ព័ត៌មាន
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោករដ្ឋមន្ត្រី U Kyaw Tin
នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី វៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប សន្ទនាជាមួយរដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ ម៉ា លោក U Kyaw Tin ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មា ធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ មីយ៉ាន់ម៉ាក្នុងការជំរុញដំណើរការសន្តិភាពនិងការផ្សះផ្សាជាតិ ព្រមទាំងគូសបញ្ជាក់ ថា វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកបទពិសោធន៍ជាមួយមីយ៉ាន់ម៉ា ក្នុងការដោះស្រាយបញ្ហាជនជាតិក៏ដូចជាទំនាក់ទំនងកិច្ចការបរទេស។ វៀតណាមក៏ចង់ឱ្យប្រទេសទាំងពីរ បន្តធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងឆ្នាំដែល វៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដំណាក់កាល ២០២០-២០២១។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមីយ៉ាន់ម៉ា បញ្ចេញសំឡេងវិជ្ជមានដើម្បីគាំទ្រជំហររបស់វៀតណាម លើបញ្ហាសមុទ្រខាងកើត។ ដោយអះអាងថា សក្កានុពលនៃកិច្ចសហប្រតិ បត្តិការរវាងភាគីទាំងពីរនៅមានទំហុំធំធេងណាស់ ហេតុដូច្នេះ នាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរ ជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគនិងទេសចរណ៍ ជាពិសេស បង្កើនការផ្លាស់ប្តូរគណៈប្រតិភូសហគ្រាស និងការផ្លាស់ប្តូរទំនិញជាដើម។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី U Kyaw Tin បានជឿជាក់ថា មីយ៉ាន់ម៉ាតែងតែគាំទ្រវៀត ណាមជានិច្ច ក្នុងបញ្ហាតំបន់និងអន្តរជាតិ ក៏ដូចជាគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណាត្តិ ២០២០-២០២១។ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រស្រើ ជាពិសេសលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ លោករដ្ឋមន្ត្រីបាន ជឿជាក់ថាគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ នឹងក្លាយជាការពិតជាមិនខាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម