ព័ត៌មាន
ការប្ដេជ្ញាចិត្តអន្តរជាតិរបស់វៀតណាមឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធអេកូវប្បធម៌ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព
សម័យប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព និងការដឹកនាំរបស់ឯកអគ្គរដ្ឋទូត ប្រធានតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃប្រទេសប៉ាណាម៉ា ប្រចាំនៅអង្គការយូណេស្កូលោកស្រី Elia Del Carmen Guerra Jurado ។ វៀតណាម បែលហ្សិក រូម៉ានី និងនីហ្សេរីយ៉ា ទទួលតួនាទីជាអនុប្រធានមហាសន្និបាត។
ថ្លែងមតិក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ UNESCO លោកស្រី Le Thi Hong Van បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធានាការគ្រប់គ្រងអនុសញ្ញា អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអាទិភាពយុទ្ធសាស្ត្រ ក្នុងនោះមានបរិយាកាសទីផ្សារ ឌីជីថល ស្ថានភាពរបស់សិល្បករ ក៏ដូចជាអាទិភាពសកលដែលទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងធ្វើការឆ្ពោះទៅរក ដូចជាសមភាពយេនឌ័រ និងប្រទេស កោះតូចកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ វៀតណាមប្តេជ្ញារួមដៃជាមួយបណ្តាប្រទេសសមាជិក និងដៃគូនានា ដើម្បីលើកកំពស់ថាមពលនៃវប្បធម៌ និងគំនិតច្នៃប្រឌិតសម្រាប់ការពឹងផ្អែកលើខ្លួនឯង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បន្ទាប់មកទៀត នៅសម័យប្រជុំការងារស្ដីពីការអនុវត្តអនុសញ្ញាក្នុងបរិយាកាស ឌីជីថល គណៈប្រតិភូវៀតណាមបានផ្តល់ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិលើការធ្វើវិសោធនកម្មច្បាប់កម្មសិទ្ធិបញ្ញាជាមួយនឹងចំណុចថ្មីមួយចំនួនស្ដីពីសិទ្ធិការពារខ្លួន ការទទួលខុសត្រូវផ្នែកច្បាប់ចំពោះកម្មសិទ្ធិបញ្ញា និងសិទ្ធិពាក់ព័ន្ធសម្រាប់សហគ្រាសដែលផ្តល់សេវាអន្តរការី វិធានការបច្ចេកវិទ្យាដើម្បីការពារសិទ្ធិ និងជំរុញសកម្មភាពអនុវត្តសិទ្ធិក្នុងបរិយាកាសឌីជីថល៕