ទាក់ទងនឹងគ្រោះថ្នាក់ទូកកាណូនៅភូគុក (Phu Quoc) ដែលបានកើតឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដែលបណ្តាលមកពីអាកាសធាតុអាក្រក់ គិតត្រឹមពេលនេះ ក្រសួងការបរទេសវៀតណាមបាននិងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងតំបន់ពិសេសភូគុក រួមជាមួយនឹងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ ដើម្បីអនុវត្តន៍ជាបន្ទាន់នូវវិធានការគាំពារពលរដ្ឋឥណ្ឌាដែលរងគ្រោះ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយទ្រុង បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងក្រុមគ្រួសារជនរងគ្រោះ ហើយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានដឹកនាំស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធឱ្យអនុវត្តន៍វិធានការចាំបាច់ទាំងអស់ដើម្បីគាំទ្រដល់ជនរងគ្រោះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រសួងការបរទេសនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងតំបន់ពិសេសភូគុក ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ ដើម្បីតាមដានករណីនេះយ៉ាងដិតដល់ អនុវត្តន៍ជាបន្ទាន់នូវការងារកុងស៊ុល ការគាំពារពលរដ្ឋ និងនាំសាកសពភ្ញៀវទេសចរដែលបានស្លាប់ វិលត្រឡប់ទៅប្រទេសឥណ្ឌាវិញឱ្យបានឆាប់រហ័ស ស្របតាមសំណូមពររបស់ក្រុមគ្រួសារជនរងគ្រោះ៕





