លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន អាញយុង នាយករងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ
បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ទីក្រុងនឹងកៀរគរគ្រឹះស្ថានសុខាភិបាលចំនួន
៤៨០ កន្លែងក្នុងតំបន់ ដើម្បីចូលរួមកម្មវិធីត្រួតពិនិត្យសុខភាពជាសកល។
បុគ្គលិកពេទ្យសរុបចំនួន ១០.០០០ នាក់ត្រូវបានបណ្តុះបណ្តាល
និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីនេះ។ ឃុំ សង្កាត់
ឬតំបន់ពិសេសនីមួយៗត្រូវបានតភ្ជាប់ជាមួយគ្រឹះស្ថានពិនិត្យព្យាបាលមួយឬច្រើនកន្លែង
ដែលសមស្របទៅនឹងទំហំប្រជាជន និងលក្ខណៈភូមិសាស្ត្រនៃតំបន់។
ដើម្បីធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ទីក្រុងហូជីមិញបានបែងចែកកាលវិភាគអនុវត្តន៍ជាក្រុមៗ។ ក្នុងនោះ ពលករផ្លូវការប្រមាណ ៦ លាននាក់ រួមទាំងកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលករនៅអាជីវកម្មនានា នឹងត្រូវបានពិនិត្យសុខភាពមុនថ្ងៃទី ៣១ ខែតុលា។ ដោយឡែកកម្មាភិបាលនិងបុគ្គលិកក្នុងវិស័យសុខាភិបាល នឹងត្រូវបានពិនិត្យសុខភាពនៅក្នុងខែកក្កដាតែម្ដង។ សម្រាប់សិស្សានុសិស្សនិងនិស្សិត ជាង ៣,៥ លាននាក់ ការពិនិត្យសុខភាពនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីចូលឆ្នាំសិក្សាថ្មី ហើយត្រូវបានបញ្ចប់មុនថ្ងៃទី ៣១ ខែតុលា៕




