ថ្នាក់រៀនក្នុងជីវិតប្រចាំថ្ងៃ

ថ្នាក់រៀនក្នុងជីវិតប្រចាំថ្ងៃ

តាំងពីថ្នាក់រៀននៅសាលា រហូតដល់គ្រួសារ និងអនុសង្កាត់​នីមួយៗ "ចលនាអក្ខរកម្មឌីជីថល" កំពុងបង្កើតថ្នាក់រៀន ដោយគ្មានសាលា និងជាកន្លែង​ដែលអ្នក​ចេះ ណែនាំអ្នក​មិនចេះ មនុស្សក្មេងជួ​យ​មនុស្សចាស់​ឱ្យចេះប្រើបច្ចេកវិទ្យា។   ៨០ឆ្នាំ បន្ទាប់​ពី​យុទ្ធនាការបំបាត់អក្ខរកម្ម ស្មារតី​ចែករំលែក​ចំណេះ​ដឹង នៅតែ​បន្តពង្រីក ជួយ​ប្រជាជន​មានទំនុកចិត្ត​ធ្វើសមាហរណកម្ម​ក្នុងជីវិតឌីជីថល។

បណ្តាថ្នាក់រៀនគ្មានជញ្ជាំង   

នៅម៉ោង៧ និង​០០នាទីយប់ ក្នុងផ្ទះមួយនៅសង្កាត់ វ៉ាន់មៀវ -ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) រដ្ឋធានី ហាណូយ ប្អូនប្រុស ង្វៀន មិញ ខុយ (Nguyen Minh Khoi) ​សិស្សថ្នាក់ទី៨ អង្គុយកៀកជីដូនរបស់គាត់ គឺ​លោក យាយ ត្រឹន ធី ធួន (Tran Thi Thuan) អាយុ ៧៤ឆ្នាំ។ គាត់ដាក់​ទូរស័ព្ទ​លើតុ រួចបង្វិល​អេក្រង់​ទៅរក​ជីដូន ហើយនិយាយថា៖ «លោកយាយចុច​ត្រង់នេះ​មុន​»។ លោកយាយ​លើក​ម្រាមដៃ​ឡើង រួចដកមកវិញ។ ដល់​លើកទី ៤ អេក្រង់ទូរស័ព្ទ ក៏បង្ហាញ​ទម្រង់ថ្មី។ យាយនិងចៅប្រុស មើលមុខគ្នា​សើច។

ទិដ្ឋភាពសាមញ្ញនេះ ឆ្លុះបញ្ចាំងពី​លក្ខណៈ​ពិសេស នៃចលនា «អក្ខរកម្មឌីជីថល​» ថ្នាក់រៀន​លែងកំណត់ត្រឹម​ក្នុង​សាលា​​រៀន។ ការរៀនប្រព្រឹត្ត​ទៅ ​ក្នុង​មណ្ឌលវប្បធម៌ ទីស្នាក់ការ​រដ្ឋបាល ផ្សារ ក្រុមទំនាក់ទំនង​របស់អនុសង្កាត់ និងតាមប្រព័ន្ធ​​អនឡាញ​។​ សូម្បីតែ​លើ​តុបាយ​ក្នុងគ្រួសារ​ ក៏អាច​ក្លាយជា​កន្លែង​ចែករំលែកនូវចំណេះដឹងអំពីបច្ចេកវិទ្យា​ដែរ​។

ជាង ៨០ឆ្នាំ បន្ទាប់ពីយុទ្ធនាការបំបាត់អក្ខរកម្ម ស្មារតីចែក​រំលែក​ចំណេះដឹងបានបន្តពង្រីក ជួយ​ប្រជាជនវៀតណាមមាន​ទំនុក​ចិត្ត សម្របខ្លួនចូលក្នុងជីវិតឌីជីថល។ រូបថត៖ កុង​ដាត/ VNP

ក្នុងបណ្តាញសិក្សានេះ សាលារៀនដើរតួនាទីសំខាន់ ​ក្នុង​ការជួយឱ្យសិស្សានុសិស្សចេះ​ប្រើប្រាស់បច្ចេកវិទ្យា តាំង​ពីវ័យ​ក្មេង សិក្សាពីបំណិន​ឌីជីថលជាបណ្តើរៗ​ និងចំណេះ​ដឹងអំពី​ ការការពារខ្លួន ​ក្នុង​បណ្តាញ​អ៊ីនធឺណិត។ នេះក៏ជាមូល​ដ្ឋានគ្រឹះ ដើម្បីសិស្សានុសិស្សធ្វើម្ចាស់បច្ចេកវិទ្យា  ប៉ុន្តែថែមទាំងអាច​ក្លាយ​ជា​អ្នកណែនាំ ចែករំលែកចំណេះដឹងឌីជីថល ជាមួយ​គ្រួសារ និង​សហគមន៍​ផង។

អ្វីដែលចាំបាច់មិនត្រឹមតែការចេះប្រើប្រាស់ឧបករណ៍​ប៉ុណ្ណោះ ប៉ុន្តែថែម​ទាំង​ត្រូវ​ស្គាល់ពី​ហានិភ័យ និងចេះការពារ​ខ្លួនឯង​ផង។ ដុច្នោះ បណ្ដាមេរៀននៅសាលា អាចត្រូវបាន​បន្តចែក​រំលែកដល់​សមាជិកផ្សេងៗក្នុងគ្រួសារ។

ប្អូនប្រុស ខុយ (Khoi) បានរៀបរាប់ថា៖ «​ខ្ញុំបាន​រៀន នៅសាលា​អំពី ​ការហៅទូរស័ព្ទ​ក្លែងបន្លំ​អត្តសញ្ញាណ​” ។ “អ្នកគ្រូប្រាប់ថា ជនខិលខូច​អាចក្លែងបន្លំខ្លួនជាប៉ូលិស ហើយសំណូមពរឲ្យយើង វេរលុយបន្ទាន់។ ខ្ញុំមកផ្ទះ ខ្ញុំ និង​ជម្រាបជូនជីដូន»។ លោក​ស្រី  ធួន (Thuan) បានឱ្យដឹងថា ពីមុន  គាត់​ធ្លាប់​ទទួល​ការ​ហៅទូរស័ព្ទបែបនោះដែរ ប៉ុន្តែ​បច្ចុប្បន្ននេះ គាត់ចេះប្រុង​ប្រយ័ត្ន និងម្ចាស់ការ​បិទ​ទូរស័ព្ទ​ដោយខ្លួនឯង។

 

សិស្សានុសិស្សអនុវិទ្យាល័យ ទ្រឹងវឿង (Trung Vuong) (រដ្ឋធានីហាណូយ) រៀនព័ត៌មានបច្ចេកវិទ្យ ​ពង្រឹង​បំណិន​​ឌីជីថល រួមចំណែកលើកកម្ពស់​សមត្ថភាព​អនុវត្ត​បច្ចេក​វិទ្យា​ក្នុងការ​រៀនសូត្រ​ និងជីវភាពប្រចាំថ្ងៃ។ រូបថត៖ កុងដាត/ VNP
សិស្សានុសិស្សចូលរួមពិធីប្រឡង “អ្នកប្រាជ្ញប្រកួត ចំណេះដឹង ឆ្នាំ២០២៦” លើកុំព្យូទ័រ នៅអនុវិទ្យាល័យ ទ្រឹងវឿង (Trung Vuong) (រដ្ឋធានីហាណូយ)។ រូបថត៖ កុងដាត/ VNP
មន្ត្រី និងបុគ្គលិករដ្ឋ ចូលរួមវគ្គសិក្សា "អក្ខរកម្មឌីជីថល" តាមអ៊ីនធឺណិត នៅលើ​សេវាសាធារណៈ​របស់ក្រសួង​នគរ​បាល ដើម្បីបង្កើនចំណេះដឹង និងបំណិន​ឌីជីថល។ រូបថត៖ កុងដាត/ VNP

ចាប់ពីសិស្សនៅសាលាម្នាក់ រហូតទៅដល់មនុស្សវ័យ​ចំណាស់ ចំណេះដឹងអំពី សុវត្ថិភាព​ឌីជីថល​ត្រូវបានបន្តចែករំលែក តាម​រយៈ​វិធីយ៉ាងជិតស្និទ្ធបំផុត។ សាលា​រៀន​​ផ្តល់បំណិន ​ជូន​កុមារ ​ហើយកុមារទាំងនោះ​បន្តណែនាំ​​ឪពុកម្តាយ ជីដូនជីតា​។ ដូច្នោះ ថ្នាក់រៀននីមួយៗ​ អាចក្លាយជាចំណុចចាប់ផ្តើម នៃ​ថ្នាក់​រៀន​ជាច្រើន​ទៀត ក្នុងសហគមន៍។

នៅសង្កាត់ ងៀដូ (Nghia Do) រដ្ឋធានីហាណូយ ការផ្សព្វ​ផ្សាយ និងបណ្តុះបណ្តាលបំណិនឌីជីថល​ ត្រូវបាន​អនុវត្ត​ ក្នុង​សហគមន៍។ បងស្រី លេ ធី មិញ ធើម (Le Thi Minh Thom) មន្ត្រីទទួលបន្ទុកវិស័យវប្បធម៌នៃសង្កាត់នេះ បាន​ណែនាំអំពី​របៀប​ ដែល​អនុសង្កាត់ទាំង ៥០ ប្រើប្រាស់​ក្រុមទំនាក់ទំនង​តាមអន​ឡាញ រួមផ្សំនឹងកម្មវិធី iHanoi ដើម្បី​តំណភ្ជាប់​ប្រជាជន និង​អាជ្ញាធរ​ទីក្រុង​។

ព័ត៌មាន ឯកសារ និងចំណេះដឹងជាក់ស្តែង​ បាន​ចែករំលែក ​តាមរយៈបណ្ដាក្រុម។ ប្រជាជនអាចរាយការណ៍អំពី បញ្ហា​នានា នៅ​ក្នុង​តំបន់ប្រជាជន ទទួលព័ត៌មាន ពិភាក្សា​ និង​ផ្លាស់ប្តូរ​​ជាមួយអាជ្ញាធរ បានងាយស្រួលជាង។ ការផ្សាយ​ផ្ទាល់​ នូវទាំង​​ការ​​ណែនាំ​ពាណិជ្ជករ ​ ម្ចាស់​អាជីវកម្ម​ខ្នាតតូច​អំពី​​​​​ ការលក់​ទំនិញតាមអនឡាញ និង​ផ្សព្វផ្សាយ​ចំណេះដឹងស្តីពី ការបង្ការ និងពន្លត់​អគ្គិភ័យ​ផង​។

បណ្ដាឧទាហរណ៍ទាំងនេះសឲ្យឃើញថា បំណិនឌីជីថល​មិន​មែន​ត្រឹមតែ​បម្រើការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះ។ នៅពេល​ប្រជាជន​ចេះប្រើប្រាស់ និងទាញយក​អត្ថប្រយោជន៍​ពីវេទិកា​ឌីជីថល ពួកគេក៏មានលទ្ធភាព​កាន់តែប្រសើរ ក្នុង​ការចូលរួម​សកម្មភាពសហគមន៍ បំពេញនីតិវិធីរដ្ឋបាល និង​អភិវឌ្ឍ​ការងារ​រកស៊ី​ និង​ចិញ្ចឹម​ជីវិតផង។

សិស្សានុសិស្សមកពីសាលាបឋមសិក្សា ថាយធិញ (Thai Thinh) អនុវិទ្យាល័យ ថាយធិញ (Thai Thinh) អនុវិទ្យាល័យ ដុងដា (Dong Da) និងអនុវិទ្យាល័យ សាដាន (Xa Dan) (រដ្ឋធានីហាណូយ) ចូលរួមការប្រកួត Robotics ក្នុងក្របខណ្ឌ​នៃពិធីបុណ្យបរិវត្តកម្មឌីជីថល នៅសង្កាត់ ដុង​ដា (Dong Da) ឆ្នាំ២០២៦។ រូបថត៖ កុងដាត/ VNP

ចលនាផ្តោតលើបួនក្រុមមានសមត្ថភាពចាំបាច់។ ទីមួយ គឺការ​ប្រើ​ប្រាស់អត្តសញ្ញាណឌីជីថល ផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ​ប្រាស់​​​សេវានានា ​នៅលើវេទិកាឌីជីថល ដូចជា​កម្មវិធី VNeID។ ទីពីរ គឺការពារខ្លួន ពីការឆបោកតាម អនឡាញ ចេះ​ការ​ពារ​ទិន្នន័យផ្ទាល់ខ្លួន និងបែងចែក​ព័ត៌មានពិត និងព័ត៌មាន​ក្លែងក្លាយ។ ទីបី គឺប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ ​ពីការ​ទទួល​ព័ត៌មាន​​ រហូតដល់ការដាក់ស្នើមតិ​យោបល់ និង​ប្រើ​ប្រាស់​​សេវាសាធារណៈ។ ទីបួន គឺអនុវត្ត​បច្ចេកវិទ្យាចូលក្នុង​ជីវិត​ប្រចាំថ្ងៃ ជាពិសេសគឺ​ការធ្វើអាជីវកម្ម តាមអនឡាញ និង​ការ​បំពេញកាតព្វកិច្ចបង់ពន្ធតាម​bញ្ញត្តិ​។

ដល់ឆ្នាំ២០២៦ វៀតណាម​បាន​កំណត់គោលដៅសម្រេច បំណិន​​ឌីជីថលជូនមន្ត្រី បុគ្គលិកសាធារណៈ និយោជិត ពលករ​ក្នុង​វិស័យ​សាធារណៈ សិស្សានុសិស្សពីកម្រិត​បឋម​សិក្សា មនុស្សពេញវ័យ និងពលករធ្វើ​ការ ​​ក្នុងសហគ្រាស សហករណ៍​។ ក្នុងនោះ ប្រជាជន​​ពេញវ័យ​ចំនួន ៦០លាននាក់ ​ត្រូវបានរំពឹងថា នឹងត្រូវបានបញ្ជាក់នូវការបំពេញចំណេះ​ដឹងអំពី បរិវត្តកម្ម​ឌីជីថល និងបំណិនឌីជីថល តាមរយៈកម្មវិធី VNeID។

វេទិកាសិក្សាតាមអនឡាញ បាន​បើក​តាមទ្រង់ទ្រាយធំ​ថ្នាក់​ជាតិ ត្រូវបានដាក់ឱ្យដំណើរការ ចាប់ពីខែមេសា ឆ្នាំ២០២៥​។ មកដល់បច្ចុប្បន្ន ចំនួនអ្នកសិក្សា​បានកើន​ឡើងជាង ២ លាន​នាក់។ ការសិក្សា​តាមអនឡាញ បានពង្រីកឱកាស​ទទួលបាន​ចំណេះដឹង ខណៈពេលក្រុមគាំទ្រ​ នៅតាមមូលដ្ឋាន ​ជួយ​ប្រជា​ជន​ ​អនុវត្តយ៉ាងជាក់ស្តែង និង​ដោះស្រាយ​​បញ្ហាប្រឈម​នានា ។

ពីចលនាអក្ខរកម្មឌីជីថល ឆ្ពោះទៅរកពលរដ្ឋឌីជីថល

នៅសង្កាត់ វ៉ាន់មៀវ -ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam)  រដ្ឋធានី ហាណូយ​ (Ha Noi) លោក កាវ ក្វាង ទ្វៀន (Cao Quang Tuyen) អាយុ ៦១ឆ្នាំ អតីតយុទ្ធជន និង ជា ប្រធានអនុសង្កាត់លេខ ២៨ តែងតែមក​ផ្ទះ​របស់ប្រជាជន ម្នាក់ៗ ជារៀងរាល់ល្ងាចថ្ងៃអង្គារ និងថ្ងៃសុក្រ ដើម្បីណែនាំ​។ លោកបាន​កត់ត្រា​ក្នុងសៀវភៅតូច នូវគ្រួសារ ដែលបាន​ណែនាំ​រួច និងករណីដែលត្រូវណែនាំ​បន្ត។ លោក ទ្វៀន (Tuyen) បានចែករំលែកថា៖ «ខ្ញុំមិនសូវស្ទាត់ជំនាញ ​ដូច​ពួកក្មេងៗ ប៉ុន្តែខ្ញុំដឹងថា ផ្ទះ​ណាខ្លះ​មានមនុស្សចាស់​ រស់នៅ​​ម្នាក់​ឯង»។

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ទីដែលលោក​ចូលរួម មានសមាជិកជាយុវជនស្ម័គ្រចិត្ត គ្រូបង្រៀន​ចូលនិវត្តន៍ សមាជិកនៃសមាគមនារី និងកងកម្លាំង​នគរបាល។ ពួកគេ​មិនចាំបាច់ជាអ្នកជំនាញ​ខាង​បច្ចេកវិទ្យា ប៉ុន្តែ​ពួកគេ​អាចណែ​នាំ​អ្នកនៅជុំវិញ ដោយចំណេះដឹង និងបទពិសោធន៍​របស់ខ្លួន។ ភាពជិតស្និទ្ធជួយឲ្យការរៀនសូត្រ​កាត់បន្ថយគម្លាត ​ជាពិសេស​​គឺមនុស្សចាស់ ឬអ្នកដែលមាន​ឱកាសតិចតួច ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា ។

មនុស្សចាស់នៅមជ្ឈមណ្ឌលចិញ្ចឹម និងបីបាច់ ថែរក្សា​មនុស្សមានសគុណ មណ្ឌលលេខ ១ ហាណូយ បានណែនាំអំពី​ របៀប​ប្រើប្រាស់កម្មវិធី VNeID និងកម្មវិធី​បញ្ញាសិប្បនិម្មិត (AI) រួមចំណែកលើកកម្ពស់បំណិន​ឌីជីថល​ក្នុងជីវិភាព។ រូបថត៖ កុងដាត/ VNP

ធ្វើបែបនេះរំឭកឱ្យនឹកដល់ចលនាបំបាត់អក្ខរកម្ម ដែលត្រូវបាន​អនុវត្ត​នៅប្រទេសវៀតណាម បន្ទាប់ពីប្រទេស​ឯករាជ្យ នៅឆ្នាំ ១៩៤៥។ នាខែកញ្ញា ឆ្នាំ១៩៤៥ ប្រជាជនវៀតណាមជាង ៩០% មិនចេះអាន និងសរសេរ។ ក្នុង​ស្ថានភាព​នោះ ចលនា​នាំការរៀនសូត្រ​ទៅកាន់​ទីកន្លែង ​ដែលជាជិតស្និទ្ធនឹង​ប្រជាជន​ ដូចជា ទីធ្លាសាលាភូមិ ក្រោមដើមពោធិ៍ និង​នៅ​ផ្សារ។ អ្នកចេះ​អក្សរ​បង្រៀន​អ្នក​មិនចេះអក្សរ គៀងគរ​កម្លាំងរបស់ប្រជាជន ដើម្បី​លុបបំបាត់អនក្ខរភាពជាបណ្តើរៗ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ចលនា «អក្ខរកម្ម​ឌីជីថល» ត្រូវបានបំផុស ​នៅ​សាកលវិទ្យាល័យពហុបច្ចេកទេស​ហា​ណូយ ​ដោយ​ផ្សារ​ភ្ជាប់ជាមួយការ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ 57-NQ/TW បានចុះ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៤ របស់ការិយាល័យនយោបាយ ស្តីពី​ការលោតផ្លោះ អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការ​ធ្វើបរិវត្តកម្ម​ឌីជីថល​ថ្នាក់ជាតិ។

ថ្នាក់រៀន "បង្កើនសមត្ថភាពឌីជីថល និងបំណិនអាជីវកម្ម សម្រាប់​ជនពិការភ្នែកនៅវៀតណាម" ដែលរៀបចំដោយ​មជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ត្រី ស្តារនីតិសម្បទាសម្រាប់​ជន​ពិការ​ភ្នែក នៃ​សមាគមជនពិការភ្នែកវៀតណាម​រៀបចំនៅ​រដ្ឋធានី ហាណូយ។ រូបថត៖ តាតសើន / VNP

ការបន្តវេនមិនមែនត្រឹមតែស្ថិតនៅឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​ថែមទាំង​​ស្ថិត​នៅលើការរៀបចំ នាំយក​ចំណេះដឹង​ឱ្យ​កាន់​តែ​ជិត​ប្រជាជន ឆ្លៀតយក​ធនធាន​ដែលមានស្រាប់ និងលើក​ទឹកចិត្ត​ឱ្យ​មនុស្ស​ម្នាក់ៗ​ ក្លាយជាអ្នកណែនាំ​អ្នក​ដទៃ។ ប្រសិន​បើ​ចលនា​​​កាល​ពីមុន​ បាន​ជួយប្រជាជនចេះអាន និងចេះ​សរសេរ ចលនា នា​ពេល​បច្ចុប្បន្ន​បំពាក់បំណិន​​ឌីជីថល ដើម្បី​ឱ្យពួកគេ​​រៀនសូត្រ ធ្វើការ និងអនុវត្តសិទ្ធិ កាតព្វកិច្ច​ក្នុង​បរិស្ថានឌីជីថល។

ចំណុចគួរឱ្យកត់សម្គាល់ គឺការផ្ទេរចំណេះ​ដឹង​រវាងជំនាន់​នីមួយ។ កាលពីមុន មនុស្សចាស់អ្នកចេះអក្សរ តែងបង្រៀន​មនុស្សចាស់ៗ​មិន​ចេះអក្សរ។ បច្ចុប្បន្ននេះ សិស្សក្មេងដូចជា ប្អូនប្រុស ខុយ (Khoi) អាចណែនាំជីដូនជីតា​ប្រើប្រាស់​ទូរស័ព្ទដៃ ចេះស្គាល់ការឆបោកអនឡាញ និង​ប្រើ​ប្រាស់​សេវា​កម្មអនឡាញ។ មនុស្សចាស់ផ្សេងទៀត ក៏ទទួលបានការ​ជួយ​ណែនាំ​ ពីប្រធានក្រុមអនុសង្កាត់ និង​សមាជិក​នៃ​ក្រុម​បច្ចេកវិទ្យា​ឌីជីថលសហគមន៍វិញ។

កម្មវិធី livestream នៅក្នុងសង្កាត់ ងៀដូ (Nghia Do) (រដ្ឋធានីហាណូយ) ណែនាំ និងគាំទ្រ​ពាណិជ្ជករ និងសហ​គ្រាស​ខ្នាតតូច និងមធ្យម អនុវត្តវេទិកាឌីជីថល ​ក្នុងសកម្មភាព​អាជីវកម្ម។ រូបថត៖ កុងដាត/ VNP
 

ធ្វើរបៀបនេះជួយពង្រីកកម្លាំងចូលរួម ក្នុង​ការបណ្តុះ​បណ្តាល​បំណិន​​ឌីជីថល ឃ្លាតឆ្ងាយពីក្របខណ្ឌកងជួរគ្រូបង្រៀន ឬអ្នក​ជំ​នាញបច្ចេកវិទ្យា​។ ជំនួសឱ្យការ​ពឹង​ផ្អែក​តែលើ​វគ្គបណ្តុះ​បណ្តាល​ប្រមូលផ្ដុំ  ចំណេះដឹងត្រូវបានចែករំលែក តាមរយៈ​ទំនាក់ទំនង​មានស្រាប់ក្នុងគ្រួសារ និង​សហគមន៍​​។

គោលដៅចុងក្រោយ មិនមែនគ្រាន់តែចំនួនមនុស្ស ដែលបាន​បញ្ចប់វគ្គសិក្សា ឬចេះប្រើប្រាស់កម្មវិធីណាមួយ។ អ្វីដែល​សំខាន់​ជាងនេះ គឺប្រជាជនអាច​យកបំណិន​ឌីជីថល​ ទៅប្រើ​ប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ចេះការពារព័ត៌មាន​ផ្ទាល់ខ្លួន អាច​ប្រើ​សេវាសាធារណៈ ស្វែងរកព័ត៌មាន​​គួរ​ទុកចិត្ត និងម្ចាស់ការ​ជាង​ក្នុងការងារប្រចាំថ្ងៃ។

ប្រជាជនត្រូវបានណែនាំ​របៀបប្រើប្រាស់ម៉ាស៊ីន​ចាប់​លេខ​រៀង នៅសាខាលេខ ៣ នៃមជ្ឈមណ្ឌលបម្រើ​សេវា​កម្ម​រដ្ឋបាលសាធារណៈទីក្រុងហាណូយ។ រូបថត៖ កុងដាត/ VNP
ប្រជាជនធ្វើប្រតិបត្តិការ បំពេញឯកសារ និង​ទទួល​ការ​គាំទ្រ​ដោះស្រាយនីតិវិធី​រដ្ឋបាល​ នៅ​សាខាលេខ​ ៣ មជ្ឈមណ្ឌល​បម្រើសេ​វាកម្ម​រដ្ឋបាល​សាធារណៈ​ទីក្រុងហា​ណូយ។ រូបថត៖ កុងដាត/ VNP

ឥឡូវនេះ លោកស្រី ធួន (Thuan) អាចអង្គុយ​ម្នាក់ឯង​នៅលើរានហាល បើកទូរស័ព្ទ ឆេកមើល​កាលវិភាគ​ពិនិត្យ​សុខ​ភាព រួចបិទទូរស័ព្ទ ដោយមិនចាំបាច់ចៅខុយ (Khoi) នៅអង្គុយក្បែរឡើយ។ កាយវិការ​តូចមួយ​​ ប៉ុន្តែបង្ហាញយ៉ាង​ច្បាស់​ពី​អត្ថន័យនៃ​​បណ្តុះបណ្តាល​​បំណិនឌីជីថល ​ជួយ​ឱ្យ​មនុស្ស​ម្នាក់ៗ មានទំនុកចិត្តជាង ម្ចាស់ការជាង និងមាន​សមត្ថភាព​​សម្របខ្លួន​ទៅនឹងការផ្លាស់ប្តូរសង្គមបន្ថែមទៀត។

​ពីចលនាបំបាត់អក្ខរកម្ម រហូតដល់ចលនាអក្ខរកម្មឌីជីថល ស្មារតី​ស្នូល​ គឺការនាំយកចំណេះដឹង ទៅដល់មនុស្សគ្រប់រូប។ ក្នុង​យុគសម័យ​ឌីជីថល នៅពេលដែលមនុស្សម្នាក់ៗ​ ចេះធ្វើជា​អ្នកណែនាំអ្នកដទៃ គ្រួសារ និងសហគមន៍ មិនត្រឹមតែជាកន្លែង​ទទួលយក​បច្ចេកវិទ្យា​ប៉ុណ្ណោះ ប៉ុន្តែថែមទាំងជាកម្លាំង​ចូលរួម​នាំយកបច្ចេកវិទ្យាឱ្យកាន់តែជិតនឹងប្រជាជនទូទាំងប្រទេស ផង៕

អត្ថបទ៖ ហ័ងទ្វេញី - រូបថត៖  កុងដាត តាតសឺន / VNP



Top