ក្រឡេកមើលឡើងវិញនូវដំណើរការអភីវឌ្ឍ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ មានមនុស្សតិចណាស់ ដែលអាចស្រមៃបានថា កោះភូក្វឹក ដែលធ្លាប់ជាភូមិនេសាទក្រីក្រ ដាំម្រេច និងធ្វើទឹកត្រី ឥឡូវនេះអាចរីកចម្រើនយ៉ាងខ្លាំង រហូតដល់ក្លាយជាឋានសួគ៌ទេសចរណ៍ លំដាប់ពិភពលោក។ ការផ្លាស់ប្តូរដ៏អស្ចារ្យរបស់កោះ ភូក្វឹក (Phu Quoc) មិនមែនជាលទ្ធផលនៃភាពចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធភាពនៃចក្ខុវិស័យយុទ្ធសាស្ត្រ ការសម្រេចចិត្តដ៏ក្លាហាន និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អាជ្ញាធរ ប្រជាជន និងសាជីវកម្មសេដ្ឋកិច្ចធំៗ។
«កម្លាំងចលករ» មានលក្ខណៈប្រវត្តិសាស្ត្រ ពីសេចក្តីសម្រេចលេខ ១៧៨
និយាយអំពីការផ្លាស់ប្តូរនៅកោះភូក្វឹក (Phu Quoc) ផ្អែកទៅលើមូលដ្ឋានជាច្បាប់ និងភាពសំខាន់បំផុតដែលត្រូវលើកឡើងនូវសេចក្តីសម្រេចលេខ ១៧៨ នាឆ្នាំ ២០០៤ ត្រូវបានអតីតនាយករដ្ឋមន្ត្រី ផានវ៉ាន់ខាយ (Phan Van Khai) ចុះហត្ថលេខា និងអនុម័តលើផែនការមេអភិវឌ្ឍន៍នៃកោះ ភូក្វឹក នៃខេត្តកៀនយ៉ាង (Kien Giang) រហូតដល់ឆ្នាំ ២០១០ និងចក្ខុវិស័យដល់ឆ្នាំ ២០២០។
មុនពេលវេលានោះ កោះភូក្វឹក ស្ទើរតែដាច់ ដោយឡែកទាំងស្រុងពីដីគោក។ លោក ង៉ ថាញ់ភឿក (Ngo Thanh Phuoc) អតីតលេខាគណៈ កម្មាធិការបក្សស្រុក ភូក្វឹក បានរំលឹកឡើងវិញនូវទិដ្ឋភាពដែលប្រជាជន នាពេលនោះ ត្រូវធ្វើដំណើរតាមនាវានេសាទ ឬនាវាដឹកទំនិញចំណាយពេលជិតពេញមួយថ្ងៃ ទើបអាចទៅដល់ទីក្រុងរ៉ាចយ៉ា (Rach Gia)។ ជីវភាពខាងសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើការនេសាទតាមបែបប្រពៃណី ការដាំម្រេច និងការធ្វើទឹកត្រី។ ប្រព័ន្ធដឹកជញ្ជូននៅលើកោះ មានភាពលំបាកយ៉ាងខ្លាំង ដោយសារផ្លូវដីក្រហម បែកភក់ជ្រាំ ក្នុងរដូវភ្លៀង និងរដូវប្រាំងមានហុយធូលីជាច្រើន។
លោក ង្វៀន យុយខាញ់ (Nguyen Duy Khanh) គ្រូបង្រៀននៅវិទ្យាល័យអានថយ (An Thoi) ដែលជាអ្នកបានតាមឪពុកម្តាយមក និងរស់នៅទីនេះ តាំងពីឆ្នាំ ១៩៨៩ នៅតែមានអារម្មណ៍រំភើបចិត្ត នៅពេលរំលឹកដល់អនុស្សាវរីយ៍កាលពីកុមារភាព៖ «ការបានទៅកាន់ទីប្រជុំជន យឿងដុង (Duong Dong) សម្រាប់ខ្ញុំ កាលពេលនោះ មិនខុសពីការទៅកាន់ពិភពលោកផ្សេងទៀតនោះទេ។ ពេលត្រឡប់មកវិញ ខ្ញុំគ្រាន់តែចង់ឲ្យតំបន់ អានថយ (An Thoi) របស់ខ្ញុំ បានអភិវឌ្ឍដូចអញ្ចឹង។ ក្តីប្រាថ្នាដ៏សាមញ្ញនោះ មិននរណាស្មានថា ឥឡូវនេះក្លាយជាការពិត និងថែមទាំងវារីកចម្រើនហួសពីការរំពឹងទុកទៅទៀត»។
សេចក្តីសម្រេចលេខ ១៧៨ គឺជាកូនសោប្រវត្តិសាស្ត្រ ដែលបើកទ្វារដាស់សក្ដានុពលដ៏ធំធេងរបស់កោះនេះ។ ចាប់ពីពេលនេះតទៅ យន្តការ និង គោលនយោបាយអនុគ្រោះផ្សេងៗ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ការផ្លាស់ប្តូរតំបន់ដីធម្មជាតិមួយ ឲ្យក្លាយជា “បេះដូង”នៃការទាក់ទាញ វិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់។
យោងតាមលោកបណ្ឌិត ត្រឹន ហ៊ឹវហៀប (Chan Huu Hiep) អនុប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តាទន្លេ គីវឡុង (Cuu Long) កោះភូក្វឹកមិនមែនផ្លាស់ប្តូរមុខមាត់ ដោយសារតែសេចក្តីសម្រេចតែមួយ ឬគម្រោងតែមួយនោះទេ ប៉ុន្តែវាជាការរួមផ្សំគ្នានៃ «កម្លាំងចលករ ៣ ស្រទាប់ តភ្ជាប់គ្នា៖ គោលនយោបាយ - ហេដ្ឋារចនាសម្ព័ន្ធ - ទីផ្សារ»។
នាឆ្នាំ ២០១៣ នាយករដ្ឋមន្ត្រីបានបន្តចេញសេចក្តីសម្រេចលេខ ៨០ ស្តីពីយន្តការ និងគោលនយោបាយពិសេស សម្រាប់ការអភិវឌ្ឍកោះ ភូក្វឹក រួមមាន ការអនុគ្រោះការវិនិយោគ ការលើកលែងទិដ្ឋាការ និងការគាំទ្រដល់សំណង់សំខាន់ៗ។ នេះត្រូវបានប្រៀបប្រដូចទៅនឹង «ផ្លូវរត់គោលនយោបាយ» ដើម្បីឲ្យកោះមួយនេះអភិវឌ្ឍ។
ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយគ្រាន់តែបង្កើតឱកាសប៉ុណ្ណោះ។ ដោយកិច្ចខិតខំប្រឹងប្រែងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលកម្លាយឱកាសទៅជាសមត្ថភាពអភិវឌ្ឍន៍ជាក់ស្តែង។ របត់ធំមួយបានកើតឡើង នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលបណ្តាញអគ្គិសនីជាតិ រួមមានខ្សែកាបក្រោមបាតសមុទ្រប្រវែងជិត ៦០ គីឡូម៉ែត្រ ឆ្លងកាត់សមុទ្រ ហាទៀន (Ha Tien) - ភូក្វឹក (Phu Quoc) ត្រូវបានបញ្ចប់ជាផ្លូវការ រួមផ្សំជាមួយខ្សែកាបអុបទិក និងព្រឹត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិភូក្វឹក ទទួលជើងហោះហើរអន្តរជាតិដំបូងគេ មកពីប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍នេះបានលុបបំបាត់គម្លាតនៃការដាច់ដោយឡែក ថែកទាំងនាំកោះភូក្វឹក សមាហរណកម្មក្នុងចរន្តនៃការតភ្ជាប់ជាសកល។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនធំៗជាច្រើនបានសម្រុកវិនិយោគនៅទីនេះ។ ក្រុមហ៊ុន Vingroup គ្រុប ជាមួយរមណីយដ្ឋានកម្សាន្ត Vinpearl ដែលស្ថិតនៅតំបន់ខាងជើងនៃកោះនេះ បន្ទាប់មកគឺក្រុមហ៊ុន Sun Group គ្រុប ជាមួយប្រព័ន្ធអេកូឡូស៊ី resort លំដាប់ជាន់ខ្ពស់ ស្ថិតនៅតំបន់ខាងត្បូងនៃកោះនេះ។ ការសង្ស័យដំបូងៗរបស់ប្រជាជន បានជំនួសដោយក្តីមោទនភាពជាបណ្តើរៗ នៅពេលដែលស្រុកកំណើតរបស់ពួកគេបានផ្លាស់ប្តូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។
APEC 2027៖ ការជំរុញដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍
ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតអាចមើលឃើញ នៅក្នុងតំបន់ខាងត្បូងនៃកោះនេះ។ ពីភូមិនេសាទក្រីក្រ ឥឡូវនេះវាបានក្លាយជារមណីយដ្ឋានសម្រាកលំហែកាយ និងកម្សាន្តលំដាប់អន្តរជាតិ។
សំណង់ធំៗ និងនិមិត្តរូបនៃស្ថាបត្យកម្មប្លែកៗ ជាច្រើន បានលេចចេញជារូបរាងឡើង៖ កន្ត្រាកខ្សែកាបបីខ្សែដ៏វែងបំផុត របស់ពិភពលោក ដែលតភ្ជាប់ទីប្រជុំជន អានថើយ (An Thoi) ជាមួយកោះ ហនថើម (Hon Thom) ឧទ្យានធម្មជាតិ Sun World ហនថើម (Hon Thom) តំបន់បុរី Sun Premier Village Primavera ទីប្រជុំជន អស្តង្គត (Sunset Town) ស្ពាន ថើបគ្នា (Kissing) និងកម្មវិធីសិល្បៈកំពូល Kiss The Stars ដ៏អស្ចារ្យ។
លោក ង្វៀន យុយខាញ់ (Nguyen Duy Khanh) បានចែករំលែកនូវមោទនភាពរបស់លោក ខណៈដែលប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរបានប្រមូលផ្តុំគ្នាទៅកាន់តំបន់ខាងត្បួងនៃកោះជារៀងរាល់យប់ ដើម្បីគយគន់ការបាញ់កាំជ្រួចដ៏អស្ចារ្យដែលប្រារព្ធឡើងពេញមួយឆ្នាំ។ ពីតំបន់ក្រីក្រ ឥឡូវនេះ តំបន់ខាងត្បូងនៃកោះ បានក្លាយជាឋានសួគ៌ទេសចរណ៍ឈានមុខគេក្នុងអាស៊ី។
ប្រសិនបើដំណាក់កាលមុន គឺជាដំណើរឆ្ពោះទៅរកការក្លាយជាគោលដៅទេសចរណ៍ ព្រឹត្តិការណ៍ដ៏សំខាន់ នាពេលខាងមុខ កំពុងបើកជំពូកថ្មីមួយសម្រាប់កោះភូក្វឹក នៅលើផែនទីនយោបាយ និងសេដ្ឋកិច្ចពិភពលោក។
លោក ត្រឹន មិញខ័រ (Tran Minh Khoa) ប្រធានគណៈកម្មាធិការប្រជាជនតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក បានមានប្រសាសន៍ថា តំបន់នេះកំពុង
អនុវត្តគម្រោងសំខាន់ៗ ចំនួន ២១ ក្នុងពេលដំណាលគ្នា និងជាបន្ទាន់ ដើម្បីត្រៀមរៀបចំសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC 2027)។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ទ្រង់ទ្រាយធំនេះ នាំមកនូវ «ឱកាសមាស» ដើម្បីលើកកម្ពស់រូបភាពប្រទេស ទាក់ទាញដើមទុនវិនិយោគជាយុទ្ធសាស្ត្រ និងបញ្ជាក់ពីជំហររបស់វៀតណាម នៅលើឆាកអន្តរជាតិ។
គម្រោងទ្រង់ទ្រាយធំ ដូចជា មជ្ឈមណ្ឌលសន្និបាត APEC 2027 និងតំបន់ចំនួនបួន ត្រូវបានគេចាក់ដីលុបសមុទ្រ ដែលមានផ្ទៃដីសរុបជាង ១៦១ ហិកតា កំពុងត្រូវបានបង្កើតឡើងទាំងយប់ទាំងថ្ងៃ ដោយបើកកន្លែងអភិវឌ្ឍន៍ថ្មី សម្រាប់តំបន់សេដ្ឋកិច្ចពិសេស។ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន ឌីញធៀន (Tran Dinh Thien) អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម បានសរសើរយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏ម៉ឺងម៉ាត់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ក៏ដូចជាតួនាទីជាអ្នកឈានមុខគេរបស់សាជីវកម្មឯកជនដូចជា Sun Group ក្នុងការអនុវត្តការងារដ៏ធំសម្បើមនេះ។
ដោយសម្លឹងមើលទៅអនាគត លោកវេជ្ជបណ្ឌិត ត្រឹន ហ៊ឹវហៀប (Tran Huu Hiep) បានសង្កត់ធ្ងន់ថា បន្ទាប់ពី APEC 2027 កត្តាសំខាន់បន្ទាប់គឺអភិបាលកិច្ចល្អ ដើម្បីកោះភូក្វឹក មិនត្រឹមតែអភិវឌ្ឍយ៉ាងរឹងមាំប៉ុណ្ណោះទេ ថែមទាំងធានាលក្ខណៈវិនិច្ឆ័យនៃភាពឆ្លាតវៃ បៃតង បរិយាប័ន្ននិងប្រកបដោយចីរភាពផងដែរ។
ពីកោះធម្មជាតិមួយ ដែលត្រូវបានគេស្គាល់ ដោយការដាំដំណាំម្រេច និងការធ្វើទឹកត្រី កោះភូក្វឹក ឥឡូវនេះបានរីកចម្រើន ដើម្បីក្លាយជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការទៅកាន់ពិភពលោក - ជា ត្បូងដ៏ភ្លឺស្វាង" ដែលបញ្ចេញពន្លឺចែងចាំង នៅក្នុងតំបន់សមុទ្រភាគខាងត្បូងនៃមាតុភូមិ៕
អនុវត្ត៖ កាសែតរូបភាពវៀតណាម



