អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើឱកាស និងបញ្ហាប្រឈមនានាក្នុងស្ថានភាពថ្មី និងការពង្រឹងការសម្របសម្រួលរវាងការទូតនិងអាជីវកម្ម ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងនៅព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង បានសង្កត់ធ្ងន់ថា វៀតណាមកំពុងចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ដែលក្នុងនោះកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ បន្តជាភារកិច្ចដ៏សែនសំខាន់ ដែលរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ហើយកៀរគរធនធានខាងក្រៅ និងលើកកម្ពស់ឋានៈប្រទេសជាតិផងដែរ។ ក្រសួងការបរទេស ដែលមានបណ្តាញស្ថាប័នតំណាងវៀតណាមជិត ១០០ កន្លែងប្រចាំនៅបរទេស តែងតែត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីរួមដំណើរ ជួយគាំទ្រ និងធ្វើជាស្ពានសម្រាប់អាជីវកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម័យប្រជុំ "ការទូតរួមដំណើរជាមួយសហគ្រាស" បន្តបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ផ្នែកការទូត ក្នុងការដាក់ប្រជាជន និងសហគ្រាសនៅចំណុចកណ្ដាលសម្រាប់ការបម្រើ ដោយពង្រីកប្រសិទ្ធភាពនៃបណ្តាញស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស សំដៅរួមដំណើរជាមួយសហគ្រាសក្នុងការទាក់ទាញធនធាន ពង្រីកទីផ្សារ តភ្ជាប់ដៃគូ លើកកម្ពស់នវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែង តាមនោះរួមចំណែកដល់ការពង្រីកលំហអភិវឌ្ឍន៍៕





