាក់ខ្វះប្រាក់ខែក្នុងបុណ្យតេតនោះឡើយ។
តាមរបាយការណ៍របស់ក្រសួងឧស្សាហពាណិជ្ជកម្មបានអោយដឹងថា ក្រសួងបានត្រៀមរៀបចំប្រភពទំនិញយ៉ាងគ្រប់គ្រាន់ អនុវត្តកម្មវិធីរក្សាស្ថិរភាពតម្លៃទីផ្សារ ជាពិសេសគឺចំពោះមុខទំនិញសាច់ជ្រូក បែងចែកទំនិញទៅ កាន់តំបន់ជនបទ ព្រៃភ្នំ កោះសមុទ្រ បង្កើនការត្រួតពិនិត្យទីផ្សារ ប្រឆាំងនឹងអំពើរត់ពន្ធ លួចបន្លំពាណិជ្ជកម្ម ធានាសុវត្ថិភាពអនាម័យចំណីអាហារ។
ក្នុងពេលជាមួយគ្នា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានអោយដឹងថា សកម្មភាពថែទាំដល់មុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជនក្រីក្រនិងពលករនៅតាមតំបន់នានាទូទាំងប្រទេសក្នុង ឱកាសបុណ្យតេតប្រពៃណីនេះត្រូវបានយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់។ ថ្លែងមតិបញ្ជាដឹកនាំនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា៖
“សំណូមពរអោយអាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់មិនត្រឹមតែត្រៀមរៀបចំទំនិញនៅតំបន់នគរជនបទប៉ុណ្ណោះទេ ថែមទាំងត្រូវយកចិត្តទុកដាក់ដល់តំបន់ឆ្ងាយដាច់ស្រយាលទៀតផង។ បណ្ដាស្ថាប័ន សហគ្រាសត្រូវធានាប្រាក់ខែ ប្រាក់រង្វាន់។ ទន្ទឹមនឹងនោះ ធានាសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ប្រជាជនអោយបានល្អបំផុត ជាពិសេសគឹតំបន់ជនបទ ហើយបន្តត្រួតពិនិត្យបណ្ដាពិធីបុណ្យក្រោយពីបុណ្យតេតនៅតាមតំបន់ដើម្បីធានាសន្តិសុខសុវត្ថិភាពផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម