មន្ទីរបញ្ចកោណ កាលពីថ្ងៃទី ២៤ មករា បានប្រកាសពីយុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០២៦។ នេះគឺជាឯកសារយុទ្ធសាស្ត្រទីពីរដែលចេញផ្សាយដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងរយៈពេលមិនដល់ពីរខែផង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងការត្រិះរិះសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយផ្តោតសំខាន់លើការប្រដេញតាមរកផលប្រយោជន៍ដោយឡែករបស់សហរដ្ឋអាមេរិក ជាពិសេសនៅអឌ្ឍគោលខាងលិច និងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីបន្តិចម្តងៗ។
យុទ្ធសាស្ត្រការពារជាតិឆ្នាំ
២០២៦ គឺជាយុទ្ធសាស្ត្រការពារជាតិដំបូងដែលត្រូវបានអាមេរិកធ្វើបច្ចុប្បន្នភាពចាប់តាំងពីឆ្នាំ
២០២២ មក។ នេះក៏ជាឯកសារកត់សម្គាល់ការដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ
ប្រើប្រាស់ជាផ្លូវការនូវឈ្មោះ "ក្រសួងសង្គ្រាម"
ដោយជំនួសឲ្យក្រសួងការពារជាតិ
ដែលជាចំណុចរបត់មួយក្នុងការត្រិះរិះសន្តិសុខរបស់អាមេរិកក្នុងដំណាក់កាលបច្ចុប្បន្ន។
ឆ្ពោះទៅរកសណ្តាប់ធ្នាប់ថ្មី
យុទ្ធសាស្ត្រការពារជាតិឆ្នាំ
២០២៦ ត្រូវបានអាមេរិកប្រកាសត្រឹមតែជាងមួយខែបន្ទាប់ពីយុទ្ធសាស្ត្រសន្តិសុខជាតិ
កាលពីដើមខែធ្នូ ឆ្នាំ ២០២៥។ នៅក្នុងយុទ្ធសាស្ត្រការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក
ការការពារទឹកដីត្រូវបានដាក់នៅពីលើអាទិភាពសកល។ យុទ្ធសាស្ត្រនេះបានសង្កត់ធ្ងន់លើការគ្រប់គ្រងព្រំដែន
ការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ និងឧក្រិដ្ឋកម្មគ្រឿងញៀន
គឺជាភារកិច្ចសន្តិសុខបន្ទាន់។ ចំណុចសំខាន់ទីពីរនៅក្នុងយុទ្ធសាស្ត្រនេះ
គឺការដែលសហរដ្ឋអាមេរិកបាន ផ្លាស់ប្តូរការផ្តោតសំខាន់ផ្នែកសន្តិសុខពីជម្លោះឆ្ងាយៗ
មកកាន់តំបន់អឌ្ឍគោលខាងលិច។ ឯកសារនេះបញ្ជាក់ជាថ្មីនូវគោលលទ្ធិ Monroe
នៅក្នុងបរិបទថ្មី ហើយប្រកាសថា
អាមេរិកត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពដោយឯកតោភាគី
ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៅអឌ្ឍគោលខាងលិច ជាពិសេសចំពោះក្រុម
"ភេរវកម្មគ្រឿងញៀន" នានា។ តំបន់យុទ្ធសាស្ត្រដូចជា Greenland ព្រែកជីកប៉ាណាម៉ា និងឈូងសមុទ្រម៉ិកស៊ិក (ដែលសហរដ្ឋអាមេរិកហៅថា
"ឈូងសមុទ្រអាមេរិក") ត្រូវបានកំណត់ថា ជាផលប្រយោជន៍ មានលក្ខណៈស្លាប់រស់
ដែលសហរដ្ឋអាមេរិកនឹងមិនទទួលយកការឈ្លានពាន ឬបញ្ហាប្រឈមណាមួយពីខាងក្រៅឡើយ។
ការផ្លាស់ប្តូរការផ្ដោតសំខាន់នេះ
ក៏មានន័យថា សហរដ្ឋអាមេរិកលែងចាត់ទុកប្រទេសចិនជាអាទិភាពសន្តិសុខលេខ ១
ដូចនៅក្នុងយុទ្ធសាស្ត្រមុនៗទៀតហើយ។ នៅក្នុងយុទ្ធសាស្ត្រការពារជាតិថ្មី
សហរដ្ឋអាមេរិកចាត់ថ្នាក់ប្រទេសចិនជាអាទិភាពលេខ ២ ដោយបន្តចាត់ទុកមហាអំណាចអាស៊ីនេះជា
គូប្រជែងយុទ្ធសាស្ត្រស្នូលរបស់ខ្លួន ប៉ុន្តែនឹងមានវិធីអភិក្រមជាក់ស្តែងជាងមុន
ចំពោះប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីជៀសវាងការគិតគូខុសឆ្គង
ខណៈពេលដែលរក្សាបាននូវសមត្ថភាពកំញើញ។ លោក Nolan Higdon សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនិងសារព័ត៌មាននៅសាកលវិទ្យាល័យ
Santa Cruz រដ្ឋកាលីហ្វ័រញ៉ា បានធ្វើអត្ថាធិប្បាយថា៖
“ប្រសិនបើក្រឡេកមើលទៅព្រឹត្តិការណ៍ទាំងអស់ ជាពិសេសសុន្ទរកថា
និងសកម្មភាពរបស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំកន្លងទៅ យើងអាចមើលឃើញថា
សហរដ្ឋអាមេរិកហាក់ដូចជាកំពុងសរសេរជំពូកចុងក្រោយសម្រាប់សណ្តាប់ធ្នាប់ពិភពលោកក្នុងសម័យក្រោយសង្គ្រាមលោកលើកទីពីរ។
សំណួរឥឡូវនេះគឺ តើអ្វីនឹងកើតឡើងបន្ទាប់? សហគមន៍អន្តរជាតិហាក់ដូចជាកំពុងឈានទៅដំណាក់កាល
ដែលពិភពលោកនឹងចែករំលែកប្លុកឥទ្ធិពល រវាងអឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី និងចិន”។
តើមានជម្រើសអ្វីខ្លះសម្រាប់សម្ព័ន្ធមិត្ត?
ប្រកាសត្រឹមតែបីសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុនៅវេណេស៊ុយអេឡា
យុទ្ធសាស្ត្រការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក
រួមជាមួយនឹងយុទ្ធសាស្ត្រសន្តិសុខជាតិពីមុន គឺជាសារដែលអះអាងថា
សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
នឹងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវ របៀបវារៈ «អាមេរិកជាអាទិភាពទីមួយ»
ដោយមិនអើពើដល់ផលប៉ះពាល់លើសម្ព័ន្ធមិត្តឡើយ។ នៅក្នុងឯកសារថ្មី សហរដ្ឋអាមេរិកបានតម្រូវឱ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុកដោយចំណាយ
៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ
ថ្វីត្បិតតែ នេះគ្រាន់តែជាថ្នូរនឹងការគាំទ្រដ៏ “សំខាន់
ប៉ុន្តែមានកម្រិត” ពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ ទស្សនៈនេះ
រួមជាមួយនឹងការមិនចុះសម្រុងគ្នាយ៉ាងធ្ងន់ធ្ងរថ្មីៗនេះរវាងសហរដ្ឋអាមេរិក
និងសម្ព័ន្ធមិត្តណាតូ ទាក់ទងនឹងចេតនារបស់សហរដ្ឋអាមេរិកដែលចង់បញ្ចូលកោះ ហ្គ្រីនឡែន
ពីប្រទេសដាណឺម៉ាកនោះ បានបង្កឲ្យមានបញ្ហាប្រឈមដ៏ធំធេងសម្រាប់ប្រទេសណាតូនានា
ជាពិសេសសមាជិកប្លុកនេះនៅអឺរ៉ុប។ អគ្គលេខាធិការណាតូ លោក Mark Rutte បានទទួលស្គាល់ថា៖
“សម្រាប់អឺរ៉ុប ប្រសិនបើចង់ធ្វើសកម្មភាពដោយខ្លួនឯង
ហើយសម្រាប់អ្នកណាដែលកំពុងទាមទារប្រការនោះ សូមភ្លេចការបង្កើន ៥%
សម្រាប់ការចំណាយលើការពារជាតិទៅ។ តួរលេខត្រូវតែជា ១០%។
អឺរ៉ុបក៏នឹងត្រូវកសាងសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួនផងដែរ
ហើយប្រការនេះនឹងចំណាយរាប់ពាន់លានអឺរ៉ូទៀត។ សូម្បីតែនៅក្នុងសេណារីយ៉ូនោះ
អឺរ៉ុបនឹងបាត់បង់ការធានាចុងក្រោយសម្រាប់សេរីភាពរបស់ខ្លួន
នោះគឺឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក”។
ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏ធំ
ពីទីក្រុងវ៉ាស៊ីនតោន សមាជិកណាតូដែលនៅសេសសល់កំពុងកសាងយុទ្ធសាស្ត្រថ្មីៗជាបន្ទាន់។
យោងតាមលោក Mark Rutte នាពេលខាងមុខនេះ
សមាជិកណាតូត្រូវផ្តោតលើអាទិភាពសំខាន់ចំនួនពីរ៖ ទីមួយ
ជំរុញខ្លាំងការចំណាយលើការពារជាតិតាមរយៈការបង្កើនថវិកា
និងកសាងផែនការបញ្ជាទិញជាក់លាក់ជាមួយសាជីវកម្មឧស្សាហកម្មការពារជាតិ; ទីពីរ បន្តអនុវត្តន៍គោលនយោបាយដើម្បីរក្សាការសន្យាសន្តិសុខរបស់សហរដ្ឋអាមេរិក
ទោះបីជាមានការមិនពេញចិត្តចំពោះការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកក៏ដោយ។
សម្រាប់សម្ព័ន្ធមិត្តជាច្រើនទៀតរបស់អាមេរិកនៅជុំវិញពិភពលោក
យុទ្ធសាស្ត្រការពារជាតិថ្មីរបស់អាមេរិក ក៏តម្រូវឱ្យពួកគេកែសម្រួលគោលនយោបាយផងដែរ។
នៅអាស៊ី ការដែលសហរដ្ឋ
អាមេរិកវាយតម្លៃថា
កូរ៉េខាងត្បូងឥឡូវនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដើរតួនាទីស្នូល
ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ គឺមានន័យថា
ទីក្រុងសេអ៊ូលនឹងត្រូវតែខ្លួនទីពឹងខ្លួនកាន់តែច្រើន ក្នុងវិស័យការពារជាតិ
ទាំងហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ បញ្ហាប្រឈមនេះមិនមែនជារឿងសាមញ្ញទេ
ក្នុងបរិបទដែលទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូងកំពុងមានការលំបាកជាច្រើន
ជាមួយនឹងឧទាហរណ៍ថ្មីៗបំផុតគឺការដែលលោកដូណាល់ ត្រាំ
បានដំឡើងពន្ធនាំចូលលើកូរ៉េខាងត្បូងពី ១៥% ទៅ ២៥% នាថ្ងៃទី ២៦ ខែមករា
ត្រឹមតែពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួនប៉ុណ្ណោះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម