អគ្គលេខាបក្ស លោក តូ ឡឹម ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ ឲ្យអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ លោកអគ្គលេខាបក្សបានស្នើឲ្យប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ រួមទាំងការទប់ស្កាត់ការនេសាទ IUU និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ព្រះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស មានបំណងចង់ជំរុញថែមទៀតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រ៊ុយណេ និងវៀតណាម។ ព្រះចៅ ស៊ុលតង់បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម-ស្បៀងអាហារ ហាឡាល់ លើកទឹកចិត្តសហគ្រាសវៀតណាមឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេងនិងឧស្ម័ន បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាល។
ដោយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលអនាគត មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនុកចិត្តនយោបាយ; ជំរុញនិងបង្កលក្ខណៈអំណោយផលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងការតភ្ជាប់និងគាំទ្រសហគ្រាស; ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងទៀត ដូចជា កសិកម្ម នេសាទ ហាឡាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសន្យាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ៕








