អង្គការសហប្រជាជាតិបានជ្រើសរើសថ្ងៃទី ៣០ ខែកក្កដាជារៀងរាល់ឆ្នាំជា "ទិវាពិភពលោកបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស"។ វៀតណាមក៏ជ្រើសរើសថ្ងៃនេះជា “ទិវាប្រជាជនទាំងមូលបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស” ផងដែរ។ វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសនេះ ការពារសិទ្ធិមនុស្ស និងកសាងសង្គមប្រកបដោយសុវត្ថិភាព និងភាពស្អាតស្អំ។
រៀបចំសកម្មភាពជួយជ្រោមជ្រែង "ទិវាពិភពលោកបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស" និង “ទិវាប្រជាជនទាំងមូលបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស” ថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២៥ ក្នុងទម្រង់ជាក់លាក់ ចម្រុះ និងសម្បូរបែប។ (ប្រភព៖ bvhttdl.gov.vn)
វិធានការទូលំទូលាយជាច្រើន
ទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម គឺការពារ និងធានាសិទ្ធិមនុស្ស ជាពិសេសស្ត្រី និងកុមារ។ ដូច្នេះ វៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការសុក្រិតប្រព័ន្ធច្បាប់ក្នុងវិស័យនេះ។
ច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០១១ ចែងយ៉ាង ច្បាស់អំពើការទទួលខុសត្រូវរបស់ភ្នាក់ងាររដ្ឋ និងអង្គការសង្គមក្នុងការបង្ការ រកឃើញ ដោះស្រាយ និងជួយឧបត្ថម្ភជនរងគ្រោះ។ ក្រមច្បាប់ព្រហ្មទណ្ឌដែលធ្វើវិសោធនកម្ម ឆ្នាំ ២០១៥ បានបង្កើនចំណាត់ការយ៉ាងធ្ងន់ធ្ងរលើទង្វើដែលទាក់ទងនឹងការជួញដូរ មនុស្ស ជាពិសេសចំពោះកុមារ និងសកម្មភាពដែលមានការរៀបចំ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយកម្មវិធីជាច្រើន ជាពិសេសកម្មវិធីបង្ការ ប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ តំរង់ទិសដល់ឆ្នាំ ២០៣០។
គួរកត់សម្គាល់ថា ច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៤ ដែលចូលជាធរមានកាលពីថ្ងៃទី ១ ខែកក្កដា កន្លងទៅ បានបំពេញបន្ថែម គោលការណ៍សំខាន់ៗ ដើម្បីបំពេញតម្រូវការជាក់ស្តែង ស្របតាមសន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាមជាសមាជិក ជាពិសេសគោលការណ៍ “យកជនរងគ្រោះជាកត្តាស្នូល” ដែលពង្រីកវិសាលភាពនៃការការពារ ក៏ដូចជារបបជួយឧបត្ថម្ភដល់ជនរងគ្រោះ។ លោកស្រី Mitsue Pembroke ប្រធានបេសកកម្មស្តីទីនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅវៀតណាម បានធ្វើអត្ថាធិប្បាយថា៖
“យើងទទួលស្គាល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ច្បាប់ស្តីពីការបង្ការ ប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សដែលធ្វើវិសោធនកម្ម បានចូលជាធរមានក្នុងខែនេះ ហើយ ចំណុចមួយក្នុងចំណោមចំណុចលេធ្លោនោះ គឺការយកជនរងគ្រោះជាកត្តាស្នូលក្នុងដំណើរ ការកសាងគោលនយោបាយ។ ច្បាប់ដែលបានធ្វើវិសោធនកម្មក៏បង្កើតលក្ខខណ្ឌ ប្រសើរជាងមុនដល់ការសម្របខ្លួនក្នុងសហគមន៍ឡើងវិញ សម្រាប់គ្រប់មុខសញ្ញា ពីពលរដ្ឋវៀតណាម ជនបរទេសនៅវៀតណាម ជនគ្មានសញ្ជាតិ និងអនីតិជនផងដែរ។ លើសពីនេះ ច្បាប់ក៏បង្កើតលក្ខខណ្ឌសម្រាប់ការជួយឧបត្ថម្ភជនរងគ្រោះក្នុង ការសម្របខ្លួនក្នុងសហគមន៍ឡើងវិញ ហើយមានបទប្បញ្ញត្តិដែលខិតទៅជិត អនុសញ្ញាអន្តរជាតិ”។
ទន្ទឹមនឹងការសុក្រិតប្រព័ន្ធឯកសារច្បាប់នោះ វៀតណាមក៏បង្កើនការឃោសនា ការអប់រំសហគមន៍ និងលើកកម្ពស់ការយល់ដឹងអំពីការបង្ការទប់ស្កាត់ការជួញដូរ មនុស្សនៅកន្លែងដែលងាយរងការកេងប្រវ័ញ្ចផងដែរ។ យោងតាមលោកស្រី Nguyen Thi Minh Huong អនុប្រធានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម បច្ចេកវិទ្យាឌីជីថលគឺជាប្រៀបខ្លាំងមួយដើម្បីផ្សព្វផ្សាយយ៉ាងឆាប់រហ័ស និងប្រកប ដោយប្រសិទ្ធភាពនូវសារស្តីពីការបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើ ចំណាកស្រុកប្រកបដោយសុវត្ថិភាព ដែលអាចខិតជិតមកមហាជនភាគច្រើន។
“យើងបង្កើតកន្លែងសម្រាប់ការផ្លាស់ប្តូររវាងវាគ្មិន ជាមួយស្ត្រី និងយុវជន ដើម្បី ជួយពួកគេស្គាល់ពីកលល្បិចដ៏ស្មោគគ្រោករបស់ជនល្មើសជួញដូរមនុស្ស។ ពីនោះ ស្នើ ដំណោះស្រាយ របៀបល្អ និងប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការយល់ដឹង លើកកម្ពស់តួនាទីរបស់ស្ត្រី និងយុវជនស្ម័គ្រចិត្ត ជាពិសេសយុវនារីក្នុងការឃោសនា ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព”។
វៀតណាមក៏បានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនេះផងដែរ។ មកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងពហុ ភាគីជាច្រើនស្តីពីការបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិដូចជា ចិន កម្ពុជា ឡាវ ថៃ អូស្ត្រាលី ជាដើម។ហើយទន្ទឹមនឹងនោះ បានចូលរួមក្នុងវេទិកាតំបន់ និងសកល ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរ ជាតិដូចជា IOM (អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍) UNODC (ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស) និង UNICEF (មូលនិធិ កុមាររបស់អង្គការសហប្រជាជាតិ) ដើម្បីលើកកំពស់សមត្ថភាព ចែករំលែកព័ត៌មាន និងផ្តល់ជំនួយបច្ចេកទេស។
ការប្រយុទ្ធប្រឆាំងនិងធ្វើចំណាត់ការបទល្មើសនៅតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន
ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក៏ដោយ ប៉ុន្តែការងារបង្ការ ប្រយុទ្ធ ប្រឆាំងបទល្មើសជួញដូរមនុស្សនៅវៀតណាមនៅតែមានបញ្ហាប្រឈមជាច្រើន។ ស្ថានភាពនៃបទល្មើសជួញដូរមនុស្សនៅតែបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ហើយវិធីសាស្រ្ត និងល្បិចនៃការប្រព្រឹត្តល្មើស កាន់តែស្មុគស្មាញនិងសម្បូរបែប។ លោក វរសេនីយ៍ឯក Le Hoang Duong អនុប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរ បាលបានមានប្រសាសន៍ថា៖
“បច្ចុប្បន្ន ជនរងគ្រោះនៃការជួញដូរមនុស្សមិនត្រឹមតែជាស្ត្រី និងកុមារប៉ុណ្ណោះ ទេ ថែមទាំងបានកើតមានករណីជួញដូរបុរស ទារក ទារកក្នុងផ្ទៃ សរីរាង្គ ការពពោះជំនួសទៀតផង។ បណ្ដាញជួញដូរមនុស្សឆ្លងដែនកាន់តែមានភាពស្មុគ្រស្មាញ បង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស ប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចសង្គម និងសន្តិសុខនយោបាយនៃប្រទេសនីមួយៗ ហើយជាមូលហេតុដែលបង្កឲ្យមានអំពើ ខុសច្បាប់ផ្សេងទៀត ដូចជា អន្តោប្រវេសន៍ខុសច្បាប់ ពលកម្មខុសច្បាប់ ពេស្យាចារ ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំតាមអ៊ីនធឺណិត”។
នៅចំពោះមុខបញ្ហាប្រឈមទាំងនោះ វៀតណាមបន្តជំរុញវិធានការស៊ីសង្វាក់គ្នា និងគ្រប់ជ្រុងជ្រោយ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្សជាសកល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម