លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក។ (រូបថត៖ Thong Nhat/VNA)
លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការជំរុញសន្តិភាពនិងការដោះស្រាយជម្លោះ នានាលើពិភពលោក; ព្រមទាំងបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួម ក្នុងការដើរតួនាទីយ៉ាងសកម្ម និងមានទំនួលខុសត្រូវជាស្ពានសម្រាប់សន្តិភាព ដើម្បី ស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ លោកអគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងលោករដ្ឋមន្ត្រី Pete Hegseth និងរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមលោក Phan Van Giang ដោយ បញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបាននិងកំពុងក្លាយ ជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។
| ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Thong Nhat/VNA) |
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Pete Hegseth បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគោរពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយគាំទ្រប្រទេស វៀតណាមដ៏រឹងមាំ ឯករាជ្យ និងវិបុលភាព។ សហរដ្ឋអាមេរិកមានបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការនៅកម្រិតយុទ្ធសាស្ត្រទាំងទ្វេភាគី និងតំបន់ ជាពិសេសក្នុងវិស័យ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខនាវាចរណ៍ ការជួយសង្គ្រោះមនុស្សធម៌ ការបណ្តុះបណ្តាលនាយទាហាន ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា សហរដ្ឋ អាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការកែលម្អសមត្ថភាព ធ្វើទំនើបកម្មឧស្សាហកម្ម ការពារជាតិ និងពង្រីកកម្មវិធីសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពខ្ពស់ផងដែរ។
នៅថ្ងៃដដែល អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសម្តែងជំនឿជាក់ថា ដំណើរ ទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយវៀតណាម-អាមេរិក ឲ្យរីកចម្រើនកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ លោកប្រធានរដ្ឋបានស្នើឲ្យភាគីអាមេរិកសម្របសម្រួលដើម្បីរៀបចំ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump មកវៀតណាមក្នុងពេល ឆាប់ៗនេះ ដោយចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី ដែលបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ដោយពិភាក្សាអំពីបញ្ហាក្នុងតំបន់ ភាគីទាំងពីរបានសម្តែងការគាំទ្រចំពោះជំហរ រួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើសមុទ្រខាងកើត ជាពិសេស គោលការណ៍អំពីការធានាសេរីភាព និងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ និងការ ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ៕