ព័ត៌មាន
ក្រុមជួយសង្គ្រោះវៀតណាមទៅកាន់វេណេស៊ុយអេឡាដើម្បីគាំទ្រការងារជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដី
នាថ្ងៃត្រង់ថ្ងៃទី ២៩ ខែមិថុនា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដែលដឹកក្រុមការងារវៀតណាមទៅចូលរួមការងារជួយសង្គ្រោះនិងជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡាបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Maiquetia។ ក្រុមមានកម្មាភិបាល និងយុទ្ធជនចំនួន ១២៤ នាក់មកពីក្រសួងការពារប្រទេស និងក្រសួងនគរបាល។
ថ្លែងនៅក្នុងពិធីស្វាគមន៍ក្រុមការងារវៀតណាមនៅអាកាសយានដ្ឋាន រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto បានអះអាងថា ការដែលប្រទេសវៀតណាមបានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ប្រទេសវេណេស៊ុយអេឡា គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពប្រពៃណី និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ចំណែកប្រធានក្រុមការងារវៀតណាម លោកឧត្តមសេនីយ៍ត្រី Pham Van Ty បានឲ្យដឹងថា កងកម្លាំងនឹងអនុវត្តន៍បេសកកម្ម ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយចាត់ទុកការជួយសង្គ្រោះប្រជាជនវេណេស៊ុយអេឡា ដូចជាការជួយសង្គ្រោះជនរួមជាតិរបស់ខ្លួនដែរ។
បន្ទាប់ពីក្រុមការងារមកដល់កន្លែងស្នាក់នៅ រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា លោកនាយឧត្តមសេនីយ៍ Gustavo Lopez បានទៅសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បណ្ដាកម្មាភិបាលនិងយុទ្ធជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ Gustavo Lopez បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការ របស់កងកម្លាំងប្រដាប់អាវុធវៀតណាម ព្រមទាំងជឿជាក់ថាទំនាក់ទំនងមិត្តភាព និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពទាំងពីរនិយាយដោយឡែក នឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍។
នាថ្ងៃដដែល ថ្លែងទៅកាន់សារព័ត៌មាន ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភដល់វេណេស៊ុយអេឡា បន្ទាប់ពីការរញ្ជួយដីពីរលើកជាប់ៗគ្នា ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានី Caracas និងរដ្ឋ La Guaira។ លោកស្រី Delcy Rodríguez បានឲ្យដឹងថា ការចូលរួមរបស់ក្រុមជួយសង្គ្រោះវៀតណាមនឹងបង្កើនសមត្ថភាពគួរឲ្យកត់សម្គាល់ក្នុងការស្វែងរក ជួយសង្គ្រោះ និងការជួយឧបត្ថម្ភមនុស្សធម៌នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ រហូតមកដល់បច្ចុប្បន្ន ប្រទេសប្រហែល ៣០ បានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ប្រទេសវេណេស៊ុយអេឡា៕





